
ការចូលឈ្លានពាន និងវាយប្រហារប្រទេសអ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ីតាមបញ្ជារបស់លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានបំផ្លិចបំផ្លាញជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន។ ទន្ទឹមគ្នា រូបថតមួយសន្លឹកដែលបង្ហាញទីលានឯករាជ្យទីក្រុងគៀវ រងការខូចខាតខ្ទេចខ្ទីនោះ ត្រូវបានបង្ហោះភ្ជាប់ទៅនឹងស្ថានការណ៍ដែលកំពុងកើតមានឡើងរវាងអ៊ុយក្រែន-រុស្ស៊ីនាពេលថ្មីៗនេះ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតពីរសន្លឹក ដែលរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពទីលានឯករាជ្យក្នុងទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដែលមិនទាន់ទទួលរងការវាយប្រហារ និងទិដ្ឋភាពទីលានឯករាជ្យ ក្រោយរងការវាយប្រហារ។
រូបថតទាំងពីរសន្លឹកនេះ ត្រូវបានភ្ជាប់ទៅនឹងទិដ្ឋភាពវិបត្តិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី កើតឡើងនាពេលថ្មីៗនេះ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិ និងប្រតិកម្មទៅនឹងរូបថតនេះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ បានសរសេរថា «#អ៊ុយក្រែន ទីកន្លែងតែមួយតែ ពេលវេលាខុសគ្នា #តម្លៃសន្តិភាព»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតដែលត្រូវបានអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមានទម្រង់ និងសណ្ឋានដូចគ្នា ត្រូវបានរកឃើញនៅក្នុងអត្ថបទព័ត៌មានរបស់សារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤។ សារព័ត៌មានដដែលនេះ បានឱ្យដឹងថា ទីលានឯករាជ្យនៅទីក្រុងគៀវ ត្រូវបានបំផ្លាញក្រោយពីមានការប៉ះទង្កិចគ្នារវាងក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល និងក្រុមប៉ូលីស។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ ដោយបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «View from the south of Independence Square. Wednesday 19 February» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ទិដ្ឋភាពពីភាគខាងត្បូងនៃទីលានឯករាជ្យកាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈកន្លងទៅ»។

BBC News Report | Archived Link
ដូចគ្នានេះ គេហទំព័រសារព័ត៌មាន Business Insider ចុះផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ ក៏បានបង្ហាញរូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងផងដែរ។
សារព័ត៌មានដដែលនេះ បានបញ្ជាក់ជាភាសាអង់គ្លេសដែលមានន័យថា «ទិដ្ឋភាពពីលើអាកាសបង្ហាញពីទីលានឯករាជ្យ អំឡុងពេលមានការប៉ះទង្គិចគ្នារវាងបាតុករប្រឆាំងរដ្ឋាភិបាល និងសមាជិកក្រសួងមហាផ្ទៃ និងប៉ូលិសកុបកម្មនៅកណ្តាលទីក្រុងគៀវកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤»។

Business Insider Link | Archived Link
សារព័ត៌មានរុស្ស៊ី RT ក៏បានបង្ហាញផងដែរនូវទិដ្ឋភាពខូចខាតនៃទីលានឯករាជ្យទីក្រុងគៀវ នៅក្នុងសេចក្ដីរាយការណ៍ព័ត៌មានរបស់ខ្លួន ដែលត្រូវបានបង្ហោះនៅលើបណ្ដាញ YouTube កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមក។
ករណីមួយខាងលើនេះ ក៏ត្រូវបានពិនិត្យការពិតដោយក្រុមការងារ Fact Crescendo Sri Lanka ជាភាសាអង់គ្លេសផងដែរ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។
ការផ្ទៀងផ្ទាត់នេះ បានរកឃើញថា រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពទីលានឯករាជ្យរបស់ប្រទេសអ៊ុយក្រែន ការពិតគឺត្រូវបានរកឃើញតាំងពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤មកម្ល៉េះ ដែលនេះគឺជាលទ្ធផលក្រោយពីមាន ការប៉ះទង្កិចរវាងក្រុមបាតុករ និងក្រុមប៉ូលីសរបស់ប្រទេសអ៊ុយក្រែន។
សូមអានបន្ថែម៖ 2014 Photo Of Independence Square In Kyiv Shared As Recent Scene Of War In Ukraine…
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។រូបថតមួយសន្លឹកនេះ មិនមែនទីលានឯករាជ្យទីក្រុងគៀវរងការខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ីនោះឡើយ។ រូបថតនេះ បង្ហាញទីលានឯករាជ្យទីក្រុងគៀវ ប្រទេសអ៊ុយក្រែន រងការខូចខាត ក្រោយការប៉ះទង្គិចគ្នារវាងក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល និងក្រុមប៉ូលិស កាលពីឆ្នាំ២០១៤មកម្ល៉េះ។

Title:តើទីលានឯករាជ្យក្នុងទីក្រុងគៀវ ត្រូវបានបំផ្លាញក្នុងអំឡុងវិបត្តិអ៊ុយក្រែន-រុស្ស៊ីនាពេលថ្មីៗនេះមែនឬ?
Fact Check By: Kakada SimResult: International
