រូបថតផ្លូវ Lombard ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ត្រូវបានកាត់តឱ្យមានរូបរាងបត់ឡើងលើខ្លាំង
រូបថតមួយសន្លឹកដែលបង្ហាញពីផ្លូវបត់បែនកោងខ្លាំងឡើងទីទួលខ្ពស់នៅក្នុងទីក្រុងមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះ។ រូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះភ្ជាប់ជាមួយសំណេររៀបរាប់ថា វាជាទិដ្ឋភាពផ្លូវមួយនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រនៀ សហរដ្ឋអាមេរិក។ រូបថតមួយសន្លឹកនេះទទួលបានការចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ហើយក៏បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនជឿថា ជាការពិតផងដែរ។ ទោះជាយ៉ាងណា តាមរយៈ Google Reverse Image Search យើងរកឃើញថា រូបថតនេះ ត្រូវបានកាត់តដោយកម្មវិធីកុំព្យូទ័រ។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញផ្លូវមួយខ្សែបត់កោងឡើងលើដូចឡើងកូនភ្នំមួយនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យមានការចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍កន្លងមកនេះ។
ទំព័រហ្វេសប៊ុក Explore California ដែលបានបង្ហោះរូបថតមួយសន្លឹកនេះ បានសសេររៀបរាប់ថា ទិដ្ឋភាពផ្លូវកោងបត់បែនឡើងលើកូនភ្នំបែបនេះ គឺស្ថិតនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ក្នុងរដ្ឋកាលីហ្វ័រនៀ ក្នុងប្រទេសសហរដ្ឋអាមេរិក។
រូបថតរួមជាមួយសំណេរបែបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ច្រឡំ និងជឿថា ផ្លូវមួយខ្សែនេះមានលក្ខណៈកោងបត់បែនឡើងលើកូនភ្នំមួយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើដែលសរសេររៀបរាប់ជាភាសាអង់គ្លេសថា «San Francisco, California» ឬមានន័យជាភាសាខ្មែរថា «ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រនៀ»។
រូបថតដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតផងដែរ។ សូមមើលនៅទីនេះ ឬនៅទីនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ការដំណើរការ Google Reverse Image Search បាននាំឱ្យយើងដឹងថា ផ្លូវបត់បែនដូចនៅក្នុងរូបថតនេះ គឺជាដងវិថី Lombard ស្ថិតនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វ័រនៀ ប៉ុន្តែ ផ្លូវមួយនេះមិនមានលក្ខណៈចោទខ្លាំងដូចក្នុងរូបថតដែលត្រូវបានរៀបរាប់ខាងលើនោះឡើយ។
រូបថតនៅក្នុង Getty Images ដែលជាគេហទំព័រសោទស្សន៍ដ៏ធំរបស់អាមេរិក បានបង្ហាញឱ្យឃើញផ្លូវ Lombard មានលក្ខណៈរៀបស្មើ ហើយចុងម្ខាងនៃផ្លូវនេះ មានលក្ខណៈបត់បែនច្រើន និងឡើងទីជម្រាលមួយ។
រូបថតជាច្រើនទៀតដែលយើងបានរកឃើញនៅតាមបណ្ដាគេហទំព័រសោតទស្សន៍ដទៃទៀត សុទ្ធតែបង្ហាញឱ្យឃើញវិថី Lombard គ្រាន់តែបត់បែនឡើងជម្រាលបន្តិចប៉ុណ្ណោះ ពោលគឺមិនមែនឡើងទីជម្រាលខ្លាំងនោះឡើយ។ សូមមើលរូបថតទាំងនោះតាមរយៈតំណភ្ជាប់នៅទីនេះ ឬនៅទីនេះ។
ក្រៅពីរូបថតដែលបង្ហាញនូវលក្ខណៈរបស់ផ្លូវមួយខ្សែនេះ យើងក៏បានរកឃើញវីដេអូដែលបង្ហាញឱ្យឃើញរថយន្តត្រូវបានបើកបរឆ្លងកាត់ផ្លូវបត់បែនមួយដែរ។
ខាងក្រោមនេះ គឺជាវីដេអូនៅក្នុងឆានែល YouTube មួយឈ្មោះថា Mike’s Road Trip កាលពី ១ឆ្នាំមុន ដែលបង្ហាញយានយន្តត្រូវបានបើកបរនៅលើផ្លូវជម្រាលបត់បែនមួយនេះ។
ដោយសារតែផ្លូវមួយខ្សែនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើននោះ វាក៏ទាក់ទាញអ្នកបង្កើតមាតិកានៅលើបណ្ដាញសង្គមជាច្រើន ឱ្យផលិតជាវីដេអូបង្ហាញផ្លូវមួយនេះផងដែរ។
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតដែលត្រូវបានកាត់តឱ្យមើលឃើញផ្លូវបត់បែនឡើងទីទួលខ្ពស់ និងរូបថតមួយជ្រុងនៃផ្លូវ Lombard ដែលយើងបានរកឃើញនៅក្នុងគេហទំព័ររូបថត iStock។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដូចដែលត្រូវបានរៀបរាប់ខាងលើនេះ ត្រូវបានកាត់តដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រ។ ទិដ្ឋភាពជាក់ស្ដែងនៃផ្លូវ Lombard នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ មិនមានលក្ខណៈឡើងទីជម្រាលខ្ពស់ខ្លាំងស្ទើតែមុំ ៩០ដឺក្រេងនោះឡើយ។ ផ្លូវ Lombard នេះ មានលក្ខណៈបត់បែនឡើងទីជម្រាលល្មមដែលអាចឱ្យរថយន្តបើកបរឆ្លងកាត់បាន។
Title: រូបថតផ្លូវ Lombard ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ត្រូវបានកាត់តឱ្យមានរូបរាងបត់ឡើងលើខ្លាំង
Fact Check By: Jay UdomResult: Altered