Fact-Check: ទេសភាព​បៃតង​នៅ​ឥណ្ឌា​ត្រូវ​បាន​អះ​អាង​ថាជា​គម្រប់​ព្រៃឈើ​បៃតង​ខេត្ត​រតនគិរី​ជាង​២០​ឆ្នាំ​មុន

False Green

ការ​បាត់​បង់​គម្រប់​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បន្ទោស​ទៅ​លើ​ការ​គ្រប់​គ្រង​ដោយ​មិន​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​បញ្ហា​នេះ ត្រូវ​បាន​យក​មក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ថែម​ទៀត។ ថ្មីៗ​នេះ រូបថត​នៃ​គម្រប់​ព្រៃឈើ​បៃតង​មួយ​កន្លែង​ដែល​មាន​ផ្លូវ​លូន​កាត់​ព្រៃឈើ​នៅ​តំបន់​ភ្នំ​នោះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ទេសភាព​គម្រប់​ព្រៃឈើ​ខេត្ត​រតនគិរី​នៅ​ក្នុង​ឆ្នាំ​១៩៩៦។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​ដល់​ទៅ ២៥​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ រូបថត​មួយ​ក្នុង​ចំណោម​នោះ បង្ហាញ​នូវ​ផ្លូវ​មួយ​កំណាត់​លូន​ក្នុង​ព្រៃ​ឈើ​បៃតង​ស្រស់។ សំណេរ​លើ​រូបថត​នោះ ត្រូវ​បាន​សរសេរ​ថា «ខេត្ត​រតនគិរី​ឆ្នាំ​1996»។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ «លទ្ធផល​ចុង​ក្រោយ​បំផុត​ដែល​បាន​ប្រដៅ​ក្រុម​ការងារ​បច្ចេកទេស​របស់អង្គការ​សហ​ប្រជាជាតិ​ថា ពួកគេ​ទាំង​មាន​ចំណេះ​ដឹង​ពិត​ពី​របៀប​ស្ល​សម្ល​កកូរ​ខ្មែរ​ដែរ​ឬ​ទេ? ថា ​វា​ស្មើ​នឹង​ប្រមាថ​យន្តការ​នៃ​សន្ធិ​សន្តិភាព​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ២៣ តុលា ១៩៩១ ដែរឬទេ?»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូប​របស់ Google ដែល​នាំ​ទៅ​ដល់​រូបថត​ដើម និង​ព័ត៌មាន​ទាំង​ស្រុង​អំពី​រូបថត​មួយ​សន្លឹក​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​​នៅ​លើ​វេបសាយ​រក្សា​ទុក​រូបថត Shutterstock ដែល​​បញ្ជាក់​ថា ​កំណាត់​ផ្លូវ​លូន​ក្នុង​ព្រៃ​បៃតង​នេះ គឺ​ស្ថិត​នៅ​ក្នុង​​តំបន់​ភ្នំវ៉ាយ៉ាណាដ​(Wayanad) នៅ​ក្នុងរដ្ឋ​កេរ៉ាឡា​(Kerala) ឆ្នេរ​ភាគ​ខាង​ត្បូង​​នៃ​ប្រទេស​ឥណ្ឌា។

Shutterstock | Archived Link

រូបថត​នៃ​ផ្លូវ​លូន​កាត់​ព្រៃឈើ​តំបន់​ភ្នំ​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​វេបសាយ GettyImages ដែល​ជា​គេហទំព័រ​​សោទស្សន៍​ដ៏​ធំ​មួយ។

Getty Images | Archived Link

​គេហទំព័រ​សោទស្សន៍ Big Stock Photo ដែល​បាន​រក្សា​ទុក​រូបថត​នេះ​ផង​ដែរ​នោះ បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ថា គម្រប់​ព្រៃ​បៃតង​នេះ ស្ថិត​នៅ​ត្រង់​ចំណុច Thamarassery Churam នៃ​តំបន់​ភ្នំ​ Wayanad Churam ស្ថិត​នៅ​រដ្ឋ​កេរ៉ាឡា ​ប្រទេស​ឥណ្ឌា។

កំណាត់​ផ្លូវ​ប្រវែង ១៤​គីឡូម៉ែត្រ​បត់​បែន​ពត់​ពេន​តាម​ចង្កេះ​ភ្នំ​នេះ បាន​បង្ហាញ​នូវ​ទេសភាព​បៃតង​ដ៏​ធំ​ល្វឹង​ល្វើយ​ឆ្ពោះ​ទៅ​កាន់​កំពូល​ភ្នំ។

Big stock photo | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការអះ​អាង​លើ​រូបថត​មួយ​សន្លឹក​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​ទេសភាព​ព្រៃឈើ​នៅ​តាម​ដង​ផ្លូវ​នៅ​ក្នុង​ខេត្ត​រតនគិរី​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ដូច​ការ​អះ​អាង​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទេសភាព​ព្រៃ​ឈើ​បៃតង​នៃ​តំបន់​ភ្នំ​ Wayanad ស្ថិត​​ក្នុង​រដ្ឋ​កេរ៉ាឡា ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា។

Avatar

Title:ទេសភាព​បៃតង​នៅ​ឥណ្ឌា​ត្រូវ​បាន​អះ​អាង​ថាជា​គម្រប់​ព្រៃឈើ​បៃតង​ខេត្ត​រតនគិរី​ជាង​២០​ឆ្នាំ​មុន

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.