តើ​ស្ត្រី​ក្នុង​រូបថត​នេះ​គឺ​ជា​អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន​មែន​ឬទេ?

False International

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​អ៊ុយក្រែន​មក រូបថត​ជាច្រើន ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ស្ថិតក្នុង​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​គេ​អះ​អាង​ថា ជា​អ្នក​បើក​បរ​យន្ត​ហោះ​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន ហើយ​បាន​ស្លាប់​បន្ទាប់​ពី​រង​របួស​ធ្ងន់​នៅ​ក្នុង​ប្រតិបត្តិ​ការ​ការពារ​ប្រទេស។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​សប្ដាហ៍​មុន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​នារី​ ២​នាក់​ស្ថិត​ក្នុង​​ឯក​សណ្ឋាន​យោធា​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា នារី​ទាំង ២​នាក់​នៅ​ក្នុង​រូបថត​មួយ​សន្លឹក​នេះ គឺ​នាង Natalia Rerakov អាយុ ២៨​ឆ្នាំ ដែល​ជា​អាកាស​យានិក​អ៊ុយក្រែន​ជា​ស្ត្រី​ដំបូង​គេ ហើយ​នាង​បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​រង​របួស​ធ្ងន់​អំឡុង​ពេល​ហោះ​ហើរ​យន្តហោះ​ចម្បាំង MiG-29 ដើម្បី​ការពារ​ដែន​អាកាស​អ៊ុយក្រែន។

ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួមជាមួយ​ការ​បញ្ចេញ​មតិ​សម្ដែង​ការ​សោក​ស្ដាយ​ផង​ដែរ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​នារី​រូប​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី០២ ខែ​មេសា ដែល​និយាយ​ថា «ស្ត្រី​អ្នក​បើក​បរ​យន្ត​ហោះ​ចម្បាំង​អ៊ុយក្រែន​លើក​ដំបូង​គេ ត្រូវ​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ បន្ទាប់​ពី​នាង​រង​របួស​ធ្ងន់ ដែល​កំពុង​ហោះ​ហើរ MIG-29 ដើម្បី​ការពារ​ដែន​អាកាស​អ៊ុយក្រែន។ នាង​ឈ្មោះ Natalia Rerakov អាយុ ២៨​ឆ្នាំ»។

FACEBOOK POST | ARCHIVED LINK

រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​ចាប់​តាំង​ពី​ដើម​ខែ​មីនា​កន្លង​មក ដែល​មាន​តំណ​ភ្ជាប់​នៅ​ខាង​ក្នុង​នេះ (,,, )។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​ទំព័រ​ហ្វេសប៊ុក​មួយ​កាល​ពីថ្ងៃ​ទី​០១ ខែ​មីនា​កន្លង​មក​នេះ ដែល​រៀបរាប់​ថា «ចូល​រួម​រំលែក​ទុក្ខ​ស្ត្រី​ដែល​បើក​យន្ត​ហោះ​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន​ល្បី​ឈ្មោះ​ម្នាក់ Natasha Perakov បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ​ត្រឹម​វ័យ ២៨​ឆ្នាំ​កំឡុង​ពេល​ប្រយុទ្ធ​ត​ទល់​ជាមួយ​រុស្ស៊ី​ម្សិល​មិញ»។

FACEBOOK POST | ARCHIVED LINK

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​ឱ្យ​ពី​ការ​បង្ហោះ និង​ចែក​រំលែក​រូបថត​នារី​រូប​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ចាប់​តាំង​ពី​ដើម​ខែ​មីនា​កន្លង​មក។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា រូបថត​របស់​នារី​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ដោយ​ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​ពិត​ជាច្រើន​ចាប់​តាំង​ពី​ដើម​ខែ​មីនា​មក។

នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មីនា​កន្លង​មក ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​រក​ឃើញ​ថា នារី​មួយ​រូប​នៅ​ក្នុង​រូបថត​នេះ មិន​មែន​ជា​នាង Natalia Perakov ទេ ប៉ុន្តែ ថា នាង​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Olesia Vorobei ​ជ័យលាភី​នៃ​កម្មវិធី​ប្រកួត​សម្រស់​ «Glory to Heroes » ដែល​ជា​កម្មវិធី​ប្រកួត​សម្រស់​ទាហាន​នារី​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

AFP បាន​រក​ឃើញ​ទៀត​ថា នាង Olesia Vorobei មិន​មែន​ជា​សមាជិក​នៃ​កង​ទ័ព​អាកាស​អ៊ុយក្រែន​នោះ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ នាង​គឺ​ជា​សមាជិក​នៃ​ក្រុម​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម (ATO)។

AFP FACT CHECK | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​របស់ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្អែក​តាម​អត្ថបទ​មួយ​ចុះ​ផ្សាយ​​ដោយ​គេហទំព័រ​កង​ទ័ព​អ៊ុយក្រែន​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦​កន្លង​មក។

បើ​តាម​ការ​ត្រួត​ពិនិត្យ​របស់ AFP អាកាស​យានិក​បើក​បរ​យន្ត​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន គឺ​អ្នកស្រី Nadiya Savchenko ដែល​បច្ចុប្បន្ន​នេះ អ្នកស្រី​គឺ​ជា​អ្នក​នយោបាយ។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អាមេរិក Los Angeles Times បាន​ឱ្យ​ដឹង​ថា អ្នកស្រី Nadiya Savchenko ត្រូវ​បាន​​រុស្ស៊ី​ចាប់​ដាក់​ឃុំ​ឃាំង​អស់​រយៈ​ពេល​ជិត ២​ឆ្នាំ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ពី​សំណាក់​ពួក​បះបោរ​គាំទ្រ​ដោយ​ក្រុង​មូស្គូ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​​របស់​សារព័ត៌មាន Los Angeles Times កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ដែល​និយាយអំពី​អាកាសយានិក​បើក​បរ​យន្តហោះ​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន ត្រូវ​បាន​រុស្ស៊ី​ដោះ​លែង​វិញ ជា​ថ្នូរ​នឹង​ការ​ដោះ​ដូរ​អ្នក​ទោស។

Los Angeles Times | ARCHIVED LINK

ចំណែក​រូបថត​មួយ​សន្លឹក​ទៀតដែល​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​អាកាស​យានិក​បើក​បរ​យន្ត​ហោះ​ចម្បាំងដំបូង​គេ​របស់​អ៊ុយក្រែន​ដែរ​នោះ ត្រូវ​បាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo នៅ​ក្នុង​ប្រទេស​ស្រីលង្កា រក​ឃើញ​ថា មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។

ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo បាន​រក​ឃើញ​ថា នារី​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា​នោះ គឺ​គ្រាន់​តែ​ជា​នារី​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​តែ​ប៉ុណ្ណោះ។

សូម​អាន​អត្ថបទ​លម្អិត​៖ A Ukrainian Queen Who Died On The Battlefield?

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ នារី​ដែល​ត្រូវ​បាន​គេ​អះ​អាង​លើ​បណ្ដាញ​សង្គម​នោះ មិន​មែន​ជា​អ្នក​បើក​បរ​យន្ត​ហោះ​ចម្បាំង​ជា​ស្ត្រី​ដំបូង​គេ​របស់​អ៊ុយក្រែន​នោះ​ឡើយ។ នាង​គឺ​ជា​ទាហាន​អ៊ុយក្រែន​មួយ​រូប​ឈ្មោះ Olesia Vorobei ដែល​ជា​ជ័យលាភី​ការ​ប្រកួត​សម្រស់កាល​ពី​ឆ្នាំ​២០១៦។ ចំណែក​ឯ​ស្ត្រី​ជា​អ្នក​បើកបរ​យន្តហោះ​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន គឺ​អ្នកស្រី Nadiya Savchenko ដែល​បច្ចុប្បន្ន​នេះ គឺ​ជា​អ្នក​នយោបាយ។

Avatar

Title:តើ​ស្ត្រី​ក្នុង​រូបថត​នេះ​គឺ​ជា​អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.