បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា នឹង​មិន​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ពី​អ៊ីស្រាអែល​នោះ មាន​ការ​ជជែក​វែក​ញែក​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ជុំ​វិញ​បញ្ហា​នេះ។ ក្នុង​នោះ​មាន​ការ​បង្ហោះ​ព័ត៌មាន​ថា មាន​និស្សិត​ខ្មែរ ២​នាក់​ទៀត បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ថ្មី​រវាង​អ៊ីស្រាអែល និង​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស់​ប៉ាឡេស្ទីន។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ ២​នាក់​ទៀត បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​នា​ពេល​ថ្មីៗ​នេះ​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​យ៉ាង​ច្រើន ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ​តប​នឹង​ការ​អះអាង​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២៣ ដែល​សរសេរ​រៀបរាប់​ថា «RIP​សម្រាប់​និស្សិត​ខ្មែរ​នៅ​ប៉ាឡេស្ទីនឥឡូវ​ស្លាប់​២នាក់​ទៀត​ហើយ​ដោយសារ​តែ​សម្ដេច​ឱ្យ​នៅ​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា!»។

Facebook Post | Archived Link

ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ទៅ​ដល់​រាប់​រយ​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​រូប​ទៀត​ដែល​មាន​មូលដ្ឋាន​នៅ​ឯ​ក្រៅ​ប្រទេស បាន​បង្ហោះ​ព័ត៌មាន​ដូច​គ្នានេះ ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ដែល​សរសេរ​រៀបរាប់​ថា «សូម​ចូលរួម​មរណ​ទុក្ខ នស្សិត​ខ្មែរ​នៅ​អ៊ីស្រាអែល​ស្លាប់​ពីរ​នាក់​បន្ត​ទៀត​ហើយ»។

Facebook Post | Archived Link

ព័ត៌មាន​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​នៅ​ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​មួយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​និយាយ​ថា និស្សិត​ខ្មែរ​ពីរ​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​រវាង​អ៊ីស្រាអ៊ែល និង​ពួក​ហាម៉ាស(Hamas)​នា​ពេល​ថ្មីៗ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូទាំង​ស្រុង​ក្នុង​នោះ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​លើក​ឡើង​នូវ​ព័ត៌មាន​នេះ​នៅ​នាទី​ដំបូង​នៃ​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​ខ្លួន។

Archived Link

លោក​អ្នក​អាច​មើល​ការ​អះអាង​ដដែល​នេះដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះអាង​នេះ​តាមរយៈការ​ស្នើ​សុំ​ការ​បញ្ជាក់​ពីភាគី​ដែល​បង្ហោះ​ព័ត៌មាន​នេះ ភាគី​រាជ​រដ្ឋាភិបាល​កម្ពុជា និស្សិត​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ការ​ពិនិត្យ​មើល​លើ​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អន្តរជាតិ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ព័ត៌មាន​ដែល​និយាយ​ថា មាន​និស្សិត​កម្ពុជា ២​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដំបូង​គេ​ដោយ​គណនី​ហ្វេសប៊ុក​ឈ្មោះ Vann Chendavy ហើយ​យើង​ក៏​រក​ឃើញ​លេខ​ទូរស័ព្ទ​ផង​ដែរ។

Fact Crescendo Cambodia បាន​ផ្ញើសំណួរ​ទៅ​កាន់​លេខ​តេឡេក្រាម និង​បណ្ដាញ​សង្គម WhatsApp របស់​អ្នក​បង្ហោះ​ព័ត៌មាន​នោះ​ដែរ ប៉ុន្តែ ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​នោះ​ឡើយ។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ​បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​នេះ ដោយ​ចាត់​ទុក​ជា​ព័ត៌មាន​«ក្លែង​ក្លាយ»។ លោក ប៉ែន បូណា បាន​បញ្ជាក់​បែប​នេះ​បន្ទាប់​ពី Fact Crescendo Cambodia បាន​សាក​សួរ​លោក​តាម​បណ្ដាញ​ WhatsApp កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក បូណា បាន​បញ្ជាក់​ទៀត​ថា និស្សិត​កម្ពុជា​ជាអ ៤៥០​នាក់ ដែល​កំពុង​សិក្សា និង​ហ្វឹក​ហាត់​ការងារ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​នោះ មាន​សុវត្ថិភាព​ដូច​ធម្មតា និង​ស្ថិត​ក្រោម​ការ​ការពារ​សុវត្ថិភាព​ពី​អាជ្ញាធរ​អ៊ីស្រាអែល និង​ការ​តាមដាន​ដោយ​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​កម្ពុជា។

អ្វី​ដែល​លោក បូណា បញ្ជាក់​មក​កាន់ Fact Crescendo Cambodia ត្រូវ​បាន​បង្ហោះ​បង្ហាញ​សាធារណជន​រួច​ហើយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា Cambodia Government Spokesperson Unit ​កាល​ពី ២​ថ្ងៃ​មុន។

Facebook Post | Archived Link

ដើម្បី​បញ្ជាក់​បន្ថែម​ទៀត Fact Crescendo Cambodia ក៏​បាន​ស្វែង​រក​ព័ត៌មាន​ពី​ប្រភព​និស្សិត​កម្ពុជា​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។

យុវជន គួន បូរី អាយុ ២២​ឆ្នាំ ដែល​ជា​និស្សិត​វិទ្យាសាស្ត្រ​កសិកម្ម និង​កំពុង​ធ្វើ​កម្មសិក្សា​ខាង​ផ្នែក​ដំណាំ​បន្លែ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល បាន​បញ្ជាក់​ថា លោក​ពុំ​ទទួលបាន​ព័ត៌មាន​ជាក់​លាក់​ណា​មួយ​​ពី​ក្នុង​ចំណោម​ក្រុម​និស្សិត​កម្ពុជា​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​នោះ​ឡើយ។

លោក បូរី អះអាង​ថា ព័ត៌មាន​ដែល​និយាយ​ថា និស្សិត​កម្ពុជា ២​នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​គ្នា​នៅ​អ៊ីស្រាអែល​នោះ មិន​មែន​ជា​​«ការ​ពិត​»នោះ​ឡើយ ដោយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​អ៊ីស្រាអែល​តែង​តែ​បង្ហាញ​តួលេខ និង​អត្តសញ្ញាណ​អ្នក​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ថ្មីៗ​នេះ​។

ខាង​ក្រោម​នេះ គឺ​ជា​ព័ត៌មាន​ដែល​ផ្ដល់​ដោយ​ គួន បូរី នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ Fact Crescendo Cambodia កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២៣។

Archived Link

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា ​និស្សិត​ខ្មែរ​ម្នាក់​ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហាររបស់​ក្រុម​ហាម៉ាស់​ប៉ាឡេស្ទីន​ទៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​តុលា។ សូម​មើល​ព័ត៌មាន​លម្អិត​នៅ​ទីនេះ

ការ​ស្លាប់​របស់​និស្សិត​​កម្ពុជា និង​ពលរដ្ឋ​បរទេស​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ត្រូវបាន​ចុះ​ផ្សាយ​ដោយសារ​សារព័ត៌មាន​អាមេរិក Washington Post ផង​ដែរ។ សូម​មើល​ព័ត៌មាន​នៅ​ទីនេះ

ទោះជាយ៉ាងណា បន្ទាប់​ពី​មាន​ការ​អះអាង​ថា មាន​និស្សិត​កម្ពុជា ២​នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​អ៊ីស្រាអែល-ប៉ាឡេស្ទីន​នោះ Fact Crescendo Cambodia បាន​ស្វែង​រក​ព័ត៌មាន​នេះ​តាម​រយៈ​សារព័ត៌មាន​ជាតិ និង​សារព័ត៌មាន​អន្តរជាតិ​ផង​ដែរ ប៉ុន្តែ មិន​មាន​សេចក្ដី​រាយការណ៍​បែប​នេះ ត្រូវ​បាន​រក​ឃើញ​នោះ​ឡើយ។

ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​អ៊ីស្រាអែល និង​កង​កម្លាំង​ហាម៉ាស់​នៅ​តំបន់​កាហ្សា បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​សប្ដាហ៍​ទី​១​នៃ​ខែ​តុលា​នេះ បន្ទាប់​ពី​ក្រុម​ហាម៉ាស់​ប៉ាឡេស្ទីន​បាន​បាញ​គ្រាប់​រ៉ុកកែត​រាប់​ពាន់​ចូល​ទៅ​លើ​ទឹកដី​អ៊ីស្រាអែល ដែល​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​រាប់​រយ​នាក់ ក្នុង​នោះ​មាន​ទាំង​និស្សិត​ខ្មែរ​ម្នាក់​ឈ្មោះ ចាន់ ឧត្តម ផង​ដែរ។

បន្ទាប់​ពី​មក មាន​ការ​ជជែក​វែក​ញែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ជំរុញ​រាជ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​រក​មធ្យោបាយ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ទាំង​អស់​ចេញ​ពី​ប្រទេស​អ៊ីស្រាអែល។

ទោះជាយ៉ាងណា អតីត​នាយករដ្ឋ​មន្ត្រី លោក ហ៊ុន សែន និង​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច បាន​​បញ្ជាក់​ថា កម្ពុជា​នឹង​មិន​បញ្ជូន​យន្តហោះ​ទៅ​ដឹក​ពលរដ្ឋ​ខ្លួន​នៅ​អ៊ីស្រាអែល​ទេ ដោយ​ប្រាប់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​កុំ​រត់​ចោល​ប្រទេស​អ៊ីស្រាអែល ហើយ​ផ្ទុយ​ទៅ​វិញ​លោក​បាន​​ប្រាប់​ទៅ​និស្សិត​កម្ពុជា​នៅ​អ៊ីស្រាអែល ឱ្យ​ធ្វើ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​អ៊ីស្រាអែល។ សូម​អាន​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ។

[From 23:00 to 27:30]

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ គ្មាន​ប្រភព​ណា​មួយ​បញ្ជាក់​ថា មាន​និស្សិត​កម្ពុជា ២​នាក់​ទៀត ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​ប៉ាឡេស្ទីន​នា​ពេល​ថ្មីៗ​នេះ​ឡើយ។ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល និង​និស្សិត​កម្ពុជា​កំពុង​រស់នៅ​អ៊ីស្រាអែល សុទ្ធ​តែ​បញ្ជាក់​ថា ការ​អះអាង​នេះ ជា​ព័ត៌មាន​ក្លែង​ក្លាយ។

Avatar

Title: ការអះអាង​ថា និស្សិត​ខ្មែរ​ពីរ​នាក់​ទៀត​ស្លាប់​នៅ​អ៊ីស្រាអែល​ជា​ព័ត៌មាន​មិន​ពិត

Written By: Jay Udom

Result: False