វីដេអូ​​​ផ្លូវ​បាក់​ស្រុត​នៅ​កណ្ដាល​ក្រុង​បាងកក ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្ប​និម្មិត

Altered International

ក្រោយ​រញ្ជួយ​ដី​វាយ​ប្រហារ​ប្រទេស​ភូមា និង​ប៉ះ​ពាល់​ដល់​ថៃ​កាល​ពី​សប្ដាហ៍​មុន វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​​ផ្លូវ​មួយ​កន្លែង​បាន​បាក់​ស្រុត​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា មហន្តរាយ​នេះ​បណ្ដាល​មក​ពី​ការ​រញ្ជួយ​ដី​​។​ វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ ​ ដែល​នាំ​ឱ្យ​មាន​ការ​​​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​វីដេអូ​ទាំង​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការអះអាង​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​

ការអះអាងលើបណ្ដាញសង្គម

វីដេអូ​ដែល​បង្ហាញ​នៃ​ការ​បាក់​ស្រុត​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា​ ផ្លូវ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​មួយ បាន​បាក់​ស្រុត​ដោយសារ​តែ​គ្រោះ​រញ្ជួយ​ដី​នៅ​កណ្ដាល​ប្រទេស​ភូមា​កាល​ពី​សប្ដាហ៍មុន។​

សំណេរ​រៀប​រាប់​មិន​បាន​បញ្ជាក់​ថា វា​កើត​ឡើង​នៅ​ទីណា​នោះ​ឡើយ ប៉ុន្តែ សំឡេង​រៀបរាប់​នៅ​ក្នុង​វីដេអូ​មួយ​នេះ បាន​អះអាង​ថា មហន្តរាយ​នេះ បាន​កើត​ឡើង​នៅ​កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ។

វីដេអូ​ជាមួយ​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ និង​មតិ​យោបល់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​។​

ខាង​ក្រោម​ គឺ​ជា​វីដេអូ​ឃ្លីប​ ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​កាល​ពី​សប្ដាហ៍​មុន​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ថ្ងៃ​នេះ​បាក់​ថ្នល់​អស់​រលីង​បង​ប្អូន​អើយ​ រញ្ជួយ​ផែនដី​​»។​

Facebook Post | Archived Link

ខាង​ក្រោម​ គឺ​ជា​វីដេអូ​ឃ្លីប​មួយ​ផ្សេង​ទៀត​ ផ្ដាម​ចេញ​ពី​ការ​បង្ហោះវីដេអូ​នេះ ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​សំណេរ​រៀបរាប់​ថា «ថ្ងៃ​នេះ​បាក់​ថ្នល់​អស់​រលីង​បង​ប្អូន​អើយ​ រញ្ជួយ​ផែនដី​ពី​ម្សិលមិញ​»។

Facebook Post | Archived Link

វីដេអូ​ដូច​គ្នា​ទាំង​ស្រុង​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube  ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០២៥​ ដោយ​ចោទ​សំណួរ​ជា​ភាសា​អង់គ្លេស​ថា​ «Oh my god, is it real?» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «ព្រះ​អើយ​ តើ​នេះ​គឺ​ជា​ការ​ពិត​ឬ​?»។​

YouTube Link | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search និង​ពាក្យ​គន្លឹះ​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

គិត​ត្រឹម​ថ្ងៃ​ចេញ​ផ្សាយ​អត្ថបទ​មួយ​នេះ​ មិន​មាន​សេចក្ដី​រាយការណ៍ផ្លូវ​ការ​​ណា​មួយ​​អំពីការ​បាក់​ស្រុត​ផ្លូវ​នៅ​ក្នុង​ប្រទេស​ថៃ​​​នោះ​ឡើយ ក្រោយ​ពី​មាន​គ្រោះ​រញ្ជួយ​ដី។​

រញ្ជួយ​ដី​កម្រិត ​៧.៧​រ៉ិចទ័រ​ បាន​កើត​ឡើង​នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​ភូមា ខណៈ​កម្លាំង​ញ័រ​​បាន​ជះ​ឥទ្ធិពល​ដល់​ប្រទេស​ថៃ​ វៀតណាម​ និង​ចិន​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មីនា​ ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ​។​

កម្លាំង​​រញ្ជួយ​នេះ​ បាន​ញ័រ​រញ្ជួយ​ និង​អង្រួន​​អគារ​នានា​​នៅ​​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ និង​បាន​បណ្ដាល​មាន​ស្នាម​ប្រះ​ជា​ច្រើន​កន្លែង​។​

ខាង​ក្រោម​ គឺ​ជា​វីដេអូ​ឃ្លីប​​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ប៉ះ​ពាល់​នៃ​ការ​រញ្ជួយ​នៅ​ក្នុង​ទីក្រុង​បាងកក​​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​មិន​មាន​ហេតុ​ការណ៍​ជាក់​ស្ដែង​នៃ​ការ​បាក់​ស្រុត​ផ្លូវ​នោះឡើយ​។​

The Indian Express | Archived Link

សំណង់​អគារ​មួយ​របស់​រដ្ឋាភិបាល​មាន​កម្ពស់ ៣០​ជាន់​​នៅ​កណ្ដាល​ទីក្រុង​បាងកក ដែល​ស្ថិត​ក្នុង​ដំណើរការ​សាង​សង់ បាន​បាក់​រលំ​ដល់​ដី ដែល​បណ្ដាល​ឱ្យ​កម្មករ​ជាច្រើន​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក បន្ទាប់​ពី​ការ​អង្រួន​ដោយ​កម្លាំង​រញ្ជួយ​ដី​មាន​ប្រភព​នៅ​កណ្ដាល​ប្រទេស​ភូមា។

ខាង​ក្រោម​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​គេហទំព័រសារព័ត៌មាន​ The Straits Times បង្ហាញ​គំនរ​អគារ​​​ដួល​រលំ​​ក្រោយ​ពី​មាន​ការរញ្ជួយ​​ដី។​

The Straits Times | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​រាយការណ៍​ដោយ​សារព័ត៌មាន​ CNN អំពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដោយ​ធ្វើ​​​ឱ្យ​មាន​ការ​រញ្ជួយ​រហូត​ដល់​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​

YouTube Link | Archived Link

ដើម្បី​បញ្ជាក់​ថា រូបភាព​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត​ឬយ៉ាង​ណា​នោះ យើង​យក​រូបភាព​ទាំង​នេះ​ ​ដាក់​ឱ្យ​កម្មវិធី​វិភាគ​មាតិកា AI មួយ​ចំនួន ហើយ​លទ្ធផល​បង្ហាញ​ថា រូបភាព​ទាំង​នេះ​ពិត​ជា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ AI ពិត​ប្រាកដ​មែន។

ខាង​ក្រោម​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ដោយ​វេបសាយ​វិភាគ​មាតិកា​ AI ដែល​បង្ហាញ​ថា រូបភាព​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ AI។

ដើម្បីស្វែងរកព័ត៌មានពិតសូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook | Twitter | Telegram | Google News | TikTok | WhatsApp

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា​ ការ​អះអាង​​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​ មិន​ត្រឹម​ត្រូវ​ទេ​។ វីដេអូ​ឃ្លីប​​ដែល​បង្ហាញ​ការ​បាក់​ស្រុត​ផ្លូវ​មួយ​កន្លែង​នោះ​ មិន​មែន​ជា​ហេតុការណ៍​ជាក់​ស្ដែង​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​បាងកក​​នោះ​ឡើយ​។​ វីដេអូ​ទាំង​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​។​

Avatar

Title:វីដេអូ​​​ផ្លូវ​បាក់​ស្រុត​នៅ​កណ្ដាល​ក្រុង​បាងកក ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្ប​និម្មិត

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *