ខណៈដែល​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​នៅ​តំបន់​ព្រះវិហារ នៅ​តែ​​ចំណុច​រសើប​នៃ​ទំនាក់​ទំនង​កម្ពុជា-ថៃនោះ ប៉ុន្មាន​ថ្ងៃ​ថ្មីៗនេះ ព័ត៌មាន​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា ទាហាន​ថៃ​បាន​កាត់​សោរ​ច្រក​ទ្វារ​ចូល​ប្រាសាទ​ព្រះវិហារ​នៅ​ខាង​ដី​ថៃ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ជាច្រើន បាន​ជឿ​ទៅ​តាម​ព័ត៌មាន​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​បង្ហោះ​រូបភាព​ទាំង​នេះ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ព័ត៌មាន​ដែល​​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ដើម​សប្ដាហ៍​នេះ បាន​ផ្សាយ​ថា ទាហាន​ថៃ​បាន​កាត់​សោរ​របង​ដែក ដើម្បី​បើក​ឡើង​វិញ​នូវ​ច្រក​ឡើង​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។

ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ និង​មតិយោបល់​ជាច្រើន ដែល​ជឿ​ថា វា​ជា​ហេតុការណ៍​កើត​ឡើង​ថ្មីៗ​នៅ​សប្ដាហ៍​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ទាហាន​ថៃ​បាន​កាត់​បើក​សោរ​នៅ​ច្រក​ចូល​ឡើង​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ក្រោយ​បាន​បិទ​អស់​រយៈ​ពេល ៧​ឆ្នាំ​កន្លង​ទៅ។ ថៃ​បាន​និយាយ​ថា ខ្លួន​បាន​កាត់​បើក​សោរ​តែ​ខាង​ថៃ​ទេ ព្រោះ​នោះ​ជា​សិទ្ធិ​របស់​ថៃ គ្មាន​ពាក់​ព័ន្ធ​ស្អី​នឹង​ខ្មែរ​ឡើងយ។ ប្រភព Thai PBS”។

Facebook Post | Archived Link

ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ការ​​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៤ ដែល​មាន​សំណេរ​ដូច​គ្នា​ទាំង​ស្រុង​នឹង​ព័ត៌មាន​ខាង​លើ។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ដូច​គ្នា​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន។ ព័ត៌មាន​ដែល​បង្ហោះ​ដោយ​ទំព័រហ្វេសប៊ុក​នេះ ក៏ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៀត​​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​ក្នុង​ន័យដូច​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ទៀត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៤។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈការ​ពិនិត្យ​មើល​រូបថត និង​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​ថៃ Thai PBS និង​ការ​បក​ស្រាយ​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាងក្រោម​នេះ។

ដោយ​ពិនិត្យ​ទៅព័ត៌មាន​នេះ យើង​បាន​រក​ឃើញ​ថា វា​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ Thai PBS ហើយ Fact Crescendo Cambodia ក៏​បន្ត​ចូល​ទៅ​​ពិនិត្យ​មើល​ការ​ផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន​ថៃ​មួយ​នេះ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

ដោយ​ចូល​ទៅ​កាន់​វេបសាយ Thai PBS យើង​រក​ពុំ​ឃើញ​ព័ត៌មាន​ថ្មី​បំផុត​ដែល​​រាយការណ៍​បែប​នេះ​នោះ​ឡើយ ហើយ​នៅ​ក្នុង​ប្រព័ន្ធ YouTube របស់​សារព័ត៌មាន​នេះ​ទៀត​សោត យើង​ក៏​ពុំ​ឃើញ​មាន​ព័ត៌មាន​បែប​នេះ​នោះ​ដែរ​នៅ​ក្នុង​រយៈ​ពេល​ជិត​មួយ​សប្ដាហ៍​មក​នេះ។

ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ថៃ​មួយ​នេះ​តាំង​ពី​ ៩​ឆ្នាំ​មុន ដែល​និយាយ​អំពី​ទាហាន​ថៃ​សម្រេច​កាត់​សោរ​របង​ដែក​ខាង​ផ្នែក​ទឹក​ដី​ថៃ ដែល​នៅ​ជាប់​នឹង​ព្រំដែន​ខេត្ត​ព្រះវិហារ​របស់​កម្ពុជា។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​ភាសា​ថៃ​របស់​សារព័ត៌មាន Thai PBS កាលថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ដែល​និយាយ​ថា ទាហាន​ថៃ​បាន​កាត់​សោរ​ទ្វារ​របង​ឡើង​ភ្នំ​ព្រះវិហារ បន្ទាប់​ពី​ទ្វារ​របង​ឡើង​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​ខាង​ដី​ថៃ ត្រូវ​បាន​ចាក់​សោរ​បិទ​ទ្វារ​អស់​រយៈ​ពេល ៧​ឆ្នាំ​ហើយ​នោះ។

Thai PBS Report | Archived Link

​ក្រៅ​ពី​សេចក្ដី​រាយការណ៍​ព័ត៌មាន​ខាង​លើ​នេះ Fact Crescendo Cambodia បាន​រក​ឃើញ​សេចក្ដីរាយការណ៍​ព័ត៌មាន​នេះ​ជា​វីដេអូ ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី ៩​ឆ្នាំ​មុន​ផង​ដែរ។

Facebook Post | Archived Link

ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​ព្រះវិហារ​បាន​ច្រាន​ចោល​ព័ត៌មាន​ដោយ​ចាត់​ទុក​ជា​ព័ត៌មាន​មិន​ពិត បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​បាន​ប៉ុន្មាន​ថ្ងៃ​មក។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​និយាយ​ថា ព័ត៌មាន​នេះ គឺ​ជា​ព័ត៌មាន​ចាស់​កាលពី​ឆ្នាំ​២០០៨ យក​មក​ផ្សព្វផ្សាយ​ឡើង​វិញ​នៅ​លើ​បណ្ដាញ​សង្គម ដែល​ធ្វើ​ឱ្យ​មហាជន​យល់​ច្រឡំ។

ទោះជាយ៉ាងណា ការ​បញ្ជាក់​របស់​អាជ្ញាធរ​ជាតិព្រះវិហារ​បែប​នេះ ក៏​មិន​ត្រឹម​ត្រូវ​ដែរ ដោយសារ​តែ​ព័ត៌មាន​នេះ មិន​កើត​ឡើង​នៅ​ឆ្នាំ​២០០៨​ទេ ពោល​គឺ​វា​កើត​ឡើង​នៅ​ឆ្នាំ​២០១៥ ឬ​ក៏ ៧​ឆ្នាំ​ក្រោយ​ពី​ច្រក​ទ្វារ​ឡើង​ទៅ​ប្រាសាទ​ព្រះវិហារ​ពី​ខាង​ដី​ថៃ ត្រូវ​បាន​បិទ​ទាំង​ស្រុង។

ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​ប្រកាស​ព័ត៌មាន​ទាំង​ស្រុង​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក “រដ្ឋបាល​ខេត្ត​ព្រះវិហារ” កាល​ពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២៤។

Facebook Post | Archived Link

បន្ទាប់​ពី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​បក​ស្រាយ​បែប​នេះ​មក អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​បាន​បង្ហោះ​ព័ត៌មាន​នេះ​មុន​គេ​នោះ បាន​លុប​ចោល​ទៅ​វិញ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ព័ត័មាន​នេះ គឺសេចក្ដី​រាយការណ៍​ចាស់​របស់​សារព័ត៌មាន​ថៃ​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​មក។ វា​មិន​មែន​ជា​ព័ត៌មាន​ទើប​តែ​កើត​ឡើង​ថ្មីៗ​នោះ​ឡើយ។

Avatar

Title:ព័ត៌មាន​ចាស់​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​តំបន់​ព្រះវិហារ​ ត្រូវ​បានបង្ហោះ​ឡើង​វិញ​លើ​បណ្ដាញ​សង្គម

Written By: Jay Udom

Result: Misleading