វីដេអូ​​ AI បង្ហាញ​លោក Zelenskyy លុត​ជង្គង់​នៅ​មុខ​មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប៊ីសាអ៊ូឌីត

False International

បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នោះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​លោក​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​ដែល​ទៅ​ទទួល​ស្វាគមន៍​លោក​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​ភ្ជាប់ជាមួយ​សំណេរ​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​សុខ​ចិត្ត​លុត​ជង្គង់​ចំពោះ​មុខ​ស្ដេច​អារ៉ាប់ ដើម្បី​ដូរ​យក​សន្តិភាព​ដោយ​មិន​កាត់​ទឹក​ដី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​​រក​ឃើញ​ថា ការ​អះអាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy លុត​ជង្គង់​នៅ​មុខ​មេដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត ត្រូវបាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​សុខ​ចិត្ត​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ព្រះ​មហាក្សត្រ​អារ៉ាប៊ី​សាអ៊ូឌីត ដើម្បី​ដូរ​យក​សន្តិភាព​សម្រាប់​ប្រទេស​របស់​គាត់​ដោយ​មិន​កាត់​ទឹក​ដី។

វីដេអូ​ឃ្លីប​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដែល​បញ្ជាក់​ថា ពួកគេ​ជឿ​ថា មេដឹកនាំ​អ៊ុយក្រែន​ពិត​ជា​បាន​ធ្វើ​បែប​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា “ដើម្បី​មិន​ចង់​កាត់​ទឹក​ដី​ដូរ​យក​សន្តិភាព ប្រធានាធិបតី​អ៊ុយក្រែន​សុខ​ចិត្ត​លុត​ជង្គង់​នៅ​មុខ​ស្ដេច​អារ៉ាប់ ទឹក​មុខ​លោក​មើល​ទៅ​ធ្វើ​ឱ្យ​ខ្ញុំ​ទប់​ទឹក​ភ្នែក​មិន​ជាប់”។

Facebook Post | Archived Link

វីដេអូ​ឃ្លីប​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា មេដឹកនាំ​អ៊ុយក្រែន​សុខ​ចិត្ត​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ស្ដេច​អារ៉ាប់ ដើម្បី​ទឹក​ដី​ប្រទេស​របស់​លោក​ស្ថិត​នៅ​គង់វង់។

វីដេអូ​ជាមួយ​សំណេរ​ខ្លឹមសារ​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​រហូត​ដល់​ជាង ១៣០០​ដង ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ និង​ប្រតិកម្ម​ផ្សេងៗ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ដែល​ត្រូវ​បាន​ចម្លង​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​ថា “នៅចំពោះមុខស្តេចអារ៉ាប់ លោកអាចធ្វើបាន ដើម្បីទឹកដីនៅគង់វង់”។

Facebook Post | Archived Link

វីដេអូ​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok និង​បណ្ដាញ​កម្សាន្ត YouTube ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​ចាយ​បន្ត​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​អ៊ុយក្រែន​ដែល​មាន​ន័យ​ថា មេដឹកនាំ​អ៊ុយក្រែន​ លោក Zelenskyy បាន​លុត​ជង្គង់​ចំពោះ​មុខ​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត។

TikTok Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​នេះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​កម្សាន្ត YouTube ជា​ភាសា​អារ៉ាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

YouTube Video | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ​តាមរយៈ​ការដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

ផ្អែម​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Al Jazeera ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ជំនួប​ជាមួយ​ក្រុម​មន្ត្រី​ការទូត​អាមេរិក ដែល​ផ្ដោត​លើ​ការចរចា​អំពី​រឿង​រ៉ែ​កម្រ និង​ការ​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី។

រូបថត​មួយ​សន្លឹក​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ជាមួយ​អត្ថបទ​ព័ត៌មាន​ខាង​លើ បង្ហាញ​លោក Zelenskyy ស្ថិត​ក្នុង​សម្លៀក​បំពាក់បែប​យោធា​ ជួប​ជាមួយ​អភិបាល​រង​តំបន់​ Makkah ព្រះ​អង្គ​ម្ចាស់ Saud bin Mishal bin Abdulaziz។

សារព័ត៌មាន Al Jazeera បាន​ផ្សាយ​បែប​នេះ​ដោយ​ផ្អែក​លើ​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​អារ៉ាប៊ីសាអ៊ូឌីត ដែល​បង្ហាញ​លោក Zelenskyy ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Jeddah ជា​ទីក្រុង​កំពង់ផែ​ស្ថិត​នៅ​មាត់​សមុទ្រ​ក្រហម។

ខាង​ក្រោម​នេះ គឺ​ជារូបភាព​ផ្ដាម​ចេញ​ពី​រូបថត​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Al Jazeera កាល​ពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥ ដែល​និយាយ​អំពី​លោក Zelenskyy ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

Al Jazeera’s Report | Archived Link

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត និង​វីដេអូ​​លោក Zelenskyy ធ្វើដំណើរ​ទៅ​ដល់​ទឹក​ដី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ត្រូវ​ទទួល​បាន​ស្វាគមន៍​ដោយ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​របស់​ប្រទេស​នេះ។

ទោះជាយ៉ាងណា គ្មាន​រូបថត ឬ​វីដេអូ​ណា​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​មុខ​មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប៊ីសអ៊ូឌីត​ដែល​ទៅ​ទទួល​លោក​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​នោះ​ឡើយ។

វីដេអូ​នៃ​ដំណើរ​ទៅ​ដល់​ទីក្រុង Jeddah របស់​លោក Zelenskyy ដែល​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ច្រក​ទ្វារ​ចេញ​ពី​យន្តហោះ​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​នានា ក្នុង​នោះ​មាន​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង France24 ជាដើម។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​បង្ហាញ​លោក Zelenskyy ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Jeddah និង​ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប៊ីសាអ៊ូឌីត ដែល​ព័ត៌មាន​នេះ​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AP កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៥។

AP News Report | Archived Link

បើ​បៀប​ធៀប​គ្នា យើង​ឃើញ​ថា វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ថា​លោក Zelenskyy លុត​ជង្គង់​នៅ​ចំពោះ​មុខ​ស្ដេច​អារ៉ាប់​នោះ មិន​មែនដំណើរ​ទៅ​ដល់​ទីក្រុង Jeddah របស់​លោក​នា​ពេល​ថ្មីៗ​នេះ​ឡើយ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា ​លោក Zelenskyy ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រយុទ្ធ​ពណ៌​ប្រផេះនោះ បាន​ធ្វើ​ដំណើរ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ឆ្នាំ​២០២៣​កន្លង​មក ដែល​នៅ​ពេល​នោះ​ទទួល​បាន​ស្វាគមន៍​ដោយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប៊ីសាអ៊ូឌីត​ផង​ដែរ។

បើ​តាម​ការ​ផ្សាយ​របស់សារព័ត៌មាន​អង់គ្លេស Telegraph មេដឹកនាំ​អ៊ុយក្រែនបាន​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង Jeddah កាល​ពី​ឆ្នាំ​២០២៣ ដើម្បី​ចូលរួម​ប្រជុំ​កិច្ច​ប្រជុំ​កំពូល​សម្ព័ន្ធ​អារ៉ាប់ (Arab League)នាពេល​នោះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​រូបថត​ចុះ​ផ្សាយ​ដោយសារព័ត៌មាន Telegraph ដែល​បង្ហាញ​លោក Zelenskyy ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Jeddah និង​ទទួល​ស្វាគមន៍​ដោយ​ក្រុម​មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត កាល​ពី​ឆ្នាំ​២០២៣​កន្លង​មក។

Telegraph’s Report | Archived Link

ដំណើរ​របស់​លោក Zelenskyy នា​ពេល​នោះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ផង​ដែរ ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ មិន​បាន​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប៊ីសាអ៊ូឌីត​ដែល​រង់ចាំ​ទទួល​ស្វាគមន៍​រូប​លោក​នៅ​ព្រលានយន្ត​ហោះ​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​បង្ហាញ​លោក Zelenskyy ធ្វើ​ដំណើរ​ទៅ​ដល់​ព្រលាន​យន្ត​ក្នុង​ទីក្រុង Jeddah និង​ទទួល​ស្វាគមន៍​ដោយ​មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប៊ីសាអ៊ូឌីត។

AFP’s News Report | Archived Link

ម្យ៉ាង​វិញ​ទៀត ​វីដេអូ​ឃ្លីប​ដែល​បង្ហាញ​លោក Zelenskyy លុត​ជង្គង់​នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​នោះ បាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រភព​នៃ​វីដេអូ​នេះ ដែល​បញ្ជាក់​ថា វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត​មួយ​ឈ្មោះ Hailuo AI។

Hailuo AI គឺ​ជា​កម្មវិធី​បញ្ញា​សិប្ប​និម្មិត​សម្រាប់​ឆ្លើយ​តប​នឹង​សំណើ​បង្កើត​វីដេអូ។ កម្មវិធី​បញ្ញា​សិប្ប​និម្មិត​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន MiniMax ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន។

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​ចាប់​ដៃ​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប៊ីសាអ៊ូឌីត​ដែល​បាន​ទៅ​ទទួល​ស្វាគមន៍​រូប​លោក​នៅ​ឯ​ព្រលាន​យន្តហោះ។ វីដេអូ​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​នានា បង្ហាញ​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ មិន​បាន​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ទទួល​ស្វាគមន៍​រូប​លោក​នោះ​ឡើយ។

Avatar

Title:វីដេអូ​​ AI បង្ហាញ​លោក Zelenskyy លុត​ជង្គង់​នៅ​មុខ​មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប៊ីសាអ៊ូឌីត

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *