អភិបាលស្រុកត្រាំកក់ថា ចត្តាឡីស័កសម្រាប់ពលរដ្ឋខ្លះមកពីតំបន់ផ្ទុះកូវីដ១៩ខ្លាំងតែប៉ុណ្ណោះ

COVID-19 Misleading

ការ​ផ្ទុះ​ឡើង​ និង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល ៤៣​ថ្ងៃ​មក​ហើយ​នោះ បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​នានា រឹត​បន្តឹង​វិធានការ​ការពារ និង​បង្ការ​នានា ទៅ​តាម​សេចក្ដី​ណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល។

ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​លើក​ឡើង​ថា អាជ្ញាធរ​ស្រុក​ត្រាំកក់​ ​ខេត្ត​តាកែវ តម្រូវ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ឬ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​សិន​សម្រាប់​​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ ចូល​ទៅ​ភូមិសាស្ត្រ​មួយ​នេះ។

ទោះជាយ៉ាងណា ក្រុម​​ត្រួត​ពិនិត្យ​ការ​ពិត​ រក​ឃើញ​ថា ការ​អះ​អាង​​នេះ មិន​ត្រឹម​ត្រូវ​នោះ​ទេ ដែល​នាំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ពី​សំណាក់​មហាជន។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា​នេះ ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​មួយ​បាន​សរសេរ​រៀប​រាប់​ថា អាជ្ញាធរ​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ចូល​ទៅ​ស្រុក​មួយ​នេះ ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ១៤​ថ្ងៃ​សិន។

ការ​អះ​អាង​នេះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ទៅ​លើ​ការ​អះ​អាង​នេះ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ សរសេរ​ថា «អភិបាល​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ តម្រូវ​ឱ្យ​អ្នក​មក​ពី​ភ្នំពេញ​ចូល​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ​សិន»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​សម្ភាស​ជាមួយ​អាជ្ញាធរ​របស់​ខេត្ត​តាកែវ​ដោយ​ផ្ទាល់ និង​ការ​ពិនិត្យ​មើល​ទៅ​លើ​ខ្លឹមសារ​អត្ថបទ​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​សារព័ត៌មាន​ហ្វ្រេសញូវស៍ (Fresh News)។

តាម​រយៈ​ការ​ត្រួត​ពិនិត្យ​លើ​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន យើង​បាន​រក​ឃើញ​អត្ថបទ​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ដោយ​អង្គភាព​សារព័ត៌មាន ហ្វ្រេស​ញូវស៍ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មេសា ដែល​បាន​ដក​ស្រង់​សម្ដី​របស់​លោក កែវ វគ្គសែល អភិបាល​ស្រុក​ត្រាំកក់។

បើ​តាម​សេចក្ដី​រាយការណ៍​នោះ លោក កែវ វគ្គសែល និយាយ​ថា សមត្ថកិច្ចរបស់​លោក​នឹង​សាក​សួរ​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ភូមិសាស្ត្រ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក ឬ​ក៏​ដាក់​ឱ្យ​នៅ​ដាច់​ឡែកសិន។

Fresh News Report | Archived Link

ក្នុង​កិច្ច​សម្ភាស​ជាមួយ Fact Crescendo Cambodia នៅ​ថ្ងៃ​ទី​៤ ខែ​មេសា លោក កែវ វគ្គសែល បញ្ជាក់​ឱ្យ​ដឹង​ថា ការ​អះ​អាងលើ​បណ្ដាញ​សង្គម និង​អត្ថបទ​សារព័ត៌មាន មិន​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទៅ​តាម​សម្ដី​របស់​លោក​នោះ​ឡើយ។

អភិបាល​ស្រុក​រូប​នេះ​បន្ថែម​ថា ក្រុម​មន្ត្រី​សុខាភិបាល និង​សមត្ថកិច្ច​តាម​មូលដ្ឋាន នឹង​សាក​សួរ​ព័ត៌មាន​ខ្លះៗពី​ពលរដ្ឋ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ច្រើន មុន​នឹង​សម្រេចថា ត្រូវ​ដាក់​ពួកគាត់​ឱ្យ​ធ្វើ​ចត្តាឡីស័ក។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម និង​សំណេរ​អត្ថបទ​របស់​សារព័ត៌មាន​ហ្វ្រេស​ញូវស៍ គឺ​ជា​ការ​ភ័ន្ត​ច្រឡំ។ ការ​ពិត អាជ្ញាធរ​ស្រុក​ត្រាំកក់​ ​ខេត្ត​តាកែវ គ្រាន់​តែ​សាក​សួរ​ព័ត៌មាន​ខ្លះ​ពី​ប្រជា​ពលរដ្ឋធ្វើ​ដំណើរ​ទៅ​ភូមិសាស្ត្រ​មួយ​នេះ និង​តម្រូវ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​មក​ពី​ទីតាំង​មាន​ការ​ឆ្លង​កូវីដ​១៩​ច្រើន ឱ្យ​ពិនិត្យ​សុខភាព និង​អាច​តម្រូវ​ឱ្យ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ប្រសិន​បើ​រក​ឃើញ​អាការៈ​សង្ស័យ​មួយ​ចំនួន។

Avatar

Title:អភិបាលស្រុកត្រាំកក់ថា ចត្តាឡីស័កសម្រាប់ពលរដ្ឋខ្លះមកពីតំបន់ផ្ទុះកូវីដ១៩ខ្លាំងតែប៉ុណ្ណោះ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.