
បន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មីមួយដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើង និងប្រកាសជាផ្លូវការហើយនោះ ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីថ្មី និងឧបនាយករដ្ឋមន្ត្រីពីររូបរបស់លោក កាន់សញ្ជាតិបរទេសបន្ថែមលើសញ្ជាតិកំណើតរបស់ពួកគេ។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងបានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតអត្តសញ្ញាណរបស់មេដឹកនាំជាន់ខ្ពស់កម្ពុជា ៣រូបមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក នេត សាវឿន អតីតមេនគរបាលជាតិ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីហិរញ្ញវត្ថុកម្ពុជា ត្រូវបានបង្ហោះលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។
រូបថតទាំង ៣សន្លឹកនេះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយសំណេរក្នុងន័យថា រូបថតទាំងនេះ គឺជាលិខិតបញ្ជាក់ការទទួលបានសញ្ជាតិបរទេសរបស់មេដឹកនាំជាន់ខ្ពស់កម្ពុជាទាំង ៣រូបនេះ។
រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង និងទទួលបានការបញ្ចេញមតិជាច្រើនផងដែរ បន្ទាប់ពីត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតទាំង៣សន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ជាមួយសំណេររៀបរាប់ថា «នេះមិនមែនជារឿងអចេតនាទេ លោក នេត សាវឿន និងលោក អូន ព័ន្ធមុនីរ័ត្ន មិនមែនកើតនៅស្រុកខ្មែរទេ គឺកើតនៅខេត្ត Hanoi Kanal Province ប្រជាជនខ្មែរយល់យ៉ាងណាដែរ?»។

រូបថតអត្តសញ្ញាណបរទេសរបស់មេដឹកនាំជាន់ខ្ពស់ទាំង ៣រូបនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ជាមួយសំណេររៀបរាប់ថា «សម្ដេចតេជោ និតិម៉ាត់ថា អ្នកមានសញ្ជាតិពីរមិនអាចឈរឈ្មោះបានទេ តែនិយាយនេះមានន័យថា កាំបិតចិតដងឯង។ ២៤–០៨–២០២៣»។

ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ជាមួយការរៀបរាប់ថា «តើអ្វីជាច្បាប់»។

ការផ្ទៀងផ្ទាត់ការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថតប័ណ្ណសម្គាល់អត្តសញ្ញាណលោក នេត សាវឿន និងលោក អូន ព័ន្ធមុនីរ័ត្ន ដូចគ្នាទាំងស្រុងទៅនឹងប័ណ្ណសម្គាល់អត្តសញ្ញាណរបស់បុគ្គលមួយចំនួន ដែលត្រូវបានបង្ហោះនៅលើគេហទំព័រផលិតអត្តសញ្ញាណក្លែងក្លាយមួយឈ្មោះថា Buy Scannable Fake ID។
តាមរយៈការប្រៀបធៀបទៅនឹងអត្តសញ្ញាណប័ណ្ណក្លែងក្លាយនៅលើគេហទំព័រខាងលើនេះ យើងបានកត់សម្គាល់ចំណុចដូចគ្នាមួយចំនួន និងចំណុចមួយចំនួនទៀតដែលត្រូវបានកាត់ត។
នៅលើរូបថតអត្តសញ្ញាណប័ណ្ណទាំងពីរសន្លឹក យើងបានកត់សម្គាល់ឃើញថា ឈ្មោះរបស់លោក នេត សាវឿន និងលោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានកែប្រែដោយការដាក់បញ្ចូលអក្សរថ្មីតែប៉ុណ្ណោះ ដែលនាំឱ្យអក្សរមានលក្ខណៈដិតច្បាស់ខ្លាំងជាងអក្សរបោះពុម្ពដោយច្បាប់ដើម។
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតអត្តសញ្ញាណប័ណ្ណស៊ីបរបស់លោក នេត សាវឿន និងអត្តសញ្ញាណប័ណ្ណស៊ីបក្លែងក្លាយផលិតដោយគេហទំព័រ Buy Scannable Fake ID ដោយដាក់រូបថតរបស់តារាភាពយន្តដ៏ល្បីល្បាញរបស់អាមេរិក លោក Leonardo DiCaprio។

នៅពេលយើងពិនិត្យទៅមើលរូបថតអត្តសញ្ញាណប័ណ្ណក្លែងក្លាយដែលផលិតដោយគេហទំព័រខាងលើនេះ យើងបានរកឃើញចំណុចដូចគ្នាជារួមមានដូចជា លេខអត្តសញ្ណាណប័ណ្ណទាំងអស់សុទ្ធតែជាលេខលំដាប់ពីលេខ ១ រហូតដល់លេខ ០។
ចំណែកលេខក្បាលអត្តសញ្ញាណប័ណ្ណវិញ សុទ្ធតែលេខសូន្យទាំងអស់ ៩ខ្ទង់ ខណៈដែលសុពលភាពនៃអត្តសញ្ញាណប័ណ្ណនេះ សុទ្ធតែចុះកាលបរិច្ឆេទដូចគ្នា (23. 09. 2026)។
នៅលើអត្តសញ្ញាណប័ណ្ណក្លែងក្លាយរបស់តារាសម្ដែង DiCaprio បញ្ជាក់ថា លោកកើតនៅថ្ងៃទី១៧ ខែ០២ ឆ្នាំ១៩៩៣ ដែលមិនមែនជាថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់លោកឡើយ។ តារាសម្ដែងអាមេរិករូបនេះ កើតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧៤។
ចំណែកនៅលើអត្តសញ្ញាណប័ណ្ណក្លែងក្លាយរបស់លោក នេត សាវឿន បានសរសេរថា លោកកើតនៅថ្ងៃទី១៧ ខែ០២ ឆ្នាំ១៩៥៦ ប៉ុន្តែ លេខ ៥៦ ត្រូវបានបំពេញបន្ថែមពីលើលេខ ៩៣។
សូមមើលការប្រៀបធៀបខាងក្រោមនេះ ដែលបង្ហាញចំណុចដូចគ្នា និងចំណុចដែលត្រូវបានកែប្រែឱ្យខុសពីរូបភាពដើមនៃអត្តសញ្ញាណប័ណ្ណក្លែងក្លាយមានរូបថតតារាភាពយន្តអាមេរិក លោក DiCaprio។

មិនខុសអ្វីនឹងរូបថតអត្តសញ្ញាណប័ណ្ណក្លែងក្លាយរបស់លោក នេត សាវឿន នោះទេ រូបថតអត្តសញ្ញាណប័ណ្ណរបស់លោក អូន ព័ន្ធមុនីរ័ត្ន ក៏ត្រូវបានកាត់តថែមថយទៅលើរូបភាពអត្តសញ្ញាណប័ណ្ណក្លែងក្លាយរបស់តារាភាពយន្តអាមេរិកនោះដែរ។
សូមមើលការប្រៀបធៀបខាងក្រោមនេះ ដែលបង្ហាញចំណុចដូចគ្នា និងចំណុចដែលត្រូវបានកែប្រែរវាងអត្តសញ្ញាប័ណ្ណក្លែងក្លាយមានរូបថតលោក អូន ព័ន្ធមុនីរ័ត្ន និងអត្តសញ្ញាណប័ណ្ណក្លែងក្លាយមានរូបថតលោក DiCaprio។

រូបភាពអត្តសញ្ញាណប័ណ្ណក្លែងក្លាយជាច្រើន ត្រូវបានបង្ហោះនៅលើគេហទំព័រ Buy Scannable Fake ID ដែលជាវេបសាយផ្ដល់នូវអត្តសញ្ញាណក្លែងក្លាយ ប៉ុន្តែ មានលក្ខណៈដូចគ្នាទៅនឹងអត្តសញ្ញាណប័ណ្ណច្បាប់ដើម។ វេបសាយមួយនេះ អាចបង្កើតរូបភាពលិខិតស្នាម ឬប័ណ្ណសម្គាល់អត្តសញ្ញាណផ្សេងៗ រួមទាំងលិខិតឆ្លងដែនផងដែរ។ សូមអានលម្អិតនៅទីនេះ។
រូបភាពលិខិតឆ្លងដែនមួយដែលមានរូបថតលោក ហ៊ុន ម៉ាណែត វិញ យើងបានរកឃើញរូបថតច្បាប់ដើមនៅលើវេបសាយរបស់ក្រសួងពាណិជ្ជកម្មអាមេរិក។ រូបថតនៅវេបសាយ បង្ហាញគំរូលិខិតឆ្លងដែនមួយដែលចេញដោយរដ្ឋាភិបាលអាមេរិកតែប៉ុណ្ណោះ។ រូបថតនៅលើលិខិតឆ្លងដែនគំរូដែលផ្សព្វផ្សាយវេបសាយក្រសួងពាណិជ្ជកម្មអាមេរិកនោះ គឺជាស្ត្រីម្នាក់ មិនមែនជារូបថតលោក ហ៊ុន ម៉ាណែត នោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពនៃការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់តភ្ជាប់ជាមួយរូបថតលោក ហ៊ុន ម៉ាណែត និងរូបថតច្បាប់ដើមដែលយើងបានរកឃើញនៅលើវេបសាយរបស់ក្រសួងពាណិជ្ជកម្មអាមេរិក។

លោក នេត សាវឿន គឺជាអតីតអគ្គស្នងការនគរបាលជាតិ ហើយបច្ចុប្បន្នកំពុងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី ខណៈដែលលោក អូន ព័ន្ធមុនីរ័ត្ន គឺជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឧបនាយករដ្ឋមន្ត្រីមួយរូបទៀតរបស់រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។
មេដឹកនាំជាន់ខ្ពស់កម្ពុជាទាំងពីររូបនេះ និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានរកឃើញថា បានទិញសញ្ជាតិស៊ីបដែលជាដែនដីកោះដ៏តូចមួយនៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងជារដ្ឋសមាជិកមួយនៃសហភាពអឺរ៉ុប។ សូមមើលរបាយការណ៍ស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រមាននៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលត្រូវបានរៀបរាប់ខាងលើនេះ សុទ្ធតែត្រូវបានកាត់ត។ រូបថតច្បាប់ដើម បង្ហាញរូបថតស្ត្រីម្នាក់នៅក្នុងគំរូលិខិតឆ្លងដែនអាមេរិក ហើយរូបភាពអត្តសញ្ញាណប័ណ្ណក្លែងក្លាយផលិតដោយវេបសាយ Buy Scannable Fake ID។

Title: តើទាំងនេះជាប័ណ្ណសញ្ជាតិរបស់លោក ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់របស់លោកឬ?
Written By: Jay UdomResult: False
