វីដេអូកាត់តបង្ហាញសកម្មជនបក្សកាន់អំណាចប្រកាសគាំត្រការកាត់ខេត្តបួនឱ្យទៅវៀតណាម
ការដាក់បញ្ចូលខេត្តកម្ពុជាចំនួន៤នៅក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កំពុងក្លាយជាបញ្ហាលេចធ្លោនៃការជជែកវែកញែកនៅក្នុងចំណោមមហាជនកម្ពុជានាពេលថ្មីៗនេះ។ ទន្ទឹមនឹងបញ្ហានេះ ស្រាប់តែមានវីដេអូឃ្លីបមួយត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដែលបង្ហាញក្រុមសកម្មជនបក្សកាន់អំណាចប្រកាសគាំទ្រការកាត់ទឹកដី៤ខេត្តរបស់កម្ពុជាឱ្យទៅវៀតណាម។ វីដេអូនេះ ត្រូវបានចែករំលែកយ៉ាងច្រើនផុសផុលនៅលើបណ្ដាញសង្គម ហើយទាក់ទាញការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះត្រូវបានកាត់ត។
ការដាក់បញ្ចូលខេត្តកម្ពុជាចំនួន៤នៅក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កំពុងក្លាយជាបញ្ហាលេចធ្លោនៃការជជែកវែកញែកនៅក្នុងចំណោមមហាជនកម្ពុជានាពេលថ្មីៗនេះ។ ទន្ទឹមនឹងបញ្ហានេះ ស្រាប់តែមានវីដេអូឃ្លីបមួយត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដែលបង្ហាញក្រុមសកម្មជនបក្សកាន់អំណាចប្រកាសគាំទ្រការកាត់ទឹកដី៤ខេត្តរបស់កម្ពុជាឱ្យទៅវៀតណាម។ វីដេអូនេះ ត្រូវបានចែករំលែកយ៉ាងច្រើនផុសផុលនៅលើបណ្ដាញសង្គម ហើយទាក់ទាញការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
វីដេអូមួយមានរយៈ ២៣វិនាទី ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយបង្ហាញសកម្មជនមួយក្រុមរបស់បក្សកាន់អំណាចប្រកាសគាំទ្រការកាត់ទឹកដី៤ខេត្តរបស់ប្រទេសកម្ពុជាឱ្យទៅប្រទេសវៀតណាម។
វីដេអូនេះ ត្រូវបានចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ហើយក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន បានបញ្ចេញមតិរិះគន់ទៅនឹងការប្រកាសគាំទ្របែបនេះដែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុងដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ដែលបង្ហាញក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានថ្លែងថា “គាំទ្ររដ្ឋាភិបាលកម្ពុជាកាត់ខេត្ត៤ឱ្យទៅវៀតណាម ជយោ!ព្រះរាជាណាចក្រកម្ពុជា ជយោ!សម្ដេចតេជោ ហ៊ុន សែន! ជយោ!សម្ដេចធិបតី ហ៊ុន ម៉ាណែត! ជយោ!”។
វីដេអូដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយក៏ទទួលបានការចែករំលែកបន្តយ៉ាងច្រើនទៀតផង។
https://www.facebook.com/share/p/JUNomw1EJT6V7PNM
ខាងក្រោមនេះ គឺជាវីដេអូដូចគ្នាដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀត ហើយក៏ត្រូវបានចែករំលែកបន្តជាច្រើនដងផងដែរ។
ក្រៅពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនេះ វីដេអូដូចគ្នានេះ ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត។ គេអាចរកមើលវីដេអូនេះតាមរយៈតំណភ្ជាប់នៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់វីដេអូមួយនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
នៅមុនពេលចាប់ផ្ដើមដំណើរការផ្ទៀងផ្ទាត់ យើងសូមជម្រាបជូនថា បុគ្គលកដែលនិយាយនៅក្នុងវីដេអូ ត្រូវបានគេស្គាល់ថាជាសកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជា លោក សូ រតនៈ ប្រធានក្រុមយុវជនការពារសន្តិភាព ដែលតែងតែរិះគន់វាយប្រហារទៅលើមេដឹកនាំ និងសកម្មជនបក្សប្រឆាំង និងក្រុមសកម្មជនបរិស្ថាន។
តាមរយៈ Google Reverse Image Search យើងបានរកឃើញវីដេអូច្បាប់ដើមមានរយៈពេលប្រហែល ១នាទី ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីចុងខែកក្កដាកន្លងមកនេះ។
នៅក្នុងវីដេអូច្បាប់ដើមនោះ លោក សូ រតនៈ បាននិយាយថា លោក និងក្រុមរបស់លោកគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) ដោយថា កិច្ចសហប្រតិបត្តិការមួយនេះមានផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសកម្ពុជា។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងនៃការថ្លែងរបស់លោក សូ រតនៈ ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
វីដេអូពេញលេញនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ បន្ទាប់ពីវីដេអូកាត់តត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ គេអាចមើលវីដេអូពេញទាំងស្រុងតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
ខាងក្រោមនេះ គឺជាវីដេអូបកស្រាយរបស់លោក សូ រតនៈ ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកផងដែរកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា វីដេអូដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូដែលបង្ហាញលោក សូ រតនៈ ថ្លែងគាំទ្រការកាត់ដី ៤ខេត្តទៅឱ្យវៀតណាមនោះ គឺជាកាត់ត។ វីដេអូច្បាប់ដើម បង្ហាញថា សកម្មជនបក្សកាន់អំណាច លោក សូ រតនៈ និងក្រុមរបស់លោក បានថ្លែងគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ឬហៅកាត់ថា CLV។
Title: វីដេអូកាត់តបង្ហាញសកម្មជនបក្សកាន់អំណាចប្រកាសគាំត្រការកាត់ខេត្តបួនឱ្យទៅវៀតណាម
Fact Check By: Jay UdomResult: Altered