
ខណៈដែលវីដេអូប្លែកៗជាច្រើន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនោះ វីដេអូមួយដែលបង្ហាញដំណើរការផលិតកម្មមួយ ត្រូវបានគេអះអាងថា វាជាដំណើរការផលិតសាច់គោក្លែងក្លាយ។ ការអះអាងនេះ ត្រូវបានចែករំលែកផុសផុលនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងបានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូដំណើរការកែច្នៃផលិតផលមួយ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាការកែច្នៃសាច់គោចេញពីជ័រកៅស៊ូ ដែលបង្កហានិភ័យដល់សុខភាពរបស់អ្នកបរិភោគ។
វីដេអូមានរយៈពេល ៣៦វិនាទីនេះ ដែលមានការរៀបរាប់ដូចខាងលើនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកកម្ពុជាជាច្រើន បានបញ្ចេញប្រតិកម្ម និងមតិយោបល់ទៅនឹងការអះអាងនេះ ក្នុងនោះមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនជឿជាក់ទៅលើការអះអាងនេះ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសរសេររៀបរាប់ថា “ចប់ហើយសុខភាពខ្ញុំ គេធ្វើសាច់គោពីជ័រ”។
ការអះអាងដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ ដែលនាំឱ្យមានការចែករំលែកបន្តដ៏ច្រើន ហើយក៏មានប្រតិកម្ម និងមតិយោបល់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនដែរ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយត្រូវបានចែករំលែកបន្តរហូតដល់ជាង ៦៤០០ដង។
គេអាចរកមើលការអះអាងដូចគ្នានេះ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមតាមរយៈតំណភ្ជាប់មាននៅទីនេះ ១ (archived), ២ (archived), ៣ (archived), ៤ (archived), ៥ (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញថា វីដេអូទាំងស្រុងនៅលើបណ្ដាញ YouTube ប៉ុន្តែ ត្រូវបានដកចេញទៅវិញហើយ។ ទោះជាយ៉ាងណា យើងបានដឹងថា វីដេអូនោះត្រូវបានរៀបរាប់ថា ជាដំណើរការលាយពណ៌លើជ័រស៊ីលីខន (silicone rubber)។
តាមរយៈ Google Reverse Image Search ដដែល យើងក៏បានរកឃើញវីដេអូដូចគ្នានេះនៅលើបណ្ដាញ YouTube ផងដែរ ប៉ុន្តែ គ្រាន់តែបញ្ជាក់ថា ដំណើរការដោយម៉ាស៊ីនធ្វើការបានរហ័ស។
ទោះបីជាបែបនេះក្ដី ដោយបានផ្ទៀងផ្ទាត់ជាមួយរូបថតម៉ាស៊ីននៅក្នុងវីដេអូនេះ យើងបានរកឃើញថា ម៉ាស៊ីនប្រភេទនេះ ត្រូវបានគេប្រើសម្រាប់លាយពណ៌ជ័រស៊ីលីខន ហើយវាមានលក់នៅលើផ្សារអនឡាញរបស់ក្រុមហ៊ុន Alibaba។
នៅក្នុងបណ្ដាញ YouTube យើងបានរកឃើញវីដេអូជាច្រើនដែលបង្ហាញពីដំណើរការនៃការលាយពណ៌ជ័រស៊ីលីខន ហើយជ័រស៊ីលីខននោះ បានប្រែរូបរាង និងពណ៌ដូចគ្នាទៅនឹងជ័រស៊ីខននៅក្នុងវីដេអូដែលត្រូវបានគេអះអាងខាងលើនេះ។
ខាងក្រោមនេះ គឺជាវីដេអូនៃការលាយពណ៌ជ័រស៊ីលីខនដែលត្រូវបានបង្ហោះនៅក្នុងឆាណែល YouTube មួយឈ្មោះ Kande Silicone 1 កាលពីខែតុលា ឆ្នាំ២០២៣កន្លងមក។
វីដេអូនមួយទៀតនៅលើបណ្ដាញ YouTube បានបង្ហាញពីដំណើរការលាយពណ៌ជ័រស៊ីលីខនដោយម៉ាស៊ីន ដែលធ្វើឱ្យជ័រស៊ីលីខនពណ៌សថ្លា ក្លាយទៅជាជ័រស៊ីលីខនមានរូបរាង និងពណ៌ដូចសាច់គោ មុននឹងជ័រស៊ីលីខននោះប្រែក្លាយជាពណ៌ក្រហមទាំងស្រុង។
ខាងក្រោមនេះ គឺជាវីដេអូមួយទៀតនៃការលាយពណ៌ជ័រស៊ីលីខន ដែលបង្ហោះនៅក្នុងបណ្ដាញ YouTube ដោយឆាណែលមួយឈ្មោះ Hyper Tec កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងមក។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនមែនជាដំណើរការផលិតសាច់គោពីជ័រនោះឡើយ។ យើងបានរកឃើញថា ដំណើរការផលិតកម្មបែបនេះ គឺជារបៀបលាយពណ៌ជ័រស៊ីលីខនដំណើរការដោយម៉ាស៊ីន។

Title:តើនេះគឺជាដំណើរការផលិតសាច់គោក្លែងក្លាយពីជ័រកៅស៊ូមែនឬទេ?
Written By: Jay UdomResult: Misleading