ចំនួន​ពលរដ្ឋ​វៀតណាម​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​នៅ​ក្នុង​សង្វៀន​នយោបាយ និង​បណ្ដាញ​សង្គម​ផង​ដែរ។ ថ្មីៗ​នេះ មាន​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ថា មាន​ជន​ជាតិ​វៀតណាម​ជាង ១០​ម៉ឺន​នាក់​បាន​ចូល​សញ្ជាតិ​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន បាន​លើក​ឡើង​ថា ពលរដ្ឋ​វៀតណាម​ជាង ១​សែន​នាក់​ បាន​ចូល​សញ្ជាតិ​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ ហើយ​ថា កម្ពុជា​នឹង​រលាយ​ប្រទេស​នៅ​ឆ្នាំ​២០៥០​ខាង​មុខ​។

ការ​អះអាង​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ​យោបល់ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះអាង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «យួន​ចូល​សញ្ជាតិ​១​ឆ្នាំ​ជាង​១០​ម៉ឺន​នាក់ ខ្មែរ​មាន​បារមី​ឡើង​ដល់​ឋាន​សួគ៌ អ្នក​គ្មាន​បារមី​ធ្លាក់​ដល់​ឋានរក ២០៥០​រលាយ​ល្មម សង្វេគ​ប្រជាជាតិ​ខ្លួន​ណាស់!»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​​​ការស្នើ​សុំ​ព័ត៌មាន និង​ការ​បក​ស្រាយ​ពី​មន្ត្រី​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ និង​ការ​ពិនិត្យ​មើល​លើ​របាយការណ៍​នានា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ទាក់ទង​នឹង​ការ​អះអាង​ខាង​លើ​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណកម្ម​របស់​ក្រសួង​មហាផ្ទៃ លោក តុប នេត បាន​បញ្ជាក់​​តាម​តេឡេក្រាម​កាល​ពី​សប្ដាហ៍​មុន​ថា ជា​ព័ត៌មាន​«មិន​ពិត»។

លោក តុប នេត បាន​បញ្ជាក់​បន្ថែម​​ថា ជន​ជាតិ​វៀតណាម​សរុប ១៤២​នាក់​ហើយ​ ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​កម្ពុជា​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក ក្នុង​នោះ​មាន​ស្ត្រី ៣៨​នាក់​ផង​ដែរ។

សម្រាប់​តួលេខ​នៅ​មុន​ឆ្នាំ​១៩៩៩​វិញ មន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ បាន​បញ្ជាក់​ថា គ្មាន​សេចក្ដី​សម្រេច​ណា​មួយ​ផ្ដល់​សញ្ជាតិ​កម្ពុជា​ដល់​ជន​បរទេស​នោះ​ឡើយ​នៅ​មុន​ឆ្នាំ​នេះ។

នៅ​ពេល​ត្រូវ​បាន​សួរ​បញ្ជាក់​អំពី​វត្តមាន​ជន​ជាតិ​វៀតណាម​ដ៏​ច្រើន​នៅ​កម្ពុជា និង​ការ​កាន់​កាប់​ឯកសារ​អត្តសញ្ញាណ​ប័ណ្ណ​កម្ពុជា​នោះ លោក តុប នេត បាន​បញ្ជាក់​ថា ក្រៅ​ពី​តួលេខ​ខាង​លើ ពលរដ្ឋ​វៀតណាម​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជា​ជន​អន្តោ​ប្រវេសន៍​ និង​កាន់​កាប់​ប័ណ្ណ​ពណ៌​លឿង​ជា​ឯកសារ​សម្គាល់​ការ​ស្នាក់នៅ​បណ្ដោះ​អាសន្ន។

​ពលរដ្ឋ​វៀតណាម​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ប្រហែល ១៥​៦,០០០​នាក់ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​មួយ​របស់​សារព័ត៌មាន​វៀតណាម NGAY NAY កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ដែល​ផ្អែក​តាម​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា «Potential and Distribution of Vietnamese People Abroad» ចេញ​ផ្សាយ​ដោយ Diplomatic Academy កាល​ពី​ឆ្នាំ​២០១២​កន្លង​មក។ [archived]

សេចក្ដី​រាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ដែល​ផ្អែក​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ថា ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា​មាន​ចំនួន​ប្រហែល ១៨​ម៉ឺន​នាក់ ឬ​ស្មើ​នឹង ១​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប។ [archived]

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ លោក កែវ វណ្ណថន បាន​បញ្ជាក់​ប្រាប់ Fact Crescendo Cambodia តាម​តេឡេក្រាម​កាល​ពី​សប្ដាហ៍​មុន​ថា ជន​បរទេស​អន្តោ​ប្រវេសន៍​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់នៅ​ក្នុង​ចំណោម ១១​សញ្ជាតិ​ផ្សេង​គ្នា។

ចំពោះ​ការ​អះអាង​ខាង​លើ​នេះ អ្នក​នាំ​ពាក្យ​រូប​នេះ​ បាន​ចាត់​ទុក​ជា​ព័ត៌មាន​«មិន​ពិត» ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ​មហាជន​យល់​ច្រឡំ និង​បង្ក​ភាព​វឹក​វរ​ក្នុង​សង្គម។

ទោះជាយ៉ាងណា គ្មាន​តួលេខ​ឯកភាព​គ្នា​នោះ​ឡើយ​ទាក់​ទង​នឹង​ចំនួន​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​សេចក្ដី​រាយការណ៍​មួយ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក សារព័ត៌មាន Asia Sentinel បាន​បញ្ជាក់​ថា ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា ត្រូវ​បាន​គេ​ជឿ​ជាក់​ថា មាន​ចំនួន​រហូត​ដល់ ៧៥​ម៉ឺន​នាក់​។ [archived]

​របាយការណ៍​របស់​អង្គការ Minority Rights Group International ដែល​បាន​រួប​រួម​ទិន្នន័យ​មក​ពី​ស្ថាប័ន​ផ្សេងៗ បាន​ដាក់​ការ​ប៉ាន់​ប្រមាណ​ថា ចំនួន​ជន​ជាតិ​វៀតណាម​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្ថិត​នៅ​ចន្លោះ​ពី ៤០​ម៉ឺន ទៅ ៧០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។ អង្គការ​ដដែល​នេះ បាន​លើក​ឡើង​ថា ៩០​ភាគរយ​នៃ​ជន​ជាតិ​វៀតណាម​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ពុំ​មាន​ឯកសារ​អត្ត​សញ្ញាណ​​ដូចជា សំបុត្រ​កំណើត ឬ​អត្តសញ្ញាណ​ប័ណ្ណ​នោះ​ឡើយ។ [archived]

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ជន​ជាតិ​វៀតណាម​ទទួល​បាន​សញ្ជាតិ​កម្ពុជា​មាន​ចំនួន ១៤២​នាក់​គិត​ចាប់​ពី​ឆ្នាំ​១៩៩៩​មក។ ក្រៅ​ពី​ចំនួន​នេះ ជន​ជាតិ​វៀតណាម​ផ្សេង​ទៀត​ កំពុង​រស់​នៅ​កម្ពុជា​ដោយ​កាន់​ប័ណ្ណ​ស្នាក់នៅ​ពណ៌​លឿង។

Avatar

Title:តើ​ពលរដ្ឋ​វៀតណាម​ទទួល​បាន​សញ្ជាតិ​កម្ពុជា​មាន​ចំនួន​ប៉ុន្មាន?

Written By: Jay Udom

Result: Misleading