ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា ពលរដ្ឋ​អ៊ុយក្រែន​លុត​ជង្គង់​​ទទួល​​មេដឹកនាំ​​ក្រោយ​ជំនួប​ជាមួយ Trump

False Social

បន្ទាប់​ពី​ជំនួប​ដ៏​តាន​តឹង​ជាមួយ​​ប្រធានាធិបតី​អាមេរិក លោក Donald Trump កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​មក​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​ប្រជាជន​លុត​ជង្គង់​តាម​ដង​ផ្លូវ ត្រូវ​បាន​គេ​អះអាង​ថា វា​ជា​វីដេអូ​ប្រជាជន​លុត​ជង្គង់​គោរព​ប្រធានាធិបតី Volodymyr Zelenskyy វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​វិញ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បញ្ចេញ​មតិ​ចម្រុះ​បែប​ដោយ​ជឿ​តាម​ការ​អះអាង​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​​រក​ឃើញ​ថា ការ​អះអាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​មនុស្ស​ម្នា​លុត​ជង្គង់​នៅ​តាម​ដង​ផ្លូវ​មួយ​ចំពោះ​ក្បួន​រថយន្ត​មួយ​ខ្សែ ត្រូវបាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ទទួល​បាន​ការ​គោរព​ពី​ប្រជាជន​អ៊ុយក្រែន​ក្នុង​នាម​ជា​វីរ​បុរស​នៅ​ពេល​លោក​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​វិញ ក្រោយ​ពី​មាន​ជំនួប​តាន​តឹង​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក Donald Trump។

វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ខ្ទង់ ១​នាទី​នេះ ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចូល​ទស្សនា​រហូត​ដល់​ជិត ៥​សែន​ដង ការ​ចែក​ចាយ​បន្ត​រហូត​ដល់​ជាតិ ២​ពាន់​ដង និង​ការ​បញ្ចេញ​ចម្រុះ​បែប​ក្នុង​ន័យ​ជឿ​តាម​ខ្លឹមសារ​សំណេរ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា “វីរបុរស​អ៊ុយក្រែន​ចូល​ផ្ទះ​វិញ​ក្រោយ​ជំនួប​ម៉ាក​ងាយពី​គ្រូ​ជោគជ័យ​នៅ​អាមេរិក យ៉ាប់​ណាស់​យក​ទ្រឹស្ដី​រក​ស៊ី​មក​ដឹកនាំ​នយោបាយ! ជំនួយ​ឥត​សំណង​ក៏​ទាមទារ​ប្ដូរ​យក​កម្រៃ​ជា​រ៉ែ​កម្រ! ចង់​ចំណេញ​ដាច់​ចំណង សូម្បី​តែ​អឺរ៉ុប ណាតូ ក៏​ត្រៀម​ពង្រឹង​ខ្លួន​មិន​ពឹង​លើ​អាមេរិក! (ខាត​ទាំង​អស់​គ្នា) ចិន​ស្ងាត់​ជ្រៀប​សម្ងំ​ដើរ​ទៅមុខ”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ដែល​នាំ​ឱ្យ​មាន​ការ​ចែក​ចាយ​បន្ត​រហូត​ដល់​ជិត ១​ពាន់​ដង។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​កាល​ពី​ថ្ងៃ៣ ខែ​មីនា ឆ្នាំ​២០២៥។

Facebook Reel | Archived Link

ក្រៅ​ពី​ការ​អះអាង​ជា​ភាសា​ខ្មែរ​ហើយ​នោះ វីដេអូនេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ TikTok ជាមួយ​ការ​អះអាង​ជា​ភាសា​អង់គ្លេស​ផង​ដែរ​ថា ប្រជាជន​អ៊ុយក្រែន​លុត​ជង្គង់​គោរព និង​ទទួល​ស្វាគមន៍​ប្រធានាធិបតី​របស់​ពួកគេ បន្ទាប់​ពី​វិល​ត្រឡប់​ពី​ជំនួប​ជា​មួយ​ប្រធានាធិបតី Donald Trump នៅ​សេតវិមាន។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​ជា​ភាសា​អង់គ្លេស​ថា “Ukraine welcoming back President Zelenakyy after The White House​Meeting with President Trump!”។

@thefreemantoday

Ukraine welcoming back President Zelenakyy after The White House Meeting with President Trump! #zelenskyy #trump #whitehouse #usa #ukraine

♬ original sound – thefreemantoday

TikTok Video | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ​តាមរយៈ​ការដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

ជំនួប​ប្រធានាធិបតី​អាមេរិក លោក Donald Trump និង​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​ប្រែ​ក្លាយ​ជា​មាន​ភាព​តាន​តឹង​នឹង​គ្នា​នៅ​ចំពោះ​មុខ​ក្រុម​អ្នកសារព័ត៌មាន​នៅ​ឯ​សេតវិមាន​កាល​ពីថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​កន្លង​មក​នេះ។

លោក Zelenskyy បាន​ចាក​ចេញ​ពី​សេតវិមាន​ដោយ​មិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​រ៉ែ​កម្រ​នោះ​ឡើយ បន្ទាប់​ពី​មេដឹកនាំ​ទាំង​ពីរ​ជជែក​តឹង​សរសៃ​ក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ។

ទោះជាយ៉ាងណា តាម​រយៈ Google Reverse Image Search វា​បង្ហាញ​ថា វីដេអូ​ដែល​បង្ហាញ​មនុស្ស​ម្នា​លុត​ជង្គង់​នៅ​តាម​ដង​ផ្លូវ​នៅ​ពេល​ក្បួន​រថយន្ត​ស៊ីរ៉ែន​មួយ​ខ្សែ​ឆ្លង​កាត់​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok តាំង​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក​នេះ។

នេះ​បញ្ជាក់​ថា ហេតុការណ៍​នេះ បាន​កើត​ឡើង​​មុន​ពេល​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ជួប​ប្រធានាធិបតី​អាមេរិក​ លោក Donald Trump នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥​ទៅ​ទៀត។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​​បណ្ដាញ​សង្គម TikTok កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​គ្រាន់​តែ​សំណេរ​លើ​វីដេអូនោះ​ថា “Hero Ukraine” តែ​ប៉ុណ្ណោះ។

TikTok Video | Archived Link

ថ្វី​បើ​យើង​មិន​អាច​រក​ឃើញ​ប្រភព​ដើម​នៃ​វីដេអូ​នេះ ប៉ុន្តែ វីដេអូ​ដទៃ​ទៀត​នៅ​លើ​បណ្ដាញ​សង្គម​ដែល​បង្ហាញ​មនុស្ស​ម្នា​លុត​ជង្គង់​អម​សង​ខាង​ផ្លូវ​អំឡុង​ពេល​ក្បួន​រថយន្ត​មួយ​ខ្សែ​ឆ្លង​កាត់​នោះ គឺ​ជា​ការ​លុត​ជង្គង់​គោរព​ដល់​វីរភាព​ទានហាន​អ៊ុយក្រែន​ដែល​បាន​ពលី​ជីវិត​នៅ​លើ​សមរភូមិ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូបង្ហាញ​ពលរដ្ឋ​អ៊ុយក្រែន​លុត​ជង្គង់​គោរព​ដល់​ទាហាន​ពលី​លើ​សមរភូមិ​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ប្រទេស​វិញ​ ដែល​វីដេអូ​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម X (អតីត Twitter) កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២​កន្លងមក។

X Tweet | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​រូបថត​ផ្សាយ​ដោយ CNN ដែល​បង្ហាញ​ប្រជាជន និង​ទាហាន​អ៊ុយក្រែន​លុត​ជង្គង់​គោរព​នៅ​តាម​ដង​ផ្លូវ​អំឡុង​ពិធី​បុណ្យ​សព លោក Oleksandr Savchenko ទាហាន​ម្នាក់​ដែល​បាន​ពលី​ជីវិត​នៅ​លើ​សមរភូមិ​ចម្បាំង​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រស្ស៊ី កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤​កន្លង​មក។

CNN Image | Archived Link

​ផ្អែក​តាម​របាយការណ៍​តាម​ដាន​ជើង​ហោះ​ហើរ​របស់​មេដឹកនាំ​អ៊ុយក្រែន​នោះ ​សារព័ត៌មាន​ The Kyiv Independent​ (archived) បាន​រាយការណ៍​ថា​ កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ប្រធានាធិបតី Zelenskyy បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ពី​សហរដ្ឋ​អាមេរិក​ត្រង់​ទៅ​ចក្រភព​អង់គ្លេស​តែ​ម្ដង​ បន្ទាប់​ពី​ជំនួប​ជាមួយ​លោក Trump ដែល​បញ្ចប់​ទៅ​ដោយ​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីវេបសាយ Flight Aware ដែល​បង្ហាញ​យន្តហោះ​ប្រធានាធិបតី​អ៊ុយក្រែន ហោះ​ហើរ​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​កង​ទ័ព​អាកាស​អាមេរិក Joint Base Andrews នៅ​ម៉ោង​ជិត ១១​យប់​ ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ Stansted Airport ស្ថិត​នៅ​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០២៥។

Flight Aware Reports | Archived Link

បន្ទាប់​មក មេដឹកនាំ​អ៊ុយក្រែន​រូបនេះ ត្រូវ​បាន​ស្វាគមន៍​ពេញ​ទំហឹង​ពី​សំណាក់​នាយករដ្ឋ​មន្ត្រី​អង់គ្លេស លោក Keir Starmer នៅ​ឯវិមាន​ Downing Street នៅ​មុន​ជំនួប​កំពូល​ថ្នាក់​ដឹកនាំ​អឺរ៉ុប​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​ពី​វិបត្តិ​អ៊ុយក្រែន។

https://apnews.com/video/uk-pm-and-zelenskyy-meet-in-london-ahead-of-crisis-talks-with-european-leaders-ec6f9bffe3e949a3ae652ee3ace9c333

AP Video | Archived Link

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​នេះ​បង្ហាញ​ប្រជាជន​អ៊ុយក្រែន​លុត​ជង្គង់​គោរព​ដល់​ទាហាន​អ៊ុយក្រែន​ពលី​នៅ​លើ​សមរភូមិ ហើយ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​សមរភូមិ​វិញ។ វីដេអូ​នេះ មិន​បាន​បង្ហាញ​ថា ប្រជាជន​អ៊ុយក្រែន​លុត​ជង្គង់​គោរព​ដល់​ប្រធានាធិបតី Volodymyr Zelenskyy វិល​ត្រឡប់​ចូល​ប្រទេស​វិញ ក្រោយ​មាន​ជំនួប​តាន​តឹង​ជាមួយ​លោក Donald Trump នោះ​ឡើយ។

Avatar

Title:ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា ពលរដ្ឋ​អ៊ុយក្រែន​លុត​ជង្គង់​​ទទួល​​មេដឹកនាំ​​ក្រោយ​ជំនួប​ជាមួយ Trump

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *