ខណៈ​ដែល​ព្រៃឡង់​កំពុង​រង​ការ​គំរាម​កំហែង​ដោយសារ​ការ​កាប់​ព្រៃឈើ​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​ស្វា​ធំ​ប្រលែង​លេង​ជាមួយ​មនុស្ស​មួយ​ក្រុម ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា សត្វ​កម្រ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃឡង់​របស់​កម្ពុជា។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ជាច្រើន​ជឿ​តាម​ការ​អះអាង​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​មួយ​​មាន​រយៈ​ពេល​ជាង ១​នាទី​ដែល​បង្ហាញ​ស្វា​ហ្កូរីឡា​ដ៏​ធំ​ទទួល​ចំណី​ពី​មនុស្ស ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា ស្វា​នោះ​រស់​នៅ​តំបន់​ព្រៃឡង់​ដែល​ជា​ដែន​ជម្រក​សត្វ​ព្រៃ​ដ៏​ធំ​មួយ​​របស់​ប្រទេស​កម្ពុជា។

វីដេអូ​មួយ​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​​ដល់​ទៅ​រាប់​រយ​ពាន់​ដង និង​មតិ​យោបល់​ចម្រុះ​បែប​យ៉ាង​ច្រើន បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​នៅ​លើ​បណ្ដាញ​សង្គម TikTok ដែល​មាន​សំណេរ​ថា “នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង​ នៅ​បឹង​ព្រៃឡង់ in Cambodia”។

TikTok | Archived Link

វីដេអូ​ដូច​គ្នា​នេះ ក៏ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ២​ពាន់​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ​យោបល់​ដ៏​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ការ​អះអាង​នោះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា “ប្រភព​ពី TikTok មិន​ដឹង​ជា​នៅ​បរទេស ឬ​ក៏​នៅ​ស្រុក​ខ្មែរ​យើង​ទេ បើសិន​ជា​មាន​នៅ​ស្រុក​ខ្មែរ​យើង​មិន​ជា​ល្អ​យ៉ាង​ណា​ទេ”។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈ​​ការ​ដំណើរការ​ផ្ទៀង​ផ្ទាត់​ដោយ Google Reverse Image Search និង​ការ​សម្ភាស​ប្រភព​ពាក់​ព័ន្ធ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ដូច​គ្នា​ទាំង​ស្រុង​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បណ្ដាញ​សង្គម TikTok ដែល​បង្ហោះ​ដោយ​គណនី​អ្នក​ប្រើ​ប្រាស់​ TikTok ឈ្មោះ Deux Nuits Avec កាល​ពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០២៣​កន្លង​មក​នេះ។ Deux Nuits Avec គឺ​ជាបណ្ដាញ​សង្គម​របស់​អ្នក​បង្កើត​មាតិកា​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម។

សំណេរ​របស់​គណនី​អ្នក​ប្រើ​ប្រាស់ TikTok ភ្ជាប់​ជាមួយ​វីដេអូ​នេះ បាន​បញ្ជាក់​ថា ស្វា​ធំ Gorilla នៅ​ក្នុង​វីដេអូ​នេះ ស្ថិត​នៅ​ក្នុង​សាធារណរដ្ឋ​កុងហ្កូ (កុំ​ច្រឡំ Republic of Congo និង​ប្រទេស​មួយ​ទៀត​ឈ្មោះ​ថា Democratic Republic of Congo ឬ​ហៅ​ខ្លីថា DR Congo) ជា​ប្រទេស​​មួយ​ស្ថិត​នៅ​តំបន់​កណ្ដាល​នៃ​ទ្វីប​អាហ្វ្រិក។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម TikTok កាល​ពីថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា “Gorilla in Congo” ហើយ​បញ្ជាក់​ទីតាំង​នៅ​រដ្ឋ​ធានី Brazzaville ដែល​ជា​រដ្ឋធានី​របស់​សាធារណរដ្ឋ​កុងហ្កូ។

TikTok Post | Archived Link

ក្រៅ​ពី​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Instagram កាល​ពី​​ខែ​តុលា ឆ្នាំ​២០២២ ដោយ​គណនីឈ្មោះ Deux Nuits Avec ដែល​បង្ហោះ​វីដេអូ​ជាមួ​សំណេរ​រៀបរាប់​ជា​ភាសា​បារាំង។

​សំណេរ​ជា​ភាសា​បារាំង​របស់​អ្នក​ប្រើ​ប្រាស់ Instagram ដដែល​នេះ បាន​បញ្ជាក់​ថា គាត់​បាន​ថត​វីដេអូ​ស្វា​ធំ Gorilla នេះ​ដោយ​ផ្ទាល់​នៅ​សាធារណរដ្ឋ​កុងហ្កូ នៅ​ពេល​គាត់​ធ្វើ​ដំណើរ​ទេសចរណ៍​ទស្សនា​ស្វា​ធំ Gorilla នៅ​តំបន់​ជម្រក​សត្វ​ព្រៃ​មួយ។

​សំណេររ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ស្វា​ធំ Gorilla នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​គេ​នាំ​យក​ពី​ឧទ្យាន​ថែ​រក្សា​សត្វ​នៅ​អង់គ្លេស ឱ្យ​ទៅ​រស់នៅ​តាម​ធម្មជាតិ​នៅ​តំបន់​ការពារ​សត្វ​ព្រៃ​ក្នុង​ប្រទេស​សាធារណរដ្ឋ​កុងហ្កូ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​បង្ហោះ​លើ​ Instagram ដោយ Deux Nuits Avec កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២២​កន្លង​មក។

Instagram Post | Archived Link

​សំណេរ​ខាង​លើ បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ប្រើ​ប្រាស់ Instagram រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ស្វា​ធំ Gorilla នៅ​សាធារណរដ្ឋ​កុងហ្កូ​តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍ Lawanda Tours & Adventure។

ឆ្លើយ​តប​មក​កាន់ Fact Crescendo Cambodia តាមរយៈ​​ប្រព័ន្ធ​ផ្ញើ​សារ​ WhatsApp ​នៅ​ថ្ងៃ​នេះ សហ​ស្ថាបនិក​ក្រុមហ៊ុន​ទេសចរណ៍ Lawanda Tours & Adventure លោក Gilles Mpion បាន​បញ្ជាក់​ថា ស្វា​ធំ Gorilla នៅ​ក្នុង​វីដេអូ​នោះ ពិត​ជា​ស្វា​ធំ​ Gorilla នៅ​ក្នុង​ប្រទេស​របស់​លោក។

លោក Gilles Mpion បាន​ឱ្យ​ដឹង​ទៀត​ថា ស្វាធំ Gorilla នេះ កំពុង​រស់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ Lesio Louna Wildlife Reserve។ ដែន​ជម្រក​សត្វ​ព្រៃ​មាន​ទំហំ​ ៤៤០​គីឡូ​ម៉ែត្រ​ក្រឡា​នេះ ដែល​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ជើង​សាធារណរដ្ឋ​​កុងហ្កូ​នោះ ត្រូវបាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ក្នុង​គោល​បំណង​ការពារ​ស្វា​ធំ Gorilla។

លោក Gilles Mpion បញ្ជាក់​ទៀត​ថា លោក​ផ្ទាល់​ជា​អ្នក​ជូន​អ្នក​បង្កើត​មាតិកា Deux Nuits Avec ទៅ​ទស្សនា​ស្វា​ធំ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ Lesio Louna Wildlife Reserve កាល​ពី​ខែ​តុលា ឆ្នាំ​២០២២​កន្លង​មក។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​របស់​​​លោក Gilles Mpion និង​អ្នក​បង្កើត​មាតិកា​អនឡាញ Deux Nuits Avec ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ក្រុមហ៊ុន Lawanda Tours & Adventure កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២២។

Facebook Post

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ប៉ុន្មាន​វិនាទី​ដែល​បង្ហាញ​​ស្វា​ធំ Gorilla ធ្វើ​សកម្មភាព​តប​នឹង​មនុស្ស​មួយ​ក្រុម​នេះ មិន​មែន​ថត​នៅ​ក្នុង​តំបន់​ព្រៃឡង់​របស់​កម្ពុជា​នោះ​ឡើយ។ ការ​ពិត ស្វា​ធំ Gorilla វីដេអូ​នេះ​ កំពុង​រស់​នៅ​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃ Lesio Louna Wildlife Reserve ស្ថិត​ក្នុង​សាធារណរដ្ឋ​កុងហ្កូ។

Avatar

Title:វីដេអូ​​ស្វាធំ Gorilla លេង​​ជាមួយ​មនុស្ស​មិន​មែន​នៅ​តំបន់​ព្រៃឡង់​កម្ពុជា​ទេ

Written By: Jay Udom

Result: False