
ថ្មីៗនេះ មានសារបង្ហោះអះអាងយ៉ាងផុសផុលមួយ បានលើកឡើងថា ក្រុមហ៊ុន Apple មានគម្រោងចាប់ផ្ដើមគិតកម្រៃសម្រាប់អ្នកប្រើប្រាស់ FaceTime ហើយ។ ការអះអាងខាងលើនេះ ទទួលបានការចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះសារសំណេរអះអាងជាភាសាអង់គ្លេស ថាក្រុមហ៊ុន Apple មានផែនការចាប់ផ្ដើមគិតកម្រៃសម្រាប់អ្នកប្រើប្រាស់ FaceTime។
ការលើកឡើងបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្ដើមគិតកម្រៃសម្រាប់អ្នកប្រើប្រាស់ FaceTime»។
ការអះអាងដូចគ្នានេះ ក៏ត្រូវបានរកឃើញ និងចែកចាយដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះ តាមរយៈការស្វែងរកព័ត៌មាននិយាយអំពីការចាប់ផ្ដើមគិតកម្រៃសម្រាប់អ្នកប្រើប្រាស់ FaceTime របស់ក្រុមហ៊ុន Apple ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ដោយស្វែងព័ត៌មានអន្តរជាតិតាមរយៈពាក្យគន្លឹះ “FaceTime” នៅលើម៉ាស៊ីនរុករករបស់ Google យើងរកពុំឃើញសេចក្ដីរាយការណ៍ណាមួយលើកឡើងដូចទៅនឹងការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនោះឡើយ។
ជាងនេះទៀត យើងបានស្វែងរកព័ត៌មាននេះនៅក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Apple ប៉ុន្តែ យើងរកពុំឃើញមានព័ត៌មានបែបនេះនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពី Apple Newsroom ដែលមិនមានសេចក្តីប្រកាសណាមួយ បានលើកឡើងថា ក្រុមហ៊ុនមួយនេះ ចាប់ផ្ដើមគិតកម្រៃសម្រាប់ការប្រើប្រាស់ FaceTime នោះឡើយ។
Apple Newsroom | Archived Link
ក្រុមហ៊ុន Apple មិនបានប្រកាសពីផែនការណាមួយក្នុងការណែនាំ និងចាប់ផ្ដើមគិតកម្រៃសម្រាប់អ្នកប្រើប្រាស់ FaceTime របស់ខ្លួននោះឡើយ។
FaceTime នៅតែជាមុខងារ ឥតគិតថ្លៃដែលរួមបញ្ចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ Apple ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ទំនាក់ទំនងគ្មានដែនកំណត់របស់ខ្លួន។
Apple FaceTime | Archived Link
ករណីអះអាងខាងលើ ក៏ត្រូវបានផ្ទៀងផ្ទាត់ការពិតផងដែរដោយគេហទំព័រសារព័ត៌មាន PolitiFact (Archived Link) កាលពីថ្ងៃទី១៦ ខែមិថុនា និងនៅលើគេហទំព័រសារព័ត៌មាន USA Today (Archived Link) ផងដែរ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ។
សារព័ត៌មានទាំងពីរនេះ បានផ្សាយថា ព័ត៌មានទាក់ទងក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្ដើមគិតកម្រៃសម្រាប់អ្នកប្រើប្រាស់ FaceTime គឺជាព័ត៌មានមិនត្រឹមត្រូវ និងគ្មានភស្តុតាងច្បាស់លាស់តែប៉ុណ្ណោះ។
ក្រុមការងាររបស់ Fact Crescendo Cambodia ក៏បានធ្វើការស្នើសុំការបញ្ជាក់បន្ថែមទៀតពីក្រុមហ៊ុន Apple តាមរយៈប្រព័ន្ធសារអេឡិចត្រូនិក (Email) ផងដែរ ប៉ុន្ដែ គិតត្រឹមថ្ងៃចេញផ្សាយអត្ថបទនេះ នៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។
Fact Crescendo Cambodia នឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុន Apple បានបញ្ជាក់លម្អិតអំពីរឿងនេះ។
FaceTime គឺជាមុខងារមួយដែលអាចធ្វើការទំនាក់ទំនងជាវីដេអូ និងសំឡេង បង្កើតឡើងដោយក្រុមហ៊ុន Apple។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការហៅជាសំឡេង និងវីដេអូតាមអ៊ីនធឺណិតរវាងឧបករណ៍ Apple ដូចជា iPhones, ឧបករណ៍ iPads កុំព្យូទ័រ Mac និង Apple Watches។ FaceTime ដំណើរការដោយប្រើ Wi-Fi ឬទិន្នន័យកោសិកា អាស្រ័យលើឧបករណ៍ និងផ្តល់នូវវីដេអូនិយមន័យខ្ពស់ និងគុណភាពសំឡេងច្បាស់។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ គិតត្រឹមថ្ងៃនេះ មិនមានភស្តុតាង និងសេចក្តីប្រកាស ដែលក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្ដើមគិតកម្រៃសម្រាប់អ្នកប្រើប្រាស់ FaceTime នោះឡើយ។

Title:Apple នឹងចាប់ផ្ដើមគិតលុយពីអ្នកប្រើប្រាស់កម្មវិធី FaceTime តើពិតមែនទេ?
Fact Check By: Kakada SimResult: False
