​រូបថត​ចាស់​លោក ពូទីន ត្រូវ​បាន​ភ្ជាប់​នឹង​ការ​បាត់​បង់​មេ​ទ័ព​ម្នាក់​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​

False International

ខណៈ​ដែល​រុស្ស៊ី​បន្ត​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូបថត​ជាច្រើន​ពាក់​ព័ន្ធ​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាហូរ​ហែរ។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន យំ​សោក​សង្រេង​នៅ​ក្បែរ​មឈូស​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​មាន​ការ​អះ​អាង​ថា មេដឹកនាំ​រុស្ស៊ី​រូប​នេះ យំ​សោក​សង្រេង​ចំពោះ​ការ​បាត់​បង់​ឧត្ដមសេនីយ៍​ជិត​ស្និទ​មួយ​រូប​នៅ​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀត​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មីនា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​មួយ បាន​បង្ហោះ​រូបថត​ដែល​បង្ហាញ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) យំ​សោក​នៅ​នឹង​ក្ដារ​មឈូស​មួយ និង​រូបថត​មេទ័ព​រុស្ស៊ី​មួយ​រូប។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ថា មេដឹកនាំ​រុស្ស៊ី បាន​ទ្រហោ​យំ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឧត្ដមសេនីយ៍​យោធា​មួយ​រូប​របស់​រុស្ស៊ី ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​រៀបរាប់​ថា «ទឹក​ភ្នែក​ក្រពើ Larmes de crocodile លោក ពូទីន ទ្រ​ហោ​យំ​យ៉ាង​ខ្លាំង​ក្រោយ​ឧត្ដមសេនីយ៍​ជិត​ស្និត​បំផុត​របស់​ខ្លួន​ស្លាប់​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន។ ពេល​នៅ​រស់ ឱ្យ​តម្លៃ​សហការី មន្ត្រី​ជុំវិញ​ខ្លួន​ថោក​ជាង​ឆ្កែ មេទ័ព​កំពូលៗ​អង្គុយ​ចុង​តុ ពេល​ស្លាប់ ធ្វើ​យំ​អោប​ក្ដារ​ម្ឈូស ចរឹត​ពួក​ផ្ដាច់ការ​ចម្លែកៗ! បច្ចុប្បន្ន ពូទីន មិន​ទុក​ចិត្ត​អ្នក​ណា​ទាំង​អស់ ហើយ​ខ្លាច​អង្គរក្ស​សម្លាប់»។

FACEBOOK POST | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ​ស្វែង​រក​រូបថត Google Reverse Image Search ដែល​នាំ​ឱ្យ​​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នេះ ត្រូវ​បាន​ផ្គុំ​ចូល​គ្នា​ដោយ​រូបថត​តូចៗ​ចំនួន ៣​សន្លឹក។ រូបថត​តូច​មួយ បង្ហាញ​​ឧត្ដមសេនីយ៍​ទោ Andrei Sukhovetsky ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​រុស្ស៊ីទី​៤១ ដែល​បាន​ដឹក​នាំ​កង​ទ័ព​រុស្ស៊ី​មួយ​ផ្នែក​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន។

សេចក្ដី​រាយការណ៍​​​របស់​សារព័ត៌មាន Mirror របស់​អង់គ្លេសកាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា បានឱ្យ​ដឹង​ថា ​មេទ័ព​រុស្ស៊ី​រូប​នេះ ត្រូវ​បាន​​ទាហាន​បាញ់​ស៊ីប​បាញ់​សម្លាប់​​អំឡុង​ការ​ប្រយុទ្ធ​គ្នា​ដណ្ដើម​កាន់​កាប់​ព្រលាន​យន្តហោះ Hostomel ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ​ខាង​ក្រៅ​រដ្ឋ​ធានី​គៀវ។ មេ​ទ័ព​រុស្ស៊ី​រូប​នេះ គឺ​ជា​ទាហាន​ជាន់​ខ្ពស់​ថ្នាក់​ឧត្ដមសេនីយ៍​ដំបូង​គេ​របស់​រុស្ស៊ី ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយក្រែន។

បើ​តាម​សារព័ត៌មាន Mirror ដដែល​នេះ ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ក៏​បាន​បញ្ជាក់​ពី​ការ​ស្លាប់​របស់​ឧត្ដមសេនីយ៍​ផ្កាយ​ពីរ​រូប​នេះ​ផង​ដែរ។

MIRROR | ARCHIVED LINK

ចំណែក​រូបថត​មួយ​ទៀត​ដែល​បង្ហាញ​លោក ពូទីន ជួប​ប្រជុំ​ជាមួយ​មនុស្ស ២​នាក់​នៅ​ឯ​តុ​ដ៏​វែង​មួយ​នោះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​ជាច្រើន​ជុំ​វិញ​ពិភព​លោក។

ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP បាន​ឱ្យ​ដឹង​ថា រូបថត​នោះ គឺ​ជា​រូបថត​នៃ​ជំនួប​រវាង​លោក ពូទីន និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លោក Sergey Shoigu និង​អនុរដ្ឋ​មន្ត្រី​ការពារ​ជាតិ និង​ជា​អគ្គ​សេនាធិការ​ចម្រុះ​កង​ទ័ព​រុស្ស៊ី លោក Valery Gerasimov កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២។

AP IMAGES | ARCHIVED LINK

តើ​លោក ពូទីន យំ​សោក​សង្រេក​នៅ​ក្បែរ​មឈូស​ឧត្ដមសេនីយ៍ Andrei Sukhovetsky មែន​ទេ?

មួយ​ផ្នែក​នៃ​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន យំ​សោក​សង្រេង​នៅ​ជាប់​នឹង​ក្ដារ​មឈូស​មួយ។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អង់គ្លេស Daily Mail កាល​ពី​​ខែ​កញ្ញា ឆ្នាំ​២០២១​កន្លង​មក​ បាន​ឱ្យដឹង​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​បង្ហាញ​មេដឹកនាំ​រុស្ស៊ី លោក ពូទីន បាន​យំ​សោក​សង្រេង​នៅ​ក្បែរ​ក្ដារ​មឈូស​នៃ​សព​រដ្ឋមន្ត្រី​សង្គ្រោះ​បន្ទាន់ លោក Yevgeny Zinichev ដែល​ជា​អតីត​អង្គរក្ស​ផ្ទាល់​ខ្លួន​របស់​លោក។

សារព័ត៌មាន​ដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា លោក Zinichev បាន​ស្លាប់​បាត់​បង់​ជីវិត​រួម​គ្នា​ជាមួយ​ផលិតករ​ភាពយន្តលោក Alexander Melnik កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២១។ អតីត​អង្គរក្ស​លោក ពូទីន រូប​នេះ បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ពេល​លោក​ព្យាយាម​ជួយ​សង្គ្រោះ​លោក Melnik ដែល​បាន​ធ្លាក់​​ចូល​ទៅ​ក្រោម​ទឹក​កក អំឡុង​ពេល​សមយុទ្ធ​យោធា​នៅ​តំបន់​អាក់ទិក ជិត​ទីក្រុង Norilsk។

DAILY MAIL | ARCHIVED LINK

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ឈរ​នៅ​ជាប់​នឹង​មឈូស​បើក​គម្រប់​នោះ មិន​មែន​ជា​ទិដ្ឋភាព​លោក ពូទីន យំ​សោក​ស្ដាយ​ចំពោះ​មរណភាព​ឧត្ដមសេនីយ៍​ទោ Andrei Sukhovetsky នៅ​ក្នុងសង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺ​លោក ពូទីន យំ​សោក​សង្រេង​ចំពោះ​មរណភាព​រដ្ឋ​មន្ត្រី​ក្រសួង​សង្គ្រោះ​បន្ទាន់ លោក Yevgeny Zinichev ដែល​ជា​អតីត​អង្គរក្ស​ផ្ទាល់​ខ្លួន​របស់​លោក កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២១​កន្លង​មក។

Avatar

Title:​រូបថត​ចាស់​លោក ពូទីន ត្រូវ​បាន​ភ្ជាប់​នឹង​ការ​បាត់​បង់​មេ​ទ័ព​ម្នាក់​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *