
ខណៈដែលព្រះសង្ឃព្រះនាម ប៊ុត ប៊ុនតិញ គង់នៅវត្តភ្នំសេរីនៅឯប្រទេសស្វីសនោះ រូបថតមួយសន្លឹកត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងន័យថា ព្រះសង្ឃអង្គនេះបានធ្លាក់ខ្លួនជាអ្នកលក់ខ្សែនីឡុងតាមដងផ្លូវ។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកបន្តជាច្រើនដង រួមជាមួយការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បណ្ដើរកង់ដឹកសម្ភារៈផ្សេងៗលក់នៅតាមដងផ្លូវ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីដើមសប្ដាហ៍នេះ។ រូបថតនេះ បង្ហាញថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានធ្លាក់ខ្លួនទៅជាអ្នកលក់ខ្សែតាមកង់នៅតាមភូមិនានា។
រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកបន្តជាច្រើនដង រួមជាមួយការបញ្ចេញមតិផ្សេងៗ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនៅលើបណ្ដាញសង្គម ដែលមានសំណេរថា «ទំនិញនាំចូលពី Cambodia 100%»។

រូបថតដដែលនេះ ក៏ត្រូវបានគេចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមហ្វេសប៊ុកដែលមានគណនីហ្វេសប៊ុករាប់សែនជាសមាជិកនៅក្នុងក្រុមផងដែរ។

Fact Check
Fact Crescendo Cambodia បានផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលបង្ហាញបុរសម្នាក់ដឹកសម្ភារៈផ្សេងៗតាមកង់មួយគ្រឿងនោះ ត្រូវបានរកឃើញនៅបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អ្នកថតរូបឈ្មោះ Phanith Um កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
ព័ត៌មានអំពីរូបថតមួយសន្លឹកដែលបង្ហោះដោយអ្នកថតរូបខាងលើ បានឱ្យដឹងថា បុរសម្នាក់បណ្ដើរកង់មួយគ្រឿងផ្ទុកទៅដោយខ្សែជាច្រើន ដើម្បីយកទៅលក់បន្ត។
បើតាមព័ត៌មានបង្ហោះដោយទំព័រហ្វេសប៊ុកខាងលើនេះ រូបថតបុរសម្នាក់នេះ ត្រូវបានថតនៅឯទឹកដីខេត្តកំពង់ចាម ដោយប្រើម៉ាស៊ីនថត LUMIX S1។

ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតដែលត្រូវបានអះអាងថា ជាព្រះតេជគុណ ប៊ុត ប៊ុនតិញ និងរូបថតច្បាប់ដើមដែលត្រូវបានបង្ហោះដោយអ្នកថតរូប Phanith Um កាលពីថ្ងៃទី០៦ ខែតុលា។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ បុរសនៅក្នុងរូបថតមួយសន្លឹកនេះ មិនមែនជាព្រះតេជគុណ ប៊ុត ប៊ុនតិញ នោះឡើយ។ រូបថតច្បាប់ដើម បង្ហាញឱ្យឃើញបុរសម្នាក់ដឹកខ្សែជាច្រើនតាមកង់មួយគ្រឿង ដើម្បីលក់បន្ត ហើយរូបថតមួយសន្លឹកនេះ ត្រូវបានថតនៅឯទឹកដីខេត្តកំពង់ចាម។

Title:តើព្រះតេជគុណ ប៊ុត ប៊ុនតិញ ធ្លាក់ខ្លួនជាអ្នកដឹកខ្សែលក់តាមភូមិមែនឬទេ?
Fact Check By: Jay UdomResult: Altered
