ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​របស់​កម្ពុជា បាន​បាត់​ការ​ទាក់​ទង​ជាមួយ​ទីបញ្ជាការ​កង​ទ័ព​អាកាស​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។ ពីរថ្ងៃ​ក្រោយ​មក ព័ត៌មាន​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ថា គេ​បាន​រក​ឃើញ​បំណែក​ឧទ្ធម្ភាគចក្រ​នេះ​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា ​ជា​ការពិត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ព័ត៌មាន​ដ៏​ផុស​ផុល​មួយ​នៅ​លើ​​បណ្ដាញ​សង្គម​នៅ​ចុង​សប្ដាហ៍​នេះ បាន​លើក​ឡើង​ថា បំណែក​ឧទ្ធម្ភាគចក្រ​យោធា​កម្ពុជា​មួយ​គ្រឿង​ដែល​បាន​បាត់​ដាន​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​ភាគ​ពាយព្យ​ប្រទេស​កម្ពុជា​នោះ ត្រូវ​បាន​រក​ឃើញ​ហើយ ប៉ុន្តែ គេ​មិន​ទាន់​រក​ឃើញ​មនុស្ស ២​នាក់​ដែល​បាត់​ខ្លួន​ជាមួយ​យាន​នេះ​នៅ​ឡើយ​ទេ។

​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​ដ៏​ច្រើន​ ដែល​ជឿ​តាម​ព័ត៌មាន​នេះ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ទាំង​ស្រុង​​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “សង្ឃឹម​ថា គាត់​ទាំង​ពីរ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ផង​ចុះ ពេល​នេះ​រក​ឃើញ​បំណែក​ឧទ្ធម្ភាគចក្រ​ហើយ​នៅ​ថ្ងៃ​ទី​១៤​នេះ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​នៅ​រក​មិន​ទាន់​ឃើញទេ”។

Facebook Post | Archived

ព័ត៌មាន​​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ដែរ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន ព្រម​ទាំង​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺជា​ព័ត៌មាន​ទាំង​ស្រុង​ដែលត្រូវ​បាន​ចម្លង​ទាំង​ស្រុង​ពី​ព័ត៌មាន​ខាង​លើ ហើយ​​ត្រូវ​បាន​បង្ហោះ​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “ដំណឹង​បន្ទាន់ រក​ឃើញ​បំណែក​ឧទ្ធម្ភាគចក្រ​ហើយ​នៅ​ថ្ងៃ​ទី​១៤​នេះ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​នៅ​រក​មិន​ទាន់​ឃើញ​ទេ 14/7/2024/ RIP បឋម”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​​ដូច​គ្នា​នេះ​នៅ​លើ​បណ្ដាញ​សង្គមដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​រជាច្រើន​ដង​ទៀត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

Facebook Post | Archived

ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ដូច​គ្នា​នេះ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​នយោបាយ​កម្ពុជា​ម្នាក់​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤។

Facebook Post | Archived Link

ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ។ សូម​មើល​ព័ត៌មាន​ដូច​គ្នា​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈការ​ស្វែង​រក​ការបញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ដើម្បី​បញ្ជាក់​ការពិត​អំពី​ព័ត៌មាន​នេះ Fact Crescendo បាន​ស្វែង​រក​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ ដែល​បាន​លោ​កបញ្ជាក់​រឿង​នេះ​តាម​រយៈ​សំណេរ​របស់​លោក​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​តែ​ម្ដង។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បញ្ជាក់​ថា ព័ត៌មាន​ដែល​និយាយ​ថា​រក​ឃើញ​បំណែក​ឧទ្ធម្ភាគចក្រ​កំពុង​បាត់​ខ្លួន​នោះ គឺ​ជា​ព័ត៌មាន “មិន​ពិត” ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​រក​លុយ​តាម​អនឡាញ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ប្រតិបត្តិការ​រុក​រក​ឧទ្ធម្ភាគចក្រ​ដែល​បាត់​ខ្លួន​នោះ កំពុង​បន្ត​ធ្វើ​ឡើង​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ ដោយ​មិន​ទាន់​រក​ឃើញ​ឧទ្ធម្ភាគចក្រ​នោះ​នៅ​ឡើយទេ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បញ្ជាក់​របស់​លោក ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤។

Facebook Post | Archived Link

ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រូប​នេះ ក៏​ត្រូវ​បាន​បង្ហោះ​បន្ត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ការពារ​ជាតិ​​ផង​ដែរ​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤ ដោយ​ក្រសួង​បាន​អំពាវ​នាវ​ទៅ​មហាជន​កុំ​ឱ្យ​ជឿ​តាម​ព័ត៌មាន​ “ក្លែង​ក្លាយ”​នេះ ដែល​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ។

Facebook Post | Archived Link

ដើម្បី​បញ្ចាក់​លើ​ព័ត៌មាន​នេះ​បន្ថែម​ទៀត យើង​បាន​ដំណើរការ​ផ្ទៀង​ផ្ទាត់​រូបថត​បំណែក​ឧទ្ធម្ភាគចក្រ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​រូបថត​ដូច​គ្នាចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​កម្ពុជា​កាល​ពី ១០​ឆ្នាំ​មុន។ ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ឧទ្ធម្ភាគចក្រ​យោធា​កម្ពុជា​ដែល​ធ្លាក់​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៤ ហើយ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​មួយ។

KhmerLoad | Archived Link

ក្រៅ​ពី​ការ​ផ្សាយ​របស់​សារព័ត៌មាន​កម្ពុជា ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាល​ពី ១០​ឆ្នាំ​មុន​នោះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបថត​​មួយ​សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត​ជាច្រើន​ទៀត​ដែល​ត្រូវ​បាន​ថត​ពី​ករណី​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​កម្ពុជា​មួយ​គ្រឿង​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​កាល​ពី ១០​ឆ្នាំ​មុន។

Alamy

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង បាន​បាត់​ការ​ទាក់​ទង​ជាមួយ​ទីបញ្ជាការ​កង​ទ័ព​អាកាស​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​ស្ថិត​នៅ​ចន្លោះ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២៤។

ក្រសួង​បញ្ជាក់​ទៀត​ថា មនុស្ស ២​នាក់​ធ្វើ​ដំណើរ​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​ដែល​បាត់​ខ្លួន​នោះ ក្នុង​នោះ​មាន​ប្រធាន​ក្រុម​ម្នាក់ និង​អាកាស​យានិក​ម្នាក់ ដែល​ពួកគេ​ស្ថិត​ក្នុង​បេសកកម្ម​ហោះ​ហើរ​ហ្វឹកហ្វឺន​ទៅ​តាម​ផែនការ​របស់​កង​ទ័ព​អាកាស។

ក្រសួង​ការពារជាតិ បញ្ជាក់​ថា ការ​ហោះ​ហើរ​ហ្វឹក​ហ្វឺន​នេះ​ បាន​កើត​ឡើង​ចំ​ពេល​អាកាស​ធាតុ​មិន​អំណោយ​ផល ហើយ​ក្រុម​ប្រតិបត្តិការ​រុក​រក ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ ជាទី​ដែល​សម្បូរព្រៃក្រាស់ និង​មាន​អ័ព្ទ​ខ្លាំង។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការពារ​ជាតិ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមនៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០២៤។

Facebook Post | Archived Link

ខាង​ក្រោមនេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការពារ​ជាតិ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​និយាយ​ពី​ការ​បាត់​ខ្លួន​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង។

Facebook Post | Archived Link

ទោះជាយ៉ាងណា ក្រសួង​ការពារ​ជាតិ​កម្ពុជា​មិន​បាន​បង្ហាញ​ពី​ព័ត៌មាន​ឧទ្ធម្ភាគចក្រ និង​អត្តសញ្ញាណ​ពេញ​លេញ​របស់​មនុស្ស ២​នាក់ ដែល​ធ្វើ​ដំណើរ​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ​ទេ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ព័ត៌មាន​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​ដែល​កំពុង​បាត់​ខ្លួន​នោះ មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ទេ ហើយ​ប្រតិបត្តិការ​រុក​រក​កំពុង​បន្ត​ធ្វើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ​ចន្លោះ​ខេត្ត​ពោធិ៍សាត់ និង​កោះកុង ជាទីដែល​យាន​មួយ​គ្រឿង​នេះ​បាន​បាត់​ការ​ទាក់​ទង​ជាមួយ​ទីបញ្ជាការ​កង​ទ័ព​អាកាស។

Avatar

Title:ព័ត៌មានក្លែងក្លាយផ្សាយថា គេបានរកឃើញបំណែកឧទ្ធម្ភាគចក្រដែលបាត់ខ្លួន

Written By: Jay Udom

Result: False