
ខណៈដែលរូបភាពបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI) កំពុងវាយលុកនៅលើបណ្ដាញសង្គមនោះ រូបភាពបួនសន្លឹក ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា វាជារូបភាពបន្ទះក្រាហ្វិកកាតកុំព្យូទ័រដែលត្រូវបានរកឃើញនៅសម័យ លន់ នល់។ រូបភាពជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកច្រើនដងដោយអ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយនៅលើបណ្ដាញសង្គមកាលពីខែមុន បានលើកឡើងថា បន្ទះក្រាហ្វិកកាត ឬ VGA កុំព្យូទ័រធំៗ ត្រូវបានគេរកឃើញនៅសម័យ លន់ នល់។
ការអះអាងនេះ បានបង្ហោះនៅលើបណ្ដាញសង្គមដោយភ្ជាប់ជាមួយរូបថតនៃបន្ទះក្រាហ្វិកកាតកុំព្យូទ័រមានទំហំធំជាងមនុស្សទៅទៀត ហើយត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «ការរុករកឃើញ VGA នៅសម័យ លន់ នល់»។

ការអះអាងទៅលើរូបភាពនេះ មិនមែនមានតែនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរនោះឡើយ ប៉ុន្តែ វាក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាវៀតណាម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការអះអាងមួយដែលត្រូវបានចោទសួរជាវៀតណាមថា «តើអាចទេដែលបន្ទះក្រាហ្វិកកាតនេះមានតាំងពីសង្គ្រាមលោកលើកទី២?»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបភាពដទាំងបួនសន្លឹកនេះត្រូវបានបង្ហោះនៅលើបណ្ដាញដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែលសរសេររៀបរាប់ជាភាសាវៀតណាមបញ្ជាក់ថា រូបភាពទាំងនេះ ត្រូវបានផ្គុំឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត ឬនៅកាត់ថា AI។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក Minh Đức PC ដែលបានបង្ហោះរូបភាពទាំងបួនសន្លឹកនេះកាលពីចុងខែតុលាកន្លងមកនេះជាមួយសំណេររៀបរាប់ជាភាសាវៀតណាម។

ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបភាពទាំងបួនសន្លឹកដោយទំព័រហ្វេសប៊ុកវៀតណាមមួយទៀតកាលពាក់កណ្ដាលខែវិច្ឆិកាកន្លងមកនេះ ដោយបញ្ជាក់ថា វាជារូបភាពផ្គុំដោយកម្មវិធីបញ្ញាសិប្បនិម្មិត ឬ កម្មវិធីបច្ចេកវិទ្យា AI តែប៉ុណ្ណោះ។

តើពិភពលោកពិតជាបង្កើតបានបន្ទះក្រាហ្វិកកុំព្យូទ័រធំបែបនេះមែនឬទេ?
បើមើលទៅលើរូបភាពទាំងបួនសន្លឹកនេះ យើងឃើញថា បន្ទះក្រាហ្វិកកុំព្យូទ័រទាំងនេះ មានទំហំជាងមនុស្សយើងទៅទៀត ប៉ុន្តែ វានាំឱ្យមានចម្ងល់ចោទឡើងថា តើបន្ទះក្រាហ្វិកកាតកុំព្យូទ័រធំបំផុតនៅលើពិភពលោក មានទំហំប៉ុណ្ណា។
ការស្វែងរកព័ត៌មានជាក់លាក់អំពីបន្ទះក្រាហ្វិកកាតកុំព្យូទ័រតាមរយៈពាក្យគន្លឹះនៅលើម៉ាស៊ីនស្វែងរក Google បានឱ្យយើងថា បន្ទះក្រាហ្វិកកាតកុំព្យូទ័រដែលមានទំហំបំផុតនៅលើពិភពលោក គឺបន្ទះក្រាហ្វិកកាត Aorus RTX 4090 Master ដែលបង្កើតឡើងដោយក្រុមហ៊ុនផលិតបច្ចេកវិទ្យាកុំព្យូទ័រតៃវ៉ាន់ Gigabyte។
បន្ទះក្រាហ្វិកកាតកុំព្យូទ័រម៉ូឌែលនេះ មានប្រវែងរហូតដល់ ៣៥.៨សង់ទីម៉ែត្រ និងទំហំមុខកាត់ដល់ទៅ ១៦.២សង់ទីម៉ែត្រ ដែលធ្វើឱ្យវាជាប់ឈ្មោះជាបន្ទះក្រាហ្វិកកាតកុំព្យូទ័រធំបំផុតដែលគេមិនធ្លាប់ឃើញពីមុនមក នេះបើតាមការចុះផ្សាយរបស់វេបសាយ Digital Trend កាលពីខែកញ្ញា ឆ្នាំ២០២២។
បើតាមសេចក្ដីរាយការណ៍របស់វេបសាយដដែលនេះ បន្ទះក្រាហ្វិកកាតកុំព្យូទ័រធំមួយនេះ ត្រូវបានក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ Gigabyte ប្រកាសជាផ្លូវការកាលពីខែកញ្ញា ឆ្នាំ២០២២នោះដែរ។

បន្ទះក្រាហ្វិកកាតកុំព្យូទ័រ គឺជាបណ្ដុំដំណើរការក្រាហ្វិកកុំព្យូទ័រ ឬហៅកាត់ថា GPU ដែលជាបណ្ដុំអេឡិចត្រូនិចដែលត្រូវបានបង្កើតឡើងដើម្បីជួយឱ្យកុំព្យូទ័រមានដំណើរការកាន់តែលឿននៅក្នុងការងារពាក់ព័ន្ធនឹងរូបភាព ឬវីដេអូ និងការរចនា។
សន្និដ្ឋានFact Crescendo Cambodia
បានរកឃើញថា ការអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបភាពទាំងបួនសន្លឹកនេះ មិនមែនជារូបថតបន្ទះក្រាហ្វិកកុំព្យូទ័រពិតប្រាកដនោះឡើយ។ រូបភាពបន្ទះក្រាហ្វិកកុំព្យូទ័រនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI)តែប៉ុណ្ណោះ។

Title:រូបភាពបន្ទះក្រាហ្វិកកាតខ្នាតធំគឺជារូបភាពបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត
Written By: Jay UdomResult: False