
ស្របពេលលោក ថាច់ សេដ្ឋា ត្រូវបានឃាត់ខ្លួនពីសំណាក់កម្លាំងសមត្ថកិច្ច តាមបញ្ជារបស់ចៅក្រមស៊ើបសួរ កាលពីប៉ុន្មានថ្ងៃកន្លងទៅនោះ សេចក្ដីថ្លែងការណ៍មួយសន្លឹក ដែលបង្ហាញថា គណបក្សភ្លើងទៀន គាំទ្រការចាប់ខ្លួនលោក ថាច់ សេដ្ឋា ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ម្នាក់។ ការបង្ហោះនូវសេចក្តីថ្លែងការណ៍បែបនេះ ត្រូវបានទទួលបានការចែកចាយ និងប្រតិកម្មជាច្រើនយ៉ាងផុសផុល។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងដែលអ្នកប្រើប្រាស់ហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញពីសេចក្ដីថ្លែងការណ៍មួយ ដែលមានត្រារបស់គណបក្សភ្លើងទៀន។ សេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា ដែលជាអនុប្រធានរបស់គណបក្សភ្លើងទៀននោះ គឺជារឿងត្រឹមត្រូវ និងមិនពាក់ព័ន្ធទៅនឹងនយោបាយឡើយ។ ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ការចាប់ខ្លួនលោក សេដ្ឋា ជារឿងត្រឹមត្រូវ!»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើ តាមរយៈសេចក្ដីថ្លែងការណ៍ចេញដោយគណបក្សភ្លើងទៀន ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ គណបក្សភ្លើងទៀន ផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ បានបង្ហាញ និងបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការចាប់ខ្លួនរបស់លោក ថាច់ សេដ្ឋា កាលពីថ្ងៃទី១៦ ខែមករាកន្លងទៅ គឺជារឿងនយោបាយ និងជារូបភាពនៃការគំរាមកំហែង។ គណបក្សភ្លើងទៀន ក៏បានថ្កោលទោសចំពោះអាជ្ញាធរក្រុងភ្នំពេញផងដែរ ចំពោះការចាប់ខ្លួនរបស់លោក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានសរសេររៀបរាប់ថា «សេចក្ដីថ្លែងការណ៍ ជុំវិញការចាប់ និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្ស ភ្លើងទៀន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ»។

ករណីខាងលើនេះ ក៏ត្រូវបានផ្សព្វផ្សាយផងដែរ នៅលើគេហទំព័រសារព័ត៌មាន VOD កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ដែលបានសរសេរបញ្ជាក់ថា «បក្សភ្លើងទៀន៖ សេចក្ដីថ្លែងការណ៍ដែលថាការចាប់ខ្លួនលោក ថាច់ សេដ្ឋា មិនពាក់ព័ន្ធរឿងនយោបាយនោះ ជាសេចក្ដីថ្លែងការណ៍ក្លែងក្លាយ»។

VOD News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថត និងការលើកឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ការពិតសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន បានបញ្ជាក់ថាការចាប់ខ្លួនរបស់លោក ថាច់ សេដ្ឋា កាលពីថ្ងៃទី១៦ ខែមករាកន្លងទៅ គឺជារឿងនយោបាយ និងជារូបភាពនៃការគំរាមកំហែង។

Title:សេចក្ដីថ្លែងការណ៍ក្លែងក្លាយមួយអះអាងថា បក្សប្រឆាំងគាំទ្រការចាប់ខ្លួនអនុប្រធានបក្សភ្លើងទៀន
Fact Check By: Kakada SimResult: False
