
តារាសម្ដែងឥណ្ឌា លោក Gagan Malik ដែលជាតួសម្ដែងជាព្រះពុទ្ធនៅក្នុងខ្សែភាពយន្តនិយាយអំពីប្រវត្តិរបស់ព្រះពុទ្ធនោះ បានមកទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជាកាលពីសប្ដាហ៍មុន។ បន្ទាប់មក ក៏មានការអះអាងថា តារាសម្ដែងរូបនេះ គឺជាតួសម្ដែងជាព្រះពុទ្ធនៅក្នុងវីដេអូភាគរឿង “ពុទ្ធប្រវត្តិ” ដែលធ្លាប់ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា បន្ទាប់ពីផ្ទៀងផ្ទាត់រួច យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវទេ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងដ៏ផុសផុលនៅលើបណ្ដាញសង្គម បានលើកឡើងថា តារាភាពយន្តឥណ្ឌា លោក Gagan Malik គឺជាតួអង្គសនម្ដែងជាព្រះពុទ្ធនៅក្នុងខ្សែវីដេអូភាគពុទ្ធប្រវត្តិ ដែលត្រូវបានចាក់បញ្ចាំងតាមទូរទស្សន៍មួយនៅក្នុងប្រទេសកម្ពុជា។
ការអះអាងនេះ ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងត្រូវបានចែករំលែកបន្តយ៉ាងផុសផុល បន្ទាប់ពីតារាភាពយន្តឥណ្ឌារូបនេះ បានធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជាកាលពីសប្ដាហ៍មុន។
ការអះអាងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយរូបថតលោក Gagan Malik ថតរូបជាមួយសម្ដេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម និងរូបថត ២សន្លឹកដែលត្រូវបានផ្ដាមយកចេញពីវិដេអូភាគនិយាយអំពីពុទ្ធប្រវត្តិ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដែលសរសេរថា “តួសម្ដែងជាតួអង្គព្រះពុទ្ធបានអញ្ចើញមកដល់ដែនដីកម្ពុជាយើងហើយ”។

ព័ត៌មានដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតដែរ ហើយក៏ទទួលបានប្រតិកម្ម និងមតិយោបល់ចម្រុះបែបពីអ្នកប្រើប្រាស់ហ្វេសប៊ុកដូចគ្នា។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “លោក Gagan Malik (ដែលជាតួអង្គសម្ដែងរឿងព្រះពុទ្ធ) ការមកដល់ប្រទេសកម្ពុជាយើង គឺជាលើកទី១របស់គាត់ហើយ។ […]”។

ក្រៅពីអ្នកប្រើប្រាស់ហ្វេសប៊ុកទូទៅ សារព័ត៌មានក្នុងស្រុកមួយចំនួន ក៏បានចុះផ្សាយផងដែរថា លោក Gagan Malik គឺជាតួសម្ដែងជាព្រះពុទ្ធនៅក្នុងខ្សែវីដេអូភាគ “ពុទ្ធប្រវត្តិ” ហើយការផ្សព្វផ្សាយនេះ ត្រូវបានចែករំលែកបន្តរហូតដល់ទៅរាប់ពាន់ដង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុកសារព័ត៌មាន PN Cambodia ដែលផ្សាយថា លោក Gagan Malik គឺជាតួសម្ដែងនៅក្នុងរឿងភាគនិយាយអំពីព្រះពុទ្ធ។

ការអះអាងដូចគ្នានេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតដែរនៅ។ លោកអ្នកអាចមើលការអះអាង ឬព័ត៌មានដូចគ្នានេះតាមរយៈតំណភ្ជាប់នៅទីនេះ ១ (archived), ២ (archived), ៣ (archived), ៤ (archived), ៥ (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យឡើងវិញទៅលើប្រវត្តិនៃការសម្ដែងរបស់លោក Gagan Malik នៅក្នុងវិស័យភាពយន្តឥណ្ឌា និងតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
បើតាមប្រវត្តិរបស់លោកដែលកត់ត្រានៅក្នុង Wikipedia តារាសម្ដែងភាពយន្តជនជាតិឥណ្ឌា លោក Gagan Malik អាយុ ៤៨ឆ្នាំ បានចាប់ផ្ដើមអាជីពសម្ដែងភាពយន្តរបស់លោកនៅឆ្នាំ២០០៥ ហើយលោកបានសម្ដែងជាតួអង្គព្រះពុទ្ធនៅក្នុងខ្សែភាពយន្តអន្តរជាតិមួយមានចំណងជើងថា “Sri Siddhartha Gautama” កាលពីឆ្នាំ២០១៣កន្លងមក។
ខ្សែភាពយន្ត “Sri Siddhartha Gautama” ឬ “ស្រីសត្ថាគត” ដែលផលិតឡើងដោយផលិតករនៅប្រទេសស្រីលង្កានោះ គឺជាខ្សែភាពយន្តដែលនិយាយអំពីប្រវត្តិរបស់ព្រះពុទ្ធ ហើយភាពយន្តមានរយៈពេល ១១៥នាទីនេះ ទទួលបានការគាំទ្រទូលំទូលាយពីពុទ្ធសាសនិកនៅតាមបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត។
ខាងក្រោមនេះ គឺជារូបក្របមុខនៃខ្សែភាពយន្តរឿង “Sri Siddhartha Gautama” ដែលត្រូវបានផ្សព្វផ្សាយជាមួយព័ត៌មានសង្ខេបអំពីខ្សែភាពយន្តនេះនៅលើវេបសាយ Imdb។

ខាងក្រោមនេះ គឺជាវីដេអូសង្ខេបខ្លីអំពីខ្សែភាពយន្តមួយនេះ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញ YouTube កាលពីដើមឆ្នាំ២០១៥កន្លងមក។
YouTube Channel | Archived Link
ព័ត៌មានខាងលើនេះ បញ្ជាក់ថា វាជាភាពយន្តមានរយៈពេលត្រឹមតែ ១១៥នាទីប៉ុណ្ណោះ ដែលខុសពីវីដេអូភាគនិយាយអំពីពុទ្ធប្រវត្តិ ដែលត្រូវបានចាក់បញ្ចាំងតាមទូរទស្សន៍ក្នុងស្រុកមួយ។
តាមរយៈការដំណើរការផ្ទៀងផ្ទាត់រូបថតដោយ Google Reverse Image Search យើងបានរកឃើញតួអង្គព្រះពុទ្ធដែលត្រូវបានគេលើកឡើងនៅលើបណ្ដាញសង្គមនោះនៅក្នុងវីដេអូភាគមួយផ្សេងដែលនិយាយអំពីប្រវត្តិរបស់ព្រះពុទ្ធ ឬហៅម្យ៉ាងទៀតថា “ពុទ្ធប្រវត្តិ”។
នៅវីដេអូភាគ Buddha – The King of Kings ឬ “ព្រះពុទ្ធ – ក្សត្រនៃក្សត្រ” ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ២០១៣ ដោយលោក Bhupendra Kumar Modi ដែលជាមហាសេដ្ឋីសិង្ហបុរីដើមកំណើតឥណ្ឌា។ វីដេអូរឿងភាគដែលនិយាយអំពីប្រវត្តិរបស់ព្រះពុទ្ធនេះ ត្រូវបានចាក់បញ្ចាំងនៅលើទូរទស្សន៍ ZeeTV របស់ឥណ្ឌានៅចុងឆ្នាំ២០១៣។
បើតាមវេបសាយ Imdb តារាសម្ដែងឥណ្ឌា លោក Himanshu Soni សម្ដែងជាតួអង្គព្រះពុទ្ធនៅក្នុងវីដេអូរឿងភាគនេះ មិនមែនជាលោក Gagan Malik នោះឡើយ។
លោក Himanshu Soni អាយុ ៣៦ឆ្នាំ បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារតែបានសម្ដែងជាតួឯកនៅក្នុងរឿងភាគជាច្រើន ដូចជាតួអង្គព្រះវិស្ណុ តួអង្គព្រះរាម តួអង្គព្រះសិវៈ និងតួអង្គព្រះពុទ្ធ។
ខាងក្រោមនេះ គឺជារូបថតលោក Himanshu Soni សម្ដែងជាតួអង្គព្រះពុទ្ធនៅក្នុងវីដេអូភាគរឿង “ពុទ្ធប្រវត្តិ” ឬ “Buddha – The King of Kings” ដែលត្រូវបានចាក់បញ្ចាំងដោយទូរទស្សន៍មួយនៅកម្ពុជាកាលពីប៉ុន្មានឆ្នាំមុន។

ខាងក្រោមនេះ គឺជាវីដេអូភាគរឿង “Buddha – The King of Kings” ដែលត្រូវបានបង្ហោះនៅក្នុងបណ្ដាញ YouTube ដោយឆាណែលមួយកាលពីខែតុលាឆ្នាំមុន។
ជាងនេះទៅទៀត តារាសម្ដែងឥណ្ឌារូបនេះ ត្រូវបានដកស្រង់សម្ដីចុះផ្សាយដោយសារព័ត៌មាន NDTV កាលពីចុងឆ្នាំ២០១៣ ដែលនិយាយថា លោកចង់ឱ្យអ្នកទស្សនាចងចាំរូបលោកជាតួអង្គព្រះពុទ្ធទាំងនៅក្នុងកញ្ចក់ទូរទស្សន៍ និងនៅខាងក្រៅ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ តារាភាពយន្តឥណ្ឌា លោក Gagan Malik ដែលមកទស្សនាប្រាសាទអង្គរវត្តនោះ មិនមែនជាតួអង្គសម្ដែងជាព្រះពុទ្ធក្នុងវីដេអូភាគនោះឡើយ។ លោកសម្ដែងជាតួអង្គព្រះពុទ្ធនៅក្នុងខ្សែភាពយន្ត “Sri Siddhartha Gautama” ដែលជាភាពយន្តនិយាយអំពីប្រវត្តិរបស់ព្រះពុទ្ធផងដែរ។ ចំណែកឯវីដេអូភាគរឿង “ពុទ្ធប្រវត្តិ” ឬ “Buddha – The King of Kings” សម្ដែងដោយលោក Himanshu Soni។

Title:អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាយល់ច្រឡំថា Gagan Malik ជាតួអង្គព្រះពុទ្ធក្នុងរឿងភាគ “ពុទ្ធប្រវត្តិ”
Written By: Jay UdomResult: Misleading