អតីត​បវរ​កញ្ញា​អ៊ុយក្រែន​បញ្ជាក់​ថា នាង​មិន​បាន​ចូលរួម​ក្នុង​កង​ទ័ព​ប្រយុទ្ធ​នឹង​រុស្ស៊ី​ទេ

False International

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​តាម​មធ្យោបាយ​យោធា​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន រូបថត​អតីត​បវរ​កញ្ញា​អ៊ុយក្រែន នាង អាណាស្តាសៀ ឡេនណា ដែល​កាន់​កាំភ្លើង និង​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​អះ​អាង​ថា នាង​បាន​ចូលរួម​ជាមួយ​កង​ទ័ព​​អ៊ុយក្រែន​ប្រយុទ្ធ​នឹង​ទាហាន​រុស្ស៊ី​ ដើម្បី​ការពារ​មាតុ​ភូមិ​របស់​នាង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ បាន​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា បវរ​កញ្ញា​អ៊ុយក្រែន នាង អាណាស្តាសៀ ឡេនណា (Anastasiia Lena) បាន​ចាប់​កាន់​កាំភ្លើង​ចូលរួម​សមរភូមិ​ជាមួយ​កង​ទ័ព​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​ទ័ព​ឈ្លាន​ពាន​រុស្ស៊ី។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ ក៏​បាន​​បង្ហោះ​រូបថត​បវរ​កញ្ញា​អ៊ុយក្រែន​​រូប​នេះ​​ដែល​ស្ថិត​ក្នុង​ឯក​សណ្ឋាន​កង​ទ័ព និង​កាន់​កាំភ្លើង​នៅ​ក្នុង​ដៃ​ផង​ដែរ។

រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជិត ៥​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​សរសេរ​រៀបរាប់​ថា «បវរ​កញ្ញា​អ៊ុយក្រែន​ល្ងង់​ណាស់ ធ្វើ​បវរ​កញ្ញា​សុខ​ៗ​មិន​ចង់​ទេ ចង់​មក​កាន់​កាំភ្លើង​ធ្វើ​សង្គ្រាម មនុស្ស​ស្រី​មាន​ឧត្ដម​គតិ​គិត​រឿង​ជាតិ រី​ឯ​ស្រី​ចោល​ម្សៀត​គិត​រឿង​ប្រុស​ឈ្មោល មនុស្ស​ស្រី​ដែល​ស្អាត​មិន​មែន​ស្ថិត​នៅ​លើ​សម្រស់​នោះ​ទេ​ គឺ​ដួង​ចិត្ត​ ជាពិសេស​ទឹក​ចិត្ត​របស់​នាង​ចំពោះ​មាតុភូមិ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន»។

FACEBOOK POST | ARCHIVED

រូបថត​អតីត​បវរ​កញ្ញា​រូប​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ដទៃ​ទៀត​ បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ហើយ​អះ​អាង​ដូច​គ្នា​ថា នាង​ចូល​រួម​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​អ៊ុយក្រែន ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​មាតុ​ភូមិ​របស់​នាង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុ​កម្នាក់​ទៀត ដែល​រៀបរាប់​ថា «បវរ​កញ្ញា​អ៊ុយក្រែន​លះ​បង់​សាច់​ស្រស់​ឈាម​ស្រស់​លើក​អាវុធ​ការពារ​ជាតិ​ពិត​ជា​គួរ​ឱ្យ​គោរព​ខ្លាំង​ណាស់»។

FACEBOOK POST | ARCHIVED

ចំណែក​ឯ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត បាន​សរសេរ​រៀបរាប់​ថា «បវរ​កញ្ញា​អ៊ុយក្រែន នាង Anastasiia Lenna បាន​ទម្លាក់​ម្កុដ​ចុះ ហើយ​លើក​អាវុធ​ឡើង​ដើម្បី​ចូលរួម​ការពារ​ប្រទេស​អ៊ុយក្រែន។ អ៊ុយក្រែន​មាន​ស្ត្រី​ចំនួន ៣៦០០០​នាក់​ កំពុង​បម្រើ​ក្នុង​ជួរ​កង​ទ័ព។ #អ៊ុយក្រែន»។

FACEBOOK POST | ARCHIVED

រូបថត​របស់​អតីត​បវរ​កញ្ញា​អ៊ុយក្រែន​រូប​នេះ និង​ការ​អះ​អាង​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រង់​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​សប្ដាហ៍​មុន។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Yandex reverse image search និង​ការ​ពិនិត្យ​មើល​ទៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​របស់​អតីត​បវរ​កញ្ញា​រូប​នេះ ដែល​នាំ​ឱ្យ​យើង​​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នាង អាណាស្តាសៀ ឡេនណា កាន់​កាំភ្លើង​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គណនី​ Instagram របស់​នាង ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ពោល​គឺ ២​ថ្ងៃ​មុន​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន។

ANASTASIIA LENNA’S INSTAGRAM | ARCHIVED

នៅ​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន​របស់​នាង ​អតីត​បវរ​កញ្ញា Miss Grand International របស់​ប្រទេស​អ៊ុយក្រែន​រូប​នេះ បាន​ច្រាន​ចោល​នូវ​ការ​អះ​អាង​នេះ ដោយ​និយាយ​ថា នាង​មិន​មែន​ជា​ទាហាន​ទេ ហើយ​នាង​គ្រាន់​តែ​ជា​មនុស្ស​ស្រី​ធម្មតា​ម្នាក់​ប៉ុណ្ណោះ។

នាង អាណាស្តាសៀ ឡេនណា បាន​រៀបរាប់​បន្ត​ថា នាង​គឺ​ជា​អ្នក​លេង​បាញ់​កាំភ្លើង​ខ្យល់​(Airsoft)​ជាច្រើន​ឆ្នាំ​ហើយ ហើយ​រូបថត​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​គណនី​ Instagram របស់​នាង គឺ​នាង​មាន​បំណង​លើក​ទឹក​ចិត្ត​ប្រជាជន។

ANASTASSIA LENNA’S INSTAGRAM | ARCHIVED

នៅ​ក្នុង​គណនី​ Instagram ផ្ទាល់​ខ្លួន​របស់​នាង យើង​បាន​រក​ឃើញ​​រូបថត​ជាច្រើន​ដែល​បង្ហាញ​នាង អាណាស្តាសៀ ឡេនណា បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា និង​កាន់​កាំភ្លើងខ្យល់។ គេ​អាច​មើល​រូបថត​ទាំង​នោះ​បានតាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​​តំណ​ភ្ជាប់​មួយ​ទៀត​ដែល​មាន​នៅ​ទីនេះ​ផង​ដែរ។

តើ​​ហ្គេម​បាញ់​កាំភ្លើង​ខ្យល់​ជា​អ្វី?

ហ្គេម​បាញ់​កាំភ្លើង​ខ្យល់ ឬហៅ​ជា​ភាសា​អង់គ្លេស​ថា Airsoft គឺ​ជា​ហ្គេម​ជា​ក្រុម​ដែល​លេង​បាញ់​កាំភ្លើង​ខ្យល់​ដោយ​ប្រើ​គ្រាប់​ជ័រ។ ហ្គេម​បែប​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​បាញ់​គ្រាប់​ពណ៌​(paintball)​​ផង​ដែរ។

តើ​នាង អាណាស្តាសៀ ឡេនណា ជា​នរណា?

នាង អាណាស្តាសៀ ឡេនណា គឺ​ជា​អតីត​បវរ​កញ្ញា​អ៊ុយក្រែន​សម្រាប់​កម្មវិធី​ប្រកួតសម្រស់​អន្តរជាតិ​មួយ​ឈ្មោះ​ថា Miss Grand International កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក។

រូបថត និង​ការ​អះ​អាង​នេះ ក៏​ត្រូវ​បាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការពិត Fact Crescendo នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ផ្ទៀង​ផ្ទាត់​ផង​ដែរ ហើយ​គេ​អាច​អាន​អត្ថបទ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ

សូម​អាន​បន្ថែម៖ Former Miss Ukraine Anastasia Lenna Has NOT Joined The Ukrainian Army

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ អតីត​បវរ​កញ្ញា​អ៊ុយក្រែន នាង អាណាស្តាសៀ ឡេនណា (Anastasiia Lenna) បាន​ច្រាន​ចោល​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ ដែល​លើក​ឡើង​ថា នាង​ចូលរួម​​ជាមួយ​កង​ទ័ព​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ នាង ឡេនណា បញ្ជាក់​ថា រូបថត​ទាំង​អស់​នៅ​លើ​គណនី​ Instagram របស់​នាង​ដែល​បង្ហាញ​នាង​កាន់​កាំភ្លើង និង​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​នោះ គឺ​ជា​ការ​ចូលរួម​លេង​ហ្គេម​បាញ់​កាំភ្លើង​ខ្យល់​តែ​ប៉ុណ្ណោះ។

Avatar

Title:អតីត​បវរ​កញ្ញា​អ៊ុយក្រែន​បញ្ជាក់​ថា នាង​មិន​បាន​ចូលរួម​ក្នុង​កង​ទ័ព​ប្រយុទ្ធ​នឹង​រុស្ស៊ី​ទេ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.