
បន្ទាប់ពីវិវាទក្នុងចំណោមសិល្បករមួយចំនួនកំពុងផ្ទុះនៅលើបណ្ដាញសង្គមនោះ ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ បានផ្សព្វផ្សាយថា តារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត បានទទួលមរណភាពហើយ។ ព័ត៌មាននេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍សោកស្ដាយ ក្រោយបានឃើញព័ត៌មាននេះ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះ គឺជាព័ត៌មានក្លែងក្លាយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងល្បីផុសផុលនៅលើបណ្ដាញសង្គមនៅថ្ងៃនេះ បានលើកឡើងថា តារាចម្រៀងជើងចាស់ល្បីឈ្មោះ លោក ណូយ វណ្ណេត បានទទួលមរណភាពហើយនៅថ្ងៃនេះ។
ការអះអាងនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនដែលនិយាយភាសាខ្មែរ បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះដំណឹងនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “សូមចូលរួមរំលែកទុក្ខផង សូមវិញ្ញាណក្ខន្ធលោក ណូយ វ៉ាន់ណេត …”។

ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដដែលនេះ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតនៅថ្ងៃនេះ។

ព័ត៌មានមរណភាពរបស់តារាចម្រៀងរូបនេះ ក៏ត្រូវបានចុះផ្សាយដោយវេបសាយមួយផងដែរ ហើយត្រូវបានចែករំលែកបន្តចូលទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការវេបសាយមួយដែលផ្សាយថា តារាចម្រៀង លោក ណូយ វ៉ាន់ណេត បានទទួលមរណភាពហើយ។

ការអះអាងនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម TikTok ផងដែរ ដែលនាំឱ្យមានការចែករំលែកបន្តយ៉ាងច្រើន ហើយមានអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok ជាច្រើន បានបង្ហាញការសោកស្ដាយចំពោះដំណឹងនេះ។
https://www.tiktok.com/@zeroab2023/video/7333800592327937298
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលការបកស្រាយពីសាមីខ្លួន និងអ្នកស្ថិតនៅក្នុងរង្វង់សិល្បៈកម្ពុជា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
បន្ទាប់ការអះអាងត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម តារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត បានចេញបកស្រាយតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោកនៅថ្ងៃនេះ។
នៅក្នុងវីដេអូផ្សាយលើទំព័រហ្វេសប៊ុកនោះ លោក ណូយ វ៉ាន់ណេត បានបញ្ជាក់ថា លោកមានសុខភាពធម្មតា មិនដូចទៅនឹងការអះអាងនៅលើបណ្ដាញសង្គមនោះឡើយ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងនៃការបកស្រាយរបស់លោក ណូយ វ៉ាន់ណេត នៅថ្ងៃនេះ បន្ទាប់ពីផ្ទុះព័ត៌មានថា លោកលាចាកលោកហើយនោះ។
តារាចម្រៀងជើងចាស់រូបនេះ ក៏បានច្រានចោលព័ត៌មាននេះនៅលើទំព័រហ្វេសប៊ុកមួយទៀតរបស់លោកផងដែរ ហើយក៏បានអំពាវនាវទៅអ្នកបង្ហោះព័ត៌មាននេះ ឱ្យលុបចោលជាបន្ទាន់ផងដែរ ដើម្បីកុំឱ្យមានការយល់ច្រឡំ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបកស្រាយរបស់លោក ណូយ វ៉ាន់ណេត នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង បានបញ្ជាក់ថា ព័ត៌មានដែលផ្សព្វផ្សាយថា លោក ណូយ វ៉ាន់ណេត ទទួលមរណភាពនោះ គឺជាព័ត៌មានមិនពិត។

សន្និដ្ឋានFact Crescendo Cambodia
បានរកឃើញថា ការអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ តារាចម្រៀង លោក ណូយ វ៉ាន់ណេត បានបញ្ជាក់ថា លោកនៅរស់រានមានជីវិត និងមានសុខភាពរឹងមាំធម្មតា មិនដូចទៅនឹងព័ត៌មានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនោះឡើយ។

Title:ព័ត៌មានក្លែងក្លាយនិយាយថា តារាចម្រៀង ណូយ វ៉ាន់ណេត លាចាកលោកហើយ
Written By: Jay UdomResult: False
