Fact Check: រូបថតសម្ដេច​ព្រះ​វរ​រាជ​មាតា នរោត្ដម មុនីនាថ​ លត់​ជង្គង់​មុខ​​រូប​ថត​លោក​ ហូ​ ជី​មិញ​ ​មិនមែន​ជា​ការ​ពិត

Altered Political

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហា​ព្រំដែន​​ ដែលវា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ជជែក​​ដេញ​ដោល​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​។​​

ជាក់​ស្តែង​ថ្មី​ៗ​នេះ​ មាន​រូប​ថត​មួយ​សន្លឹក ដែល​បង្ហាញ​​សម្តេច​ព្រះ​វររាជ​មាតា នរោត្តម​ មុនីនាថ ​សីហនុ​ លត់​ជង្គង់​គោរព​រូប​ថត​លោក​ ហូ ជី​មិញ​ ស្ថាបនិក​នៃ​របប​កុម្មុយនីស្ត​វៀតណាមនោះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៤​​ ខែ​កក្កដា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ បង្ហាញ​រូប​របស់​សមេ្តច​នរោត្តម​ មុនីនាថ​ សីហនុ​ ដែល​ត្រូវ​ជា​ព្រះ​មាតា​បង្កើត​របស់​ព្រះ​បាទ​នរោត្តម​សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ក៏​បង្ហាញអំពី​ទិដ្ឋភាព​ដែល​សម្តេច​យាយ​ ទ្រង់​បាន​លត់​ជង្គង់​នៅ​ក្រោម​រូប​ថត​ ដែល​ហាក់​ដូច​ជា​គោរព​អតីត​មេដឹក​នាំ​វៀត​ណាម​ម្នាក់​គឺ​លោក​ ហូ​ជី​មិញ​។​ លោក​ ហូជីមិញ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​មេដឹក​នាំ​កុម្មុយនិស្ត​វៀត​ណាម​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ ដែល​បាន​បង្រួប​បង្រួម​វៀត​ណាម​ខាង​ជើង​ និងវៀត​ណាម​ខាង​ត្បូង​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​តែ​មួយ​។​

អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​

រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ស្រី​យួន​នេះ​ត្រូវ​ ហូជី​មិញ​ បញ្ជូន​ឲ្យ​មក​ធ្វើ​ជា​ “ចៅ​ហ្វាយ​”​ ​របស់​សីហនុ​ឆ្នាំ​១៩៤៩ !ចាប់​ពី​ពេល​នោះ​មក​ ប្រទេស​ខ្មែរ​ ចាប់​ផ្តើម​ហិន​ហោច​រហូត​! ទាំង​ជីវិត​មនុស្ស​ ទ្រព្យ​សម្បត្តិ​ កេរ្តិ៍​ឈ្មោះ​ កិត្តិយស​ ប្រទេស​ជាតិ​​ត្រូវ​រលាយ​!»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​មួយ​សន្លឹក​ដែល​មានទម្រង់​ និង​ភិនភាគ​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រសារព័ត៌មាន​របស់​ប្រទេស​ចិន​ ​Xinhua កាល​ពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១២​កន្លង​ទៅ​នេះ​។​ នៅ​ក្នុង​គេហទំព័រ​ដដែល​នេះ​ បាន​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ ដែល​បាន​រៀប​រាប់​ជាភាសា​ចិន​ថា​ «柬前国王西哈努克在北京逝世 习近平看望柬埔寨太后»​​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate ដែល​មាន​ន័យ​ថា​ «អតីត​ព្រះមហាក្សត្រ​ខ្មែរ​ សីហនុ​ សោយ​ទិវង្គត​នៅ​ទីក្រុង​ប៉េកាំ​ លោក​ ស៊ី​ជីន​ពីង បាន​​ចូល​គាល់​ព្រះមហាក្សត្រី​យានី​ខ្មែរ​​»​។​

Xinhua’s Report | Archived Link

គេហទំព័រ​សារព័ត៌មាន​មួយ​ទៀត​របស់​ប្រទេស​ថៃ​ The Chiangrai Times ក៏​បាន​ផ្សព្វផ្សាយ​នូវ​រូប​ថត​ដូច​គ្នានេះ​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០១២​។​ នៅ​ក្នុង​សេចក្តី​រាយការណ៍​ដដែល​នេះ​ បាន​បញ្ជាក់​ថា​អតីត​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​សម្តេច​ព្រះ​នរោត្តម​ សីហនុ បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០១២​នា​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ ដែល​បាន​រៀប​រាប់​ជា​ភាសាអង់​គ្លេស​ថា​ «Cambodia’s former Queen Monineath mourns her husband, Norodom Sihanouk, who died in Beijing yesterday»​ ឬប្រែ​ជា​ភាសា​ខ្មែរ​ថា​ «អតីត​ព្រះមហាក្សត្រី​យានី​ មុនីនាថ​ សម្តែង​ការ​កាន់​ទុក្ខ​ចំពោះ​ស្វាមី​​គឺ​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ ដែល​​បាន​សោយ​ទិវង្គត​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ម្សិល​មិញ​»។​

Chiangrai Times’s Report | Archived Link 

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ត្រូវ​បាន​កាត់​ត មុន​នឹង​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ការ​ពិត​រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ជា​ទិដ្ឋភាពអតីត​ព្រះមហាក្សត្រី​យានី​ មុនីនាថ​ សម្តែង​ការ​កាន់​ទុក្ខ​ចំពោះ​ការ​សោយ​​ទិវង្គតរបស់​អតីត​ព្រះ​មហាក្សត្រ​នរោត្តម​ សីហនុ​ នៅ​ក្នុង​ទីក្រុង​ប៉េកាំង​របស់​ចិន​កាល​ពី​ឆ្នាំ​២០១២។​

Avatar

Title:រូបថតសម្ដេច​ព្រះ​វរ​រាជ​មាតា នរោត្ដម មុនីនាថ​ លត់​ជង្គង់​មុខ​​រូប​ថត​លោក​ ហូ​ ជី​មិញ​ ​មិនមែន​ជា​ការ​ពិត

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.