រូបថត​​កញ្ចប់​ថង់​ដង​វាយ​កូន​ហ្គោល​មិន​មែន​ជា​សព​បុរស​កម្ពុជា​ស្លាប់​ដោយសារ​កូវីដ​១៩​ទេ

False Medical

​កម្ពុជា​ប្រកាស​ថា បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​ករណី​ស្លាប់​លើក​ដំបូង​នោះ​មក​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា។ ភ្លាមៗ​ក្រោយ​មរណភាព​របស់​បុរស​កម្ពុជា​រូប​នេះ រូបថត​មួយ​ចំនួន​បង្ហាញ​នូវ​ការ​រុំ​ខ្ជប់​អ្វី​មួយ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ការ​រុំ​ខ្ចប់​សព​របស់​មនុស្ស​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល ដោយ​អះ​អាង​ថា នោះ​គឺ​ជា​សព​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​គេ​រុំ​ខ្ជប់​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​រៀបរាប់​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​អំពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​លើក​ដំបូង ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព​ ៣​សន្លឹក ក្នុង​នោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​នូវការ​រុំ​ខ្ជប់​អ្វី​ម្យ៉ាង​ដែល​មើល​ទៅ​ដូច​ការ​រុំ​ខ្ជប់​សព​មនុស្ស។ ការ​បង្ហោះ​សារ​​ភ្ជាប់​ជាមួយ​រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ហ្វេសប៊ុក​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​បង្ហាញ​ឱ្យ​ឃើញ​ដូច​ខាង​ក្រោម​នេះ

Facebook Post | Archived 

រូបថត​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នកសារព័ត៌មាន​ម្នាក់​ និង​ជា​ទីប្រឹក្សា​ម្នាក់​របស់​ក្រសួង​ព័ត៌មាន​ផង​ដែរ មុន​នឹង​គាត់​បាន​ដក​រូបថត​នោះ​ចេញ​ពី​ហ្វេសប៊ុក​របស់​គាត់​វិញ។

រូបភាព​ផ្ដាម​ពី​​ហ្វេសប៊ុក​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​ជា​អ្នកសារព័ត៌មាន និង​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

យើងបានចាប់ផ្តើមផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​បង្ហោះភ្ជាប់​ជាមួយ​ការ​អះ​អាង​ថា​ជា​​សព​របស់​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​តាម​រយៈ​ពិនិត្យ​មើល​ការ​បក​ស្រាយ​ដោយ​ក្រសួង​សុខាភិបាល និង​តាម​រយៈ​ឧបករណ៍​ផ្ទៀត​ផ្ទាត់​រូបថត​បស់ Google។

តាម​រយៈ Google Reverse Image យើង​បាន​រក​ឃើញ​រូបថតស្រដៀង​គ្នា​ជាច្រើន​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឹណិត។ គណនី​ Twitter មួយ​បាន​បង្ហោះ​រូបថត ៤​សន្លឹក ហើយ​សរសេរ​រៀបរាប់​ថា «មនុស្ស​ម្នា​តក់​ស្លុត​ពេល​ឃើញ​បែប​នេះ ប៉ុន្តែ វា​បែរ​ទៅ​ជា​ថង់​វាយ​កូនហ្គោល​​ទៅ​វិញ»។

អ្នក​ប្រើ​ប្រាស់ Twitter​ មិន​បាន​បញ្ជាក់​ទេ​ថា រូបថត​ទាំង​នេះ​ កើត​ឡើង​នៅ​ទីណា​នោះ​ឡើយ ប៉ុន្តែ ទិដ្ឋភាព​ទីតាំង បង្ហាញ​ថា រូបថត​ទាំង​នេះ​កើត​ឡើង​នៅ​កន្លែង​ត្រួត​ពិនិត្យ​នៅ​ក្នុង​ព្រលាន​យន្ត​ហោះ​មួយ។

Twitter Post | Archived Link

​ទូរទស្សន៍​ Thairath របស់​ប្រទេស​ថៃ បាន​ផ្សាយ​ថា រូបថត​ទាំង​នោះ​មិន​មែន​ជា​រូបថត​នៃ​ការ​វេច​ខ្ចប់​សព​នោះ​ឡើយ ប៉ុន្តែ វា​គឺ​កញ្ចប់​​ថង់វេច​ខ្ចប់​ដំបង​​​ហ្គោល​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ជើង​ហោះ​ហើរ ហើយ​ឆ្លង​ការ​កាត់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​នៅ​ឯ​ព្រលាន​យន្ត​ហោះ​មួយ។

Thairath’s Report | Archived 

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នោះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល បក​​ស្រាយ​ថា ការ​បង្ហោះ​រូបថត​ទាំង​នេះ ប្រៀប​ដូច​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​អ្នក​ស្លាប់ និង​គ្រួសារ​របស់​គាត់ និង​«ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ដល់​សាធារណជន​អំពី​របៀប​ និង​ការ​រក្សា​សព​ជន​រង​គ្រោះ​របស់​គ្រូ​ពេទ្យ​ជំនាញ​រៀបចំ​ថែ​រក្សា​សព»។

Facebook Page Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​អះ​អាង​ថា​ជា​សព​របស់​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​នោះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។ រូបថត​ប៉ុន្មាន​សន្លឹក​នោះ គឺ​ជា​កញ្ចប់​ថង់​វេច​ខ្ចប់​ដង​វាយ​កូន​ហ្គោល​ ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ជើង​ហោះ​ហើរ​ និង​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​នៅ​ច្រក​ព្រលាន​យន្ត​អន្តរជាតិ​មួយ​។ ដង​វាយ​កូន​ហ្គោល​នោះ ត្រូវ​បាន​វេច​ខ្ចប់​ដែល​មើល​ទៅ​ស្រដៀង​នឹង​ការ​វេច​ខ្ចប់​សព​របស់​មនុស្ស​ផង​ដែរ ដែលធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ភ្ញាក់​ផ្អើល​។ រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​តាំង​ពី​សប្ដាហ៍​ដំបូង​នៃ​ខែ​មករា​ដើម​ឆ្នាំ​នេះ​ម៉្លេះ។

Avatar

Title:រូបថត​​កញ្ចប់​ថង់​ដង​វាយ​កូន​ហ្គោល​មិន​មែន​ជា​សព​បុរស​កម្ពុជា​ស្លាប់​ដោយសារ​កូវីដ​១៩​ទេ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.