តើ​ទីលាន​ឯក​រាជ្យ​ក្នុង​ទីក្រុង​គៀវ​ ត្រូវ​បាន​បំផ្លាញ​ក្នុង​អំឡុង​​វិបត្តិ​អ៊ុយ​ក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ​មែន​ឬ​?​​

International Misleading

ការ​ចូល​ឈ្លានពាន​ និង​វាយ​ប្រហារ​ប្រទេស​អ៊ុយក្រែន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ​បាន​បំផ្លិច​បំផ្លាញ​ជា​បន្ត​បន្ទាប់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​អ៊ុយក្រែន​។ ទន្ទឹម​គ្នា​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​ទីលាន​ឯករាជ្យ​​ទីក្រុង​គៀវ​ រង​ការ​ខូច​ខាត​ខ្ទេច​​ខ្ទី​នោះ​ ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ការណ៍​​ដែល​កំពុង​កើត​មាន​ឡើង​រវាង​អ៊ុយ​ក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗនេះ​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​ពីរ​​សន្លឹក ​​ដែល​​រូបថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទីលាន​ឯករាជ្យ​ក្នុង​ទីក្រុង​គៀវ ប្រទេស​អ៊ុយក្រែន ដែល​មិន​ទាន់​ទទួល​រង​ការ​វាយ​ប្រហារ និង​ទិដ្ឋភាព​ទីលាន​ឯករាជ្យ ក្រោយ​រង​ការ​វាយ​ប្រហារ។

រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ទិដ្ឋ​ភាព​វិបត្តិ​សង្គ្រាម​អ៊ុយ​ក្រែន​-រុស្ស៊ី​ កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ទៅ​នឹង​រូបថត​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​​ថា​ «​#អ៊ុយ​ក្រែន​ ទី​កន្លែង​តែ​មួយ​តែ​ ពេល​វេលា​ខុស​គ្នា​ #តម្លៃ​សន្តិភាព​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​អះ​អាង​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​​របស់​​សារ​ព័ត៌​មាន​ BBC ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​។​ សារព័ត៌មាន​​ដដែល​នេះ​ បាន​ឱ្យ​ដឹង​ថា​ ទីលាន​ឯក​រាជ្យ​នៅ​ទីក្រុង​គៀវ​ ត្រូវ​បាន​បំផ្លាញ​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្កិច​គ្នា​រវាង​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ក្រុម​ប៉ូលីស​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ ដោយ​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «View from the south of Independence Square. Wednesday 19 February»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទិដ្ឋភាព​ពី​ភាគ​ខាង​ត្បូង​នៃ​ទីលាន​ឯករាជ្យ​កាល​ពី​ថ្ងៃ​ពុធ​ ទី​១៩​ ខែ​កុម្ភៈ​កន្លង​ទៅ​»។​

BBC News Report | Archived Link

ដូច​គ្នា​នេះ​ គេហ​ទំព័រ​សារ​ព័ត៌មាន​ Business Insider ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ក៏​បាន​បង្ហាញ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​ផង​ដែរ​។​

សារ​ព័ត៌មាន​ដដែល​នេះ​ បាន​បញ្ជាក់​ជា​ភាសា​អង់​គ្លេស​ដែល​មាន​ន័យ​ថា​ «ទិដ្ឋភាព​ពី​លើ​អាកាស​បង្ហាញ​ពី​ទីលាន​ឯករាជ្យ​ អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ និង​សមាជិក​ក្រសួង​មហាផ្ទៃ​ និង​ប៉ូលិស​កុប​កម្ម​នៅ​កណ្តាល​ទីក្រុង​គៀវ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ​ ឆ្នាំ២០១៤​»។​

Business Insider Link | Archived Link

សារព័ត៌មាន​រុស្ស៊ី RT ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​ទិដ្ឋភាព​ខូច​ខាត​នៃ​ទីលាន​ឯករាជ្យ​ទីក្រុង​គៀវ នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​​របស់​ខ្លួន ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ YouTube កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៤​កន្លង​មក។

Youtube Link | Archived Link

ករណី​មួយ​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ពិនិត្យ​ការ​ពិត​ដោយ​ក្រុម​ការ​ងារ​ Fact Crescendo Sri Lanka ជា​ភាសា​អង់​គ្លេស​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

ការ​ផ្ទៀង​ផ្ទាត់​នេះ​ បាន​រក​ឃើញ​ថា​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទីលាន​ឯករាជ្យ​របស់​ប្រទេស​អ៊ុយ​ក្រែន​ ការ​ពិត​គឺ​ត្រូវ​បាន​រក​ឃើញ​តាំង​ពី​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤​មក​ម្ល៉េះ​ ដែល​នេះ​គឺ​ជា​លទ្ធផល​ក្រោយ​ពី​មាន​ ការ​ប៉ះ​ទង្កិច​រវាង​ក្រុម​បាតុករ​ និង​ក្រុម​ប៉ូលីស​របស់​ប្រទេស​អ៊ុយ​ក្រែន​។​

សូម​អាន​បន្ថែម​៖ 2014 Photo Of Independence Square In Kyiv Shared As Recent Scene Of War In Ukraine…

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត និង​ការ​អះអាង​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​ខាង​លើ​នោះ​ គឺ​ធ្វើឲ្យ​មាន​ការ​យល់​ច្រឡំ​។​រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ទីលាន​ឯករាជ្យ​ទីក្រុង​គៀវ​រង​ការ​ខូច​ខាត​ដោយសារ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នោះ​ឡើយ។ រូប​ថត​​​នេះ បង្ហាញ​ទីលាន​ឯករាជ្យ​ទីក្រុង​គៀវ ប្រទេស​អ៊ុយក្រែន រង​ការ​ខូច​ខាត ក្រោយ​​ការ​ប៉ះ​ទង្គិច​​គ្នា​រវាង​​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​​ក្រុម​ប៉ូលិស​ កាល​ពីឆ្នាំ​២០១៤​មក​ម្ល៉េះ​។​

Avatar

Title:តើ​ទីលាន​ឯក​រាជ្យ​ក្នុង​ទីក្រុង​គៀវ​ ត្រូវ​បាន​បំផ្លាញ​ក្នុង​អំឡុង​​វិបត្តិ​អ៊ុយ​ក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ​មែន​ឬ​?​​

Fact Check By: Kakada Sim 

Result: International

Leave a Reply

Your email address will not be published.