ក្រុមហ៊ុន​​ Sastra Film ច្រាន​ចោល​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ជុំ​វិញ​ការ​ផលិត​រឿង​១៨​បូក

Misleading Social

បន្ទាប់​ពី​ឈុត​ឆាត​សម្ដែង​ភាពយន្ត​បែប​ស្រើបស្រាល​របស់​ក្រុមហ៊ុន Sastra Film ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​មក ទំព័រហ្វេសប៊ុក​មួយ បាន​បង្ហោះ​ការ​អះ​អាង​មួយ​ថា នាយិកា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​មួយ​នេះ និយាយ​ថា អ្នកស្រី​ចង់​ឃើញ​ភាពយន្ត​ស្រើប​ស្រាល​រីក​លូត​លាស់​ប្រកួត​ប្រជែង​ជាមួយ​ភាពយន្ត​បរទេស។ ការ​បង្ហោះ​ខ្លឹមសារ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ព្រោង​ព្រោត ហើយ​ក៏​ទទួល​បាន​មតិ​រិះគន់​យ៉ាង​ច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ខ្លឹមសារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ផលិត​ភាព​យន្ត​ក្នុង​ស្រុក​មួយ ចង់​ឃើញ​ឧស្សាហកម្ម​ភាពយន្ត​ស្រើប​ស្រាល ឬ​ភាពយន្ត ១៨​បូក អាច​ឈរ​ជើង​ប្រកួត​ប្រជែង​នឹង​ភាពយន្ត​អន្តរជាតិ និង​ស្នើ​មហាជន​កម្ពុជា ឱ្យ​លើក​ស្ទួយ​ឧស្សាហកម្ម​ភាពយន្ត​មួយ​ប្រភេទ​នេះ។

ការ​បង្ហោះ​នូវ​ការ​នេះ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម ដែល​រៀបរាប់​ថា «អ្នកនាង ប៊ុន ចាន់និមល ម្ចាស់​ផលិតកម្ម Sastra Film មាន​ក្ដី​ស្រម៉ៃ​ចង់​ឱ្យ​វិស័យ​ភាពយន្ត 18+ខ្មែរ ប្រកួត​ប្រជែងជាមួយ​ភាពយន្ត​បរទេស​លើ​ឆាក​អន្តរជាតិ។ ហើយ​ជាពិសេស​អ្នក​នាង​បាន​សំណូម​ពរ​ឱ្យ​មហាជន​ខ្មែរ កុំ​ជាន់​ពន្លិច​ភាពយន្ត​ខ្មែរ​ខ្លួន​ឯង ហើយ​ទៅ​គាំ​ទ្រ​ភាពយន្ត​ជប៉ុន»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈការ​ស្វែង​រក​ការ​បក​ស្រាយ​ពី​តំណាង​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ Sastra Film ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ទំព័រហ្វេសប៊ុក​ក្រុមហ៊ុន Sastra Film បាន​​ច្រាន​ចោល​នូវ​ការ​ផ្សព្វផ្សាយ​​នៅ​លើ​បណ្ដាញ​សង្គម ដោយ​និយាយ​ថា ទំព័រហ្វេសប៊ុក​ Khmer Thmey បាន​​ផ្សព្វផ្សាយ​ខ្លឹមសារ​«ក្លែង​ក្លាយ»។

ក្រុមហ៊ុន​ផលិត​ភាពយន្ត​មួយ​នេះ បាន​បញ្ជាក់​ទៀត​ថា ខ្លឹមសារ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​នោះ គ្មាន​ប្រភព​ច្បាស់​លាស់​នោះ​ឡើយ។

សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៃ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Sastra Film ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​កាល​ពីថ្ងៃ​ទី​១៦ ខែ​ធ្នូ។

Facebook Post | Archived Link

នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Sastra Film អ្នក​ស្រី ប៊ុន ចាន់និមល បាន​បកស្រាយ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​អ្នកស្រី​ផង​ដែរ​កាល​ពី​សុក្រ​សប្ដាហ៍​មុន ដោយ​បាន​ច្រាន​ចោល​នូវ​ខ្លឹមសារ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

Fact Crescendo Cambodia បាន​ស្នើ​សុំ​ការបក​ស្រាយ​បន្ថែម​ពី​ខាង​ក្រុមហ៊ុន Sastra Film ផង​ដែរ ប៉ុន្តែ ខាង​ក្រុមហ៊ុន​បាន​បដិសេធ​បកស្រាយ​បន្ថែម ហើយ​ប្រាប់​ឱ្យ​យោង​ទៅ​តាម​ការ​បក​ស្រាយ​របស់​អ្នកស្រី ចាន់និមល នៅ​លើ​បណ្ដាញ​សង្គម។

ក្នុង​វីដេអូជាង ៣​នាទី អ្នកស្រី ចាន់និមល បាន​និយាយ​ទាំង​ខ្សឹប​ខ្សួល​ថា ខ្លឹមសារ​ដែល​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក Khmer Thmey បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ផ្លូវ​អារម្មណ៍​របស់​អ្នកស្រី ហើយ​អ្នកស្រី​ទាមទារ​ឱ្យ​ទំព័រហ្វេសប៊ុក​មួយ​នេះ​លុប​ចោល​នូវ​ខ្លឹមសារ​មួយ​នេះ។

Archived Link

ក្រុមហ៊ុន Sastra Film ក៏​បាន​ចេញ​សេចក្ដី​ស្រាយ​បំភ្លឺ​មួយ​ផង​ដែរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដោយ​ឱ្យ​ដឹង​ថា ខ្សែ​ភាពយន្ត​រឿង «ស្នេហា​ល្ងង់+ល្ងង់» ​ត្រូវ​បាន​ដាក់​បញ្ចាំង​តាំង​ពី​ចុង​ឆ្នាំ​២០២១​កន្លង​មក​នោះ។ ក្រុមហ៊ុន​បាន​បញ្ជាក់​ទៀត​ថា ខ្សែ​ភាពយន្ត​មួយ​នេះ​ដែល​មាន​ឈុត​ឆាត​ស្នេហា​រួម​រ័ក្ស​ផង​នោះ ត្រូវ​បាន​ដាក់​ឱ្យទស្សនា​តែ​នៅ​លើ​ App របស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ហើយ​ថា ខ្សែ​ភាពយន្ត​នេះ​បើក​ឱ្យ​​ទស្សនា​បាន​សម្រាប់​តែ​មនុស្ស​មាន​វ័យ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​តែ​ប៉ុណ្ណោះ។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ខ្លឹមសារ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាងលើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ក្រុមហ៊ុន​ផលិត​ភាពយន្ត​កម្ពុជា Sastra Film បញ្ជាក់​ថា ខ្លឹមសារ​ផ្សព្វផ្សាយ​ដោយ​ទំព័រហ្វេសប៊ុក Khmer Thmey គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ ហើយ​ក្រុមហ៊ុន​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ដោយ​មិនត្រឹម​ត្រូវ​បែប​នេះ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​ក្រុមហ៊ុន។

Avatar

Title:ក្រុមហ៊ុន​​ Sastra Film ច្រាន​ចោល​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ជុំ​វិញ​ការ​ផលិត​រឿង​១៨​បូក

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *