តើ​រូបថត​ចាស់​មួយ​សន្លឹក​នេះ​ជា​ការ​លេង​ជះ​ទឹក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​នៅ​កម្ពុជា​នា​អតីត​កាល​មែន​ឬទេ?

Misleading Social

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ទូទាំង​ប្រទេស​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​លេង​ជះ​ទឹក​នៅ​កម្ពុជាកាល​ពី​អតីត​កាល។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​បង្ហោះ​ខ្លឹមសារ​ជាមួយ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា រូបថត​មួយ​សន្លឹក​នេះគឺ​ជា​ការ​លេង​ជះ​ទឹក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាល​ពីជាង ៥០​ឆ្នាំ​មុន។

រូបថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​​ចែក​រំលែក​បន្ត​ដល់​ទៅជាង ៥ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ជាច្រើន​ទៅ​នឹង​ការ​បង្ហោះ​រូប​ថត​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ នរៈ ឧរង្គៈ Nakrak Urunga កាល​ពីថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣។

Facebook Post | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​អំឡុង​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​សង្ក្រាន្ត​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (, , , )។

រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ និង​ចែក​រំលែក​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ផង​ដែរ​ចំ​ពេល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន Thmey Thmey 25 ដែល​បាន​ចុះ​ផ្សាយ​រូបថត​មួយ​សន្លឹក​នេះ​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៣។

Thmey Thmey’s Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​​ផ្ដាម​ចេញ​ពី​ទំព័រហ្វេសប៊ុក​សារព័ត៌មាន Khmer Today ដែល​បាន​បង្ហោះ​រូបថត​នេះ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៣។

Khmer Today’s Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ចាស់​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណោម​រូបថត​ស​ខ្មៅ​ជាច្រើន​សន្លឹក​ទៀត ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ History of Laos ປະຫວັດສາດລາວ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២១​កន្លង​មក។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​រៀបរាប់​ជា​ភាសា​ឡាវ និង​អង់គ្លេស​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ការ​លេង​ជះ​ទឹក​នៅ​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ឡាវ​កាល​ពី​ឆ្នាំ​១៩៧១។

​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ បាន​បញ្ជាក់​ថា រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចម្លង​យក​មក​ពី​ទំព័រហ្វេសប៊ុក​របស់​លោក Gonzalo Cancino ដែល​តែង​តែ​បង្ហោះ​រូបថត​ជាច្រើន​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ប្រជាជន​ឡាវ និង​ប្រទេស​មួយ​នេះ។

Facebook Post | Archived Link

នៅ​ក្នុង​គណនីហ្វេសប៊ុក​របស់​លោក Gonzalo Cancino យើង​បាន​រក​ឃើញ​រូបថត​ស​ខ្មៅ ៦​សន្លឹក ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​រូប​នេះ​រៀបរាប់​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ក្នុង​ប្រទេស​ឡាវ។ រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១។

Facebook Post | Archived Link

នៅ​ក្នុង​ផ្នែក​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម​រូបថត​ទាំង​ប៉ុន្មាន​សន្លឹក​នេះ លោក Gonzalo Cancino បាន​បន្ថែម​នូវ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ទៀត ដែល​ដូច​ទៅ​នឹង​រូបថត​មួយ​សន្លឹក​ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា​អះ​អាង​ថា ជា​ការ​លេង​ជះ​ទឹក​នៅ​កម្ពុជា​កាល​ពី​អតីត​កាល។

Facebook Post

កាល​ពី​ដើម​ខែ​មេសា​នេះ គណនី​ហ្វេសប៊ុក Gonzalo Cancino ក៏​បាន​បង្ហោះ​ជា​ថ្មី​ម្ដង​ទៀត​នូវ​រូបថត​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​នៅ​ក្នុង​រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង ហើយ​សំណេរ​ជា​ភាសា​ឡាវ​បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ឱ្យ​ឃើញ​ការ​លេង​ជះ​ទឹក​របស់​ប្រជាជន​ឡាវ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កាល​ពី​អតីត​កាល។

Facebook Post | Archived Link

យើង​ក៏​បាន​រក​ឃើញ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ចិន zgmh.net កាល​ពី​ខែ​មេសា ឆ្នាំ​២០២២​កន្លង​មក​ផង​ដែរ ដែល​បញ្ជាក់​ថា រូបថត​មួយ​នេះ គឺ​ជា​ការ​លេង​ជះ​ទឹក​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ក្នុង​ប្រទេស​ឡាវ​កាល​ពី​ឆ្នាំ​១៩៧១។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ស​ខ្មៅ​មួយ​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​ក្នុង​រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង មិន​មែន​ជា​ការ​លេង​ជះ​ទឹក​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ប្រទេស​កម្ពុជា​កាល​ពី​អតីត​កាល​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៃ​ប្រជាជន​ឡាវ​នៅ​ក្នុង​ឆ្នាំ​១៩៧១។

Avatar

Title:តើ​រូបថត​ចាស់​មួយ​សន្លឹក​នេះ​ជា​ការ​លេង​ជះ​ទឹក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​នៅ​កម្ពុជា​នា​អតីត​កាល​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *