បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ ២៣ កក្កដា បាន​បញ្ចប់​ទៅ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៅ​ខេត្ត​កំពង់ស្ពឺ​ចាប់​ខ្លួន ដោយសារ​តែ​បាន​ទទួល​លុយ​ពី​នមេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ឯ​ក្រៅ​ប្រទេស។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង បន្ទាប់​ពីលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​បុគ្គល​ដែល​គូស​សន្លឹក​ចោល ប្រសិន​បើ​ពួកគេ​មិន​ចេញ​សារភាព​ទេ​នោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​មួយ​ដែល​កំពុង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ ត្រូវ​បានសមត្ថកិច្ច​ចាប់​ខ្លួន​​ដាក់​ពន្ធនាគារ បន្ទាប់​ពី​ទទួល​លុយ​ពី​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​។

ការ​អះអាង​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​របស់​បុរស​រូប​នោះ​មាន​ឈ្មោះ​ ស្វាយ សុផាត ដែល​ដៃ​របស់​គាត់​ជាប់​ខ្នោះ និង​ឈរ​នៅ​កន្លែង​វាស់​កម្ពស់​។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ដែល​រៀបរាប់​ថា​ «លុយ​របស់​អាក្បត់​ជាតិ​បី​ជំនាន់ សម រង្ស៊ី ផ្ដល់​ឱ្យ​ទៅ​បុគ្គល​ម្នាក់​នេះ​ឱ្យ​ចូល​ដេក​គុក ហើយ​ក៏​ជា​ជោគ​ជ័យ​មួយ​ទៀត​របស់​ទណ្ឌិត​ក្បត់​ជាតិ​បី​ជំនាន់​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​នេះ 🙏អរគុណសន្តិភាព🙏»។

Facebook Post | Archived Link

រូបថត​បុរស​រូប​នេះ​ដែល​មាន​សំណេរ​ថា​«ទទួល​លុយ​ពី​ជន​អគតិ​លុយ ១៥០០០០០» ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ផង​ដែរ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិតុ្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​​​​ការ​ដំណើរការ Google Reverse Image Search ការ​ស្នើ​សុំ​ការ​បញ្ជាក់​ពី​នគរបាល និង​អ្នកបាន​បង្ហោះ​ការ​អះអាង​ខាង​លើ​នេះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reserve Image Search យើង​បាន​រក​ឃើញ​អត្ថបទ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុង​ស្រុក​CEN ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​បុរស​ម្នាក់​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ឬ​មួយ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​អាទិត្យ ២៣ កក្កដា ឆ្នាំ​២០២៣។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​នេះ​ដែល​ផ្អែក​តាម​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​នោះ បុរស​ម្នាក់​ឈ្មោះ ស្វាយ សុផាត ដែល​មាន​តួនាទី​ជា​អ្នកសារព័ត៌មាន​មួយ​រូប​ផង​នោះ ត្រូវ​បាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​កក្កដា បន្ទាប់​ពី​គាត់​បាន​បង្ហោះ​វីដេអូ​ខ្លួន​ឯង​ដែល​និយាយ​ប៉ះ​ពាល់​ដល់​ព្រះ​មហាក្សត្រ។

CEN | Archived Link

ទំព័រ​ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ក៏​បាន​ផ្សព្វផ្សាយ​អំពី​ការ​ចាប់​ខ្លួន​បុរស​រូប​នេះ​ផង​ដែរ ដោយ​សង្ស័យ​ថា​បាន​បង្ហោះ​ព័ត៌មាន​​«ញុះញង់ បង្ក​ចលាចល​ និង​ប៉ះ​ពាល់​ដល់​ព្រះ​មហាក្សត្រ​កម្ពុជា» កាល​ពី​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

ខាង​ក្រោម​នេះ គឺ​ជា​ខ្លឹមសារ​ទាំង​ស្រុង​នៃ​របាយការណ៍​របស់​នគរបាល​ខេត្ត​កំពង់ស្ពឺ ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៣។

Facebook Post | Archived Link

​រូបថត​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​បង្ហាញ​ថា លោក ស្វាយ សុផាត បាន​បង្ហោះ​វីដេអូ​មាន​រយៈ​ពេល ១:៤៦​នាទី​ដែល​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ សឹម ផាន។ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ

Facebook Post | Archived Link

នៅ​ពេល​ត្រូវ​បាន​ស្នើ​សុំ​ការ​បញ្ជាក​ពី​ Fact Crescendo Cambodia លោក ញូង សារឿន ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​បង្ហោះ​ការ​អះអាង​នោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ប៉ុន្តែ លោក​គ្មាន​ប្រភព​ច្បាស់​លាស់​នោះ​ឡើយ​ទាក់​ទង​នឹង​លុយ​ដែល​លោក ស្វាយ សុផាត កាន់​នោះ។

ប៉ុន្តែ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន បាន​ប្រាប់ Fact Crescendo Cambodia ថា ការអះអាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ ញូង សារឿន ដែល​ថា លោក ស្វាយ សុផាត បាន​ទទួល​លុយ​ពី​មេ​បក្ស​ប្រឆាំង​នោះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។

កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៧​កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​នោះ​ឡើយ។

​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត​ដែល​កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស បាន​អំពាវ​នាវ​អ្នក​បោះ​ឆ្នោត​ឱ្យ​គូស​សន្លឹក​ឆ្នោត​ចោល ដើម្បី​បង្ហាញ​ការ​ជំទាស់​ទៅ​នឹង​ការ​បោះ​ឆ្នោត​នេះ។

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ហើយ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា លោក​បាន​ស្គាល់​អត្ត​សញ្ញាណ​អ្នក​គូស​សន្លឹក​ឆ្នោត​ចោល​មួយ​ចំនួន​ដែល​បាន​ផ្ញើ​សន្លឹក​ឆ្នោត​ខូច​ទៅ​ក្នុង​ក្រុម​តេឡេក្រាម ហើយ​លោក​ណែនាំ​ឱ្យ​ពួកគេ​ចេញ​សារភាព​កំហុស ប្រសិនបើ​មិន​ចង់​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ លោក ស្វាយ សុផាត ដែល​មាន​តួនាទី​ជា​អ្នកសារព័ត៌មាន​មួយ​រូប​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ បន្ទាប់​ពី​គាត់​បាន​និយាយ​នៅ​ក្នុង​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដែល​នគរបាល​ខេត្ត​កំពង់ស្ពឺ​ចាត់​ទុក​ជា​ការ​ញុះញង់ និង​ប្រមាថ​ព្រះ​មហាក្សត្រ។

Avatar

Title:បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ក្រោយ​ទទួល​លុយ​ពី​មេ​បក្ស​ប្រឆាំង​​ដើម្បី​អុកឡុក​ការ​បោះ​ឆ្នោត

Written By: Jay Udom

Result: False