Fact-Check: អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន មាន​សុខភាព​រឹង​មាំ​ដូច​ធម្មតា

False Security

ខណៈ​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា ដែល​បាន​ឆ្លង​ទៅ​មនុស្ស​ដល់​ទៅ​ជិត ៣​ពាន់​ករណី​ហើយ​នោះ មរណភាព​របស់​បុគ្គលសំខាន់ៗ​នៅ​ក្នុង​ប្រទេស​នេះ ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

អំឡុង​ពេល​នេះ​ដែរ មាន​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​អំពី​​ថា ​មេ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ហើយ​ការ​អះ​អាង​នេះ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រាប់​រយ​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​ការ​ពិត​ រក​ឃើញ​ថា ការ​អះ​អាង​នេះ​ មិន​ត្រឹម​ត្រូវ​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា​នេះ ​គណនី​​ហ្វេសប៊ុក​មួយ​បាន​សរសេរ​រៀប​រាប់​ថា លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​ទទួល​មរណភាព​​​ដោយ​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់។ គណនី​ហ្វេសប៊ុក​នេះ បាន​អះអាង​បែប​នេះ​ដោយ​ភ្ជាប់​មក​ជាមួយ​រូបថត​របស់​មេ​នគរបាល​ជាតិ លោក នេត សាវឿន និង​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​កាន់​ទុក្ខ និង​ជជែក​ជាមួយ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ សរសេរ​ថា «នាយ​ឧត្ដមសេនីយ៍ នេត សាវឿន បាន​ទទួល​មរណភាព​ហើយ​កាល​ពី​យប់​មិញ​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ការ​បក​ស្រាយ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ។

​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ច្រាន​ចោល​ការ​អះអាង​នេះ ដោយ​ចាត់​ទុក​ការ​អះ​អាង​នេះ​ថា «ខុស​ការ​ពិត​ទាំង​ស្រុង» និង​ហៅ​ការ​បង្ហោះ​សារ​បែប​នេះ​ថា «មាន​ចេតនា​បង្ក​ភាព​វឹកវរ​ក្នុង​ជួយ​កង​កម្លាំង​នគរបាល​ជាតិ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​សន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម​ទៀត​ផង»។

នគរបាល​ជាតិ​កម្ពុជា បញ្ជាក់​ថា លោក នេត សាវឿន មាន​សុខភាព​រឹង​មាំ និង​កំពុង​ដឹកនាំ​កង​កម្លាំង​នគរបាល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

នគរបាល​ជាតិ​ក៏​បាន​ស្នើ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ឱ្យ​បើក​ការ​ស៊ើប​អង្កេត និង​ស្វែង​រក​ជន​ល្មើស​ និង​«មេ​ក្លោង»​យក​មក​ផ្ដន្ទាទោស​ផង​ដែរ។

Cambodia’s National Police | Archived Link

ជាង​នេះ​ទៀត ទំព័រហ្វេសប៊ុក​របស់​អគ្គស្នងការ​នគរបាល​ជាតិ និង​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ចេញ​ផ្សាយ​ព័ត៌មានមួយ​នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា បាន​​បង្ហាញ​វត្តមាន​របស់​លោក នេត សាវឿន និង​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត បាន​ដឹកនាំ​កិច្ច​ប្រជុំ​មួយ​តាម​ Videoconference ​ជាមួយ​ស្នងការ​នគរបាល​រាជធានី និង​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស។

Facebook Post | Archived Link

ចំណែក​រូបថតដែល​បង្ហាញ​វត្តមាន​​មេដឹកនាំ​កម្ពុជា​ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​កាន់​ទុក្ខ​នោះ គឺ​ជា​រូបថត​នៃការ​ចូលរួម​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក្នុង​ពិធី​បុណ្យ​សព​រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក សុខ អាន ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧​កន្លង​មក។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ខាង​លើ មិន​ពិត​នោះ​ឡើយ។ ការ​ពិត អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន មាន​សុខភាព​ដូច​ធម្មតា និង​បាន​បង្ហាញ​វត្តមាន​ដឹកនាំ​កិច្ច​ប្រជុំ​តាម​អនឡាញ​ជាមួយ​ក្រុម​មន្ត្រី​នគរបាល​ជាតិ​ជាន់​ខ្ពស់​ជាច្រើន​រូប​នៅ​ថ្ងៃ​ទី​០៥ ខែ​មេសា។

Avatar

Title:អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន មាន​សុខភាព​រឹង​មាំ​ដូច​ធម្មតា

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.