តើ​ព្រះ​សង្ឃ​មួយ​អង្គ​ក្នុង​រូបថត​នេះ​មាន​ជន្មាយុ​ ​១០២​​វស្សា​​មែន​ទេ?

Missing Context Social

ខណៈ​ដែល​រូបថត​ជាច្រើន​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​នេះ រូបថត​ព្រះ​សង្ឃ​មួយ​អង្គ ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​ជាមួយ​​ការ​អះអាង​ថា ព្រះ​អង្គ​មាន​ជន្មាយុ ១០២​វស្សា​ហើយ។ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​តាម​រយៈ Google Reverse Image Search ហើយ យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​ព្រះ​សង្ឃ​មួយ​អង្គ​មាន​រូប​កាយ​ស្គម និង​លើក​ឡើង​ថា ព្រះ​សង្ឃ​មួយ​មាន​ជន្មាយុ ១០២​វស្សា​ហើយ។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​បញ្ចេញ​មតិ​យោបល់​ទៅ​លើ​ការ​អះអាង​នេះ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​ចោទ​សួរ​ពី​សុក្រឹតភាព​នៃ​ព័ត៌មាន​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​រៀបរាប់​ថា «លោក​តា​មាន​ព្រះ​ជន្ម ១០២​ឆ្នាំ ឃើញ​ហើយ​ជួយ​ស៊ែរ​ម្នាក់​មួយ​ឱ្យ​អ្នក​ផ្សេង​បាន​ឃើញ​ផង សាធុ​សាធុ»។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

Facebook Post | Archived Link

ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​តាំង​ពី​ជាង ៦​ខែ​មុន​មក​ម៉្លេះ ហើយ​រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ នៅ​តែ​ត្រូវ​បាន​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម និង​ចែក​រំលែក​ជាបន្ត​បន្ទាប់។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​បាន​បង្ហោះ​ការ​អះអាង​នេះ​កាល​ពី​ជាង ៦​ខែ​មុន និង​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង។

Facebook Post | Archived Link

ចំណែក​ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​កាល​ពី​ចុង​ខែ​ឧសភា​កន្លង​មក ហើយ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ២៣០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាងច្រើន។

Facebook Post | Archived Link

រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល​ផង​ដែរ។ សូម​មើល​ការ​អះអាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived), (archived),​ និង (archived),។

ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​ព្រះ​សង្ឃ​អង្គ​នេះ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក​។

សេចក្ដី​រាយការណ៍​របស់​វេបសាយ​ថៃ Khaosod កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​ឱ្យ​ដឹង​ថា ព្រះ​សង្ឃ​ក្នុង​រូបថត​នេះ មាន​ព្រះ​នាម​ថា ហ្លួងពូថង ដែល​ជា​ព្រះ​សង្ឃ​មាន​កេរ្តិ៍​ឈ្មោះ​នៅ​ក្នុង​ខេត្តស៊ីសាកេត នៃ​តំបន់​ឦសាន​ឆៀង​​ខាង​ត្បូង​​របស់​ប្រទេស​ថៃ។

សារព័ត៌មាន​ថៃ​មួយ​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ព្រះ​សង្ឃ ហ្លួងពូថង បាន​សុគត​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ ១១៥​វស្សា នៅ​ឯ​វត្ត​បានឃូប ស្ថិត​ក្នុង​ស្រុក​ណាំឃ្លៀង ខេត្តស៊ីសាកេត។ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ (archived)។

Khaosod | Archived Link

ដំណឹង​មរណភាព​របស់​ព្រះ​សង្ឃ​អង្គ​នេះ ក៏​ត្រូវ​ចុះ​ផ្សាយ​ដោយ​​វេបសាយ Sanook របស់​ថៃ បាន​ចុះផ្សាយ​កាល​ពី​ចុង​ខែ​វិច្ឆិកា ក្នុង​ឆ្នាំ​២០២០​​ផង​ដែរ។

​សេចក្ដី​រាយការណ៍​របស់​វេបសាយ Sanook បាន​ដឹង​ថា ព្រះ​សង្ឃ​ ហ្លួងពូថង បាន​សុគត​យ៉ាង​ស្ងប់​សុខ​ បន្ទាប់​ពី​បួស​ជា​សង្ឃ​ក្នុង​ព្រះ​ពុទ្ធសាសនា​អស់​រយៈ​ពេល ២១​វស្សា។

បើ​តាម​សេចក្ដី​រាយការណ៍​របស់​វេបសាយ​ដដែល​នេះ ព្រះ​សង្ឃ​ហ្លួងពូថង ប្រសូត្រ​នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​១៩០៦ នៅ​ក្នុង​រជ្ជកាល​រាមា​ទី​៥ នៃ​រាជវង្ស​ចក្រី​របស់​ប្រទេស​ថៃ។ ហ្លួងពូថង បាន​សាង​ភ្នួស​ជា​សង្ឃ​នៅ​ឆ្នាំ​១៩៧០ ឬ​នៅ​អាយុ ៤៩​ឆ្នាំ នៅ​ឯ​វត្ត​បានឃូប ហើយ​បន្ទាប់​មក​បាន​លា​ចាក​ភ្នួស​ទៅ​ប្រកប​ជីវិត​។

វេបសាយ​ថៃ បាន​ឱ្យ​ដឹង​ទៀត​ថា ហ្លួងពូថង បាន​សាង​ភ្នួស​ជា​ថ្មី​នៅ​ឆ្នាំ​១៩៩៩ ឬ​នៅ​ក្នុង​ជន្មាយុ ៧២​ឆ្នាំ នៅ​ឯ​វត្ត​ស្វាងវ៉ារី​រតនារាម ស្ថិត​ក្នុង​ស្រុក​ណាមឃ្លៀង ក្នុង​ខេត្ត​ស៊ីសាកេត​ដដែល។

ព្រះ​សង្ឃ​អង្គ​នេះ​បាន​និមន្ត​ទៅ​តាំង​សមាធិ​នៅ​ក្នុង​ព្រៃ​ជ្រៅ​ស្ថិត​នៅ​តាម​បណ្ដោះ​ព្រំដែន​កម្ពុជា-ថៃ និង​ព្រំដែន​ថៃ-ឡាវ ហើយ​ត្រូវ​បាន​គណៈ​សិស្ស​ចាត់​ទុក​ជា​ព្រះ​សង្ឃ​មាន​ចំណេះ​ជ្រៅ​ជ្រះ​ខាង​ព្រះ​ពុទ្ធសាសនា និង​មាន​ចិត្ត​ល្អ។

Sanook | Archived Link

នៅ​ក្នុង​អត្ថបទ​មួយ​របស់​វេបសាយ Ban Khub Temple យើង​បាន​ឃើញ​អត្តសញ្ញាណ​ប័ណ្ណ ឬ​ប័ណ្ណ​ប្រជាជន​របស់​ព្រះ​សង្ឃ​ហ្លួងពូថង ដែលបញ្ជាក់​ឆ្នាំ​កំណើត​របស់​ព្រះ​អង្គ​នៅ​ឆ្នាំ​១៩០៦។ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

Ban Khub Temple | Archived Link

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ ហ្លួងពូថង​មាន​ព្រះ​ជន្ម​រហូត​ដល់ ១១៨​វស្សា​ហើយ​ ប្រសិន​បើ​ព្រះ​សង្ឃ​អង្គ​នេះ​នៅ​មាន​ព្រះ​ជន្ម​មក​ដល់​ឆ្នាំ​២០២៣​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សារព័ត៌មាន​ថៃ បាន​រាយការណ៍​ថា ព្រះ​សង្ឃ​នាម​ហ្លួងពូថង​បាន​សុគត​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២០ នៅ​ក្នុង​ជន្មាយុ ១១៥​វស្សា។ ប្រសិន​បើ​ព្រះ​អង្គ​​មាន​ជន្មាយុ​មកដល់​ឆ្នាំ​២០២៣ ព្រះ​អង្គ​មាន​ជន្មាយុ ១១៨​វស្សា មិន​មែន ១០២​វស្សា​ដូច​ការ​អះអាង​នោះ​ឡើយ។

Avatar

Title:តើ​ព្រះ​សង្ឃ​មួយ​អង្គ​ក្នុង​រូបថត​នេះ​មាន​ជន្មាយុ​ ​១០២​​វស្សា​​មែន​ទេ?

Written By: Jay Udom 

Result: Missing Context

Leave a Reply

Your email address will not be published. Required fields are marked *