
នៅពាក់កណ្ដាលខែតុលានេះ ឈ្មោះលោក Elon Musk បានលេចធ្លោនៅលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ក្រុមហ៊ុនលោកធ្វើតេស្តសាកល្បងដោយជោគជ័យនូវការចុះចតលើដៃនៃជើងទម្ររ៉ុកកែត និងការបង្ហាញនូវរថយន្តអគ្គិសនីថ្មីៗ និងមនុស្សយន្ត។ បន្ទាប់មក ក៏មានព័ត៌មានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គមថា មហាសេដ្ឋីអាមេរិករូបនេះ នឹងបញ្ចេញស្មាតហ្វូន Tesla PI នៅចុងឆ្នាំនេះ។ ព័ត៌មាននេះ ត្រូវបានចែករំលែកយ៉ាងផុសផុលលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ព័ត៌មាននេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
សារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយព្រោងព្រាតថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Tesla នឹងចេញលក់ទូរស័ព្ទស្មាតហ្វូនជាលើកដំបូងរបស់ខ្លួនឈ្មោះថា Tesla PI នៅចុងឆ្នាំនេះជាមួយតម្លៃលក្ខណៈសម្បត្តិខុសប្លែកពីទូរស័ព្ទស្មាតហ្វូនដទៃទៀត។
បន្ទាប់ពីព័ត៌មានជាភាសាខ្មែរនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម វាត្រូវបានចែករំលែកបន្តរហូតទៅដល់ជាង ១ម៉ឺនដងនៅក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ ហើយមានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរដ៏ច្រើន បានបញ្ចេញមតិយោបល់ទៅលើព័ត៌មាននេះ។
ខាងក្រោមនេះ គឺជាវីដេអូនៃព័ត៌មានរបស់សារព័ត៌មាន AMS Central ដែលបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “ស្មាតហ្វូនគ្មានគូប្រៀបរបស់ Elon Musk ដាក់លក់ចុងឆ្នាំនេះ តម្លៃពី ៨០០ ទៅ ១,២០០ដុល្លារ”។
ព័ត៌មានដូចគ្នានេះ ក៏ត្រូវបានចុះផ្សាយដោយសារសារព័ត៌មានដទៃទៀតនៅកម្ពុជាផងដែរ ហើយក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យមានការចែករំលែកបន្តរហូតដល់រាប់ពាន់ដង។
ខាងក្រោមនេះ គឺជាវីដេអូនៃព័ត៌មានរបស់ KBN IDEAS បង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “សហរដ្ឋអាមេរិក៖ ថ្មីៗនេះមហាសេដ្ឋីពិភពលោក Elon Musk បាននិយាយថា ខ្លួននឹងបង្ហាញទូរស័ព្ទថ្មីរបស់ខ្លួនគឺ Tesla Pi ដើម្បីវាយលុកទីផ្សារនៅចុងឆ្នាំ ២០២៤ ដោយសន្យាថានឹងធ្វើបដិវត្តន៍ឧស្សាហកម្មស្មាតហ្វូនជាមួយមុខងារពិសេសៗជាច្រើនមិនធ្លាប់មាន”។
ក្រៅពីប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាននេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ ដែលនាំឱ្យមានការចែករំលែកបន្តដល់ទៅរាប់ពាន់ដងនៅក្នុងរយៈពេលពីរបីថ្ងៃប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មាននេះដោយទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា ទូរស័ព្ទ Tesla PI របស់មហាសេដ្ឋកិច្ចបច្ចេកវិទ្យាអាមេរិក លោក Elon Musk នឹងត្រូវចេញលក់នៅចុងឆ្នាំនេះ ដែលទូរស័ព្ទស្មាតហ្វូននោះមានលក្ខណៈសម្បត្តិពិសេស ៣ចំណុច។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើព័ត៌មាននេះតាមរយៈការពិនិត្យមើលសេចក្ដីរាយការណ៍ព័ត៌មានពីប្រភពគួរឱ្យទុកចិត្តនានា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មាននេះ យើងបានពិនិត្យមើលសារព័ត័មានធំៗនៅលើពិភពលោក ដូចជា New York Times, Washington Post, BBC និង CNN និងទស្សនាវដ្ដីបច្ចេកវិទ្យាធំៗ ដូចជា The Verge សារព័ត៌មាន TechChrun និង CNET ជាដើម។
ទោះជាយ៉ាងណា គ្មានសេចក្ដីរាយការណ៍ព័ត៌មានអំពីរឿងនេះត្រូវបានរកឃើញនៅលើប្រព័ន្ធផ្សព្វផ្សាយធំៗទាំងនេះនោះឡើយគិតរហូតមកដល់ពេលនេះ។
គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk មិនបានប្រកាសជាសាធារណៈអំពីគម្រោងបញ្ចេញលក់ទូរស័ព្ទស្មាតហ្វូននៅក្រោមស្លាកយីហោ Tesla នោះឡើយ។
អ្វីដែលគេដឹងលឺជាសាធារណៈនោះ គឺមហាសេដ្ឋីអាមេរិករូបនេះ ទើបតែបង្ហាញជាផ្លូវការនូវរថយន្តអគ្គិសនីគ្មានមនុស្សបើកបរចំនួន ២ប្រភេទទៀត មាន Robotaxi និង Robotvan និងមនុស្សយន្ត Tesla Optimus កាលពីថ្ងៃទី១១ ខែតុលានេះ។
លោក Elun Musk ដែលល្បីល្បាញខាងផលិតរថយន្តអគ្គិសនី និងបច្ចេកវិទ្យាក្នុងវិស័យអវកាសនោះ មិនដែលប្រកាសជាផ្លូវការទាល់តែសោះអំពីការហក់ចូលទៅក្នុងវិស័យបច្ចេកវិទ្យាទូរស័ព្ទស្មាតហ្វូននោះ។
ក្រុមហ៊ុន Tesla របស់លោកល្បីល្បាញខ្លាំងខាងផលិតរថយន្តដើរដោយថាមពលអគ្គិសនី និងបំពាក់ដោយបច្ចេកវិទ្យាទំនើបគ្មានមនុស្សបើកបរ ខណៈដែលក្រុមហ៊ុន SpaceX របស់លោកវិញ ល្បីល្បាញខ្លាំងខាងផលិតរ៉ុកកែតទំនើបៗសម្រាប់បញ្ជូនយានទៅលំហអវកាស ហើយអាចវិលត្រឡប់មកផែនដីវិញដែលអនុញ្ញាតឱ្យគេប្រើរ៉ុកកែតបានលើសពី ១ដងសម្រាប់ការបាញ់បញ្ជូនទៅលំហអវកាស។
អ្វីដែលគេបានដឹងជាសាធារណៈចុងក្រោយបំផុតអំពីក្រុមហ៊ុន SpaceX របស់លោក គឺការសាកល្បងចុះចតរ៉ុកកែតធុនធ្ងន់នៅលើដៃទម្រ បន្ទាប់ពីបាញ់ចេញពីវាបញ្ជូនយាន Starship ទៅលំហអវកាសកាលពីថ្ងៃទី១៣ ខែតុលា។
ពាក្យចចាមអារ៉ាមអំពីការហក់ចូលក្នុងឧស្សាហកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Tesla នេះ បានលេចឡើងតាំងពីឆ្នាំ២០២០ ដែលភាគច្រើននៃព័ត៌មាន ឬពាក្យចចាមអារ៉ាមនោះ មានប្រភពចេញពីមន្ទិលសង្ស័យ ឬគ្មានប្រភពច្បាស់លាស់នោះឡើយ។
ជាងនេះទៅទៀត លោក Elun Musk បានបញ្ជាក់រួចហើយថា លោកមិនចាប់អារម្មណ៍ទៅនឹងការហក់ចូលទៅក្នុងឧស្សាហកម្មផលិតស្មាតហ្វូននោះឡើយ។
លោកបានបញ្ជាក់បែបនេះនៅលើគណនីបណ្ដាញសង្គម X (អតីត Twitter)របស់លោកកាលពីឆ្នាំ២០២០កន្លង ដោយថា ស្មាតហ្វូន និងនាឡិកាដៃឆ្លាតវៃ គឺជាបច្ចេកវិទ្យាអតីតកាល ប៉ុន្តែ Neurolinks គឺជាបច្ចេកវិទ្យានាពេលអនាគត។
ថ្មីៗនេះ លោក Elon Musk បានបញ្ជាក់ជាថ្មីចំពោះមន្ទិលសង្ស័យនេះនៅអំឡុងពេលលោកឆ្លើយឆ្លងសំណួរ-ចម្លើយ នៅក្នុងវេទិកាមួយនៅរដ្ឋ Philadelphia កាលពីថ្ងៃទី១៨ ខែតុលានេះ។
លោក Musk និយាយថា លោកមិនគិតអំពីការផលិតទូរស័ព្ទនោះឡើយ ហើយលោកថា លោកចង់តែស្លាប់ទេនៅពេលមានការលើកឡើងពីគំនិតបង្កើតទូរស័ព្ទនោះ។
ព័ត៌មានមួយនេះ ត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រួចរាល់ហើយដោយក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយនៃស្ថាប័ន Fact Crescendo នៅឯក្រៅប្រទេស។ គេអាចរកអានអត្ថបទមានការផ្ទៀងផ្ទាត់រួចរាល់តាមរយៈតំណភ្ជាប់នៅទីនេះ។
អត្ថបទផ្ទៀងផ្ទាត់នោះ បានរកឃើញថា ពាក្យចចាមអារ៉ាមនៅលើអនឡាញអំពីគំនិតបង្កើតទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Tesla នេះ បានកើតឡើងតាំងពីឆ្នាំ២០២១ ដោយបង្កើតឡើងដោយពួកអ្នកគាំទ្រ និងវេបសាយដែលតែងតែបង្កើតព័ត៌មានចចាមអារ៉ាមជាហូរហែរអំពីបច្ចេកវិទ្យាថ្មីៗ។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ព័ត៌មានដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រហូតមកដល់ខែតុលា ឆ្នាំ២០២៤នេះ លោក Elon Musk និងក្រុមហ៊ុន Tesla មិនដែលប្រកាសឱ្យដឹងជាផ្លូវការទាល់តែសោះអំពីការហក់ចូលក្នុងឧស្សាហកម្មស្មាតហ្វូននោះ។ ព័ត៌មានដែលនិយាយថា ក្រុមហ៊ុន Tesla របស់លោក Elon Musk នឹងចេញលក់ស្មាតហ្វូននៅចុងឆ្នាំនេះនោះ សុទ្ធតែពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

Title:ព័ត៌មានមិនត្រឹមត្រូវថា ក្រុមហ៊ុន Tesla នឹងបញ្ចេញកំពូលស្មាតហ្វូននៅចុងឆ្នាំនេះ
Written By: Jay UdomResult: False
