Fact-Check: រូបថត​ការ​ដឹក​ជញ្ជូនឈើ​ហុប និង​ការ​បាត់​បង់​គម្រប់​ព្រៃឈើ​ដ៏​ធំ​ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ

False Green

ខណៈ​ដែល​ការ​ប្ដឹង​ផ្ដល់​គ្នា​រវាង​ឧកញ៉ា​ម្នាក់ និង​យុវតី​ម្នាក់​ជា​ពិធីការិនី​ទូរទស្សន៍​មួយ​​កំពុង​ផ្ទុះ​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មតិ​មួយ​ចំនួន​បាន​រិះគន់​ទៅ​លើ​អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា​ថា មិន​សូវ​ចាប់​អាម្មណ៍​លើ​បញ្ហា​ប្រទេស​ជាតិ ឬ​មាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​តិចតួច​ បាន​ឈឺ​ឆ្អាល​នឹង​បញ្ហា​សង្គម ដូចជា​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​វិនាស​កម្ម​ព្រៃឈើ​ជាដើម។ ទន្ទឹម​គ្នា​នេះ រូបថត​ពីរ​សន្លឹក ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​សំដៅ​ដល់​វិនាសកម្ម​ព្រៃឈើ និង​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា រូបថត​ពីរ​សន្លឹក​នោះ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​អគ្គលេខាធិការដ្ឋាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ បាន​បង្ហោះ​រូបថត ២​សន្លឹក ដែល​រូបថត​មួយ​សន្លឹក​បង្ហាញ​ការ​ដឹក​ជញ្ជូន​ហុប​ឈើ​ធំៗ​តាម​រថយន្ត​សន្ដោង​វែងៗ និង​រូបថត​មួយ​សន្លឹក​ទៀត​បង្ហាញ​ផ្ទៃ​ដី​ស្រឡះ​ល្វឹង បន្ទាប់​ពី​ព្រៃឈើ​ត្រូវ​បាន​ឈូស​ឆាយ​បោស​សម្អាត​រួច។

សំណេរ​មួយ​ឃ្លា​ភ្ជាប់​ជាមួយ​នឹង​រូបថត​ទាំង​ពីរ​សន្លឹក​នេះ ចង្អុល​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ហុប​ធំៗ។ រូបថត​ជាមួយ​នឹង​សំណេរ​នេះ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ចូល​ទៅ​គ្រុប​ហ្វេសប៊ុកមួយ ដែល​មាន​សមាជិក​ដល់​ទៅ​ជាង ១​ម៉ឺន​គណនី។

រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​នៃ​គណនី​ហ្វេសប៊ុក​​មួយ​នេះ សរសេរ​រៀប​រាប់​ថា «ពូកែ​ណាស់​អា​ខាង​បំផ្លាញ រលាយ​ហើយ​បាន​សម្រេច!!!»។

Facebook Post | Archived Link

គណនី​ហ្វេសប៊ុក​នេះ មិន​បាន​បន្ទោស​ដោយ​ត្រង់​ៗ​ទៅ​លើ​ភាគី​ណា​មួយ​ទេ ប៉ុន្តែ បញ្ហា​កាប់​ឈើ ការ​ជួញ​ដូរ និង​ការ​ដឹក​ជញ្ជូន​ឈើ​លក់​ទៅ​ក្រៅ​ប្រទេស​នេះ ត្រូវ​បាន​បន្ទោសទៅ​លើ​រដ្ឋាភិបាល​ដែល​ជា​អ្នក​ដឹកនាំ និង​គ្រប់​គ្រង​ប្រទេស។

គណនី​ហ្វេសប៊ុក​នេះ មិន​បាន​បញ្ជាក់​ពី​ប្រភព​រូបថត ព័ត៌មាន​ត្រឹម​ត្រូវ​ទាំង​ស្រុង​នៃ​រូបថត​ទាំង​ពីរ​សន្លឹក​នោះ​ឡើយ ប៉ុន្តែ រូបថត​មួយ​សន្លឹក​ក្នុង​ចំណោម​នោះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​គេហទំព័រ​សារ​ព័ត៌មាន​ដើមត្នោត (DTN7) ដែល​បាន​ចុះ​ផ្សាយ​អំពី​វិនាស​កម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

www.dnt7.com | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ការ​ពិត​ជុំ​វិញ​រូបថត​នេះ​តាម​រយៈ​កម្មវិធី​ស្រាវ​ជ្រាវ​រូបថត​ Reverse Image របស់​ក្រុមហ៊ុន Google ដែល​នាំ​​ទៅ​ដល់​រូបថត​ដូច​គ្នា​ទាំង​ស្រុង និង​រូបថត​ដទៃ​ទៀត​ដែល​ពាក់​ព័ន្ធ។

រូបថត​ដែល​បង្ហាញ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ហុប​ធំៗតាម​រថយន្ត​សន្ដោង​វែង​ៗ ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ដោយសារ​គេហ​ទំព័រ​សារព័ត៌មាន Fresh News កាល​ពី​ ៥​ឆ្នាំ​មុន​នៅ​ក្នុង​សេចក្ដី​រាយការណ៍​​ជា​ភាសា​អង់គ្លេស​​អំពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ឡាវ និង​វៀតណាម។

ប៉ុន្តែ រូបថត​មួយ​សន្លឹក​នេះ មិន​មាន​សំណេរ​ព័ត៌មាន​ភ្ជាប់​ជាមួយ​នោះ​ឡើយ ដែល​នាំ​ឱ្យ​ខ្វះ​ព័ត៌មាន​អំពី​ទីតាំង​ និង​កាល​បរិច្ឆេទ​ជាក់​លាក់​​នៃ​រូបថត​នេះ ។

Fresh News Report | Archived Link

តាម​រយៈ​រូបថត​ដែល​ចុះ​ផ្សាយ​ដោយ​ Fresh News វា​​បាន​នាំ​ឱ្យ​រក​ឃើញ​រូបថត​​ដើម និង​រូបថត​ពាក់​ព័ន្ធ​ជាច្រើន​ទៀត ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​វៀតណាម​កាល​ពី​ដើម​ឆ្នាំ​២០១៥​កន្លង​មក។

​សេចក្ដី​រាយការណ៍​​របស់​សារព័ត៌មាន ATGT បាន​បង្ហាញ​រូបថត​ឈើ​ហុប​ធំៗ ត្រូវបាន​ដឹក​ជញ្ជូន​តាម​រថយន្ត​ធុន​ធ្ងន់​វែងៗ ដែល​ចត​រង់ចាំ​ការត្រួត​ពិនិត្យ​ពី​សំណាក់​មន្ត្រី​គយ​របស់​វៀតណាម​នៅ​ឯ​ច្រក​ព្រំដែន Lao Bao ជា​ច្រក​ព្រំដែន​អន្តរជាតិ​​រវាង​ប្រទេស​ឡាវ និង​វៀតណាម។ ប្រទេស​ឡាវ​បាន​ហៅ​ច្រក​ព្រំដែន​​មួយ​នេះ​ថា ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដន​សុវណ្ណ ស្ថិត​ក្នុង​ខេត្ត​សុវណ្ណខេត្ត​ ដែល​ភ្ជាប់​ទៅ​នឹង​ខេត្ត​ក្វាងទ្រី​ នៃ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម។

សេចក្ដី​រាយការណ៍​ដដែល​នេះ និយាយ​ថា រថយន្ត​ដឹក​ឈើ​ហុប​ចេញ​ពី​ប្រទេស​ឡាវ​ដល់​ទៅ​រាប់​រយ​គ្រឿង បាន​កក​ស្ទះ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៥​ និង​ត្រូវ​រង់ចាំ​ចន្លោះ​ពី ៦ ទៅ ១០​ថ្ងៃ​នៅ​ច្រក​ព្រំដែន ដើម្បី​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ខ្នាត​ឈើ​ហុប​ទាំង​នោះ​ឱ្យ​បាន​សុក្រឹត្យ​ទៅ​តាម​បទប្បញ្ញត្តិ​ថ្មី​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម។

www.atgt.vn | Archived Link

ចំណែក​រូបថត​មួយ​សន្លឹក​ទៀត​ដែល​បង្ហាញ​ពី​ផ្ទៃ​ដី​ត្រូវ​បាន​ឈូស​ឆាយ​ព្រៃឈើ​ស្រឡះ​ល្វឹង​ល្វើយ​​នោះ មិន​មែន​ជា​វិនាសកម្ម​ព្រៃឈើ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ រូបថត​នេះ ត្រូវបាន​បោះ​ពុម្ព​ផ្សាយជាមួយ​សេចក្ដី​រាយការណ៍​មួយ​របស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក NPR កាល​ពី​ឆ្នាំ​២០១០​កន្លង​មក។ ព័ត៌មាន​នៃ​រូបថត​មួយ​សន្លឹក​ រៀបរាប់​ថា វា​បង្ហាញ​នូវ​ការ​បាត់​បង់​គម្រប់​ព្រៃឈើ​ដ៏​ធំ​នៅ​លើ​កោះ​ស៊ូម៉ាត្រា​របស់​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ឆ្នាំ​២០១០ ដែល​ពាក់​ព័ន្ធ​នឹង​ដី​សម្បទាន​របស់​ក្រុមហ៊ុន Asia Pulp & Paper (APP) ដែល​ជា​ក្រុមហ៊ុន​ផលិត​ក្រដាស​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។

NPR Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ​រូបថត​ពីរ​​សន្លឹក​ជាមួយ​សំណេរ​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ មិនង​ត្រឹម​ត្រូវ​ទេ និង​អាច​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ មិន​មែន​បង្ហាញ​ពី​វិនាស​កម្ម​ព្រៃឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​នៅ​កម្ពុជា​នោះ​ឡើយ។ រូបថត​បង្ហាញ​ការ​ដឹក​ជញ្ជូន​ឈើ​ហុប​រាប់​រយ​ឡាន​ធំៗ​នោះ គឺ​ជា​ការ​ដឹក​ជញ្ជូន​ឈើ​ហុប​ចេញ​ពី​ប្រទេស​ឡាវ​ទៅ​ប្រទេស​វៀតណាម ហើយ​រូបថត​ផ្ទៃ​ដី​ស្រឡះ​ល្វឹងល្វើយ​នោះ គឺ​ជា​ការ​បាត់​បង់​​គម្រប់​ព្រៃឈើ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

Avatar

Title:រូបថត​ការ​ដឹក​ជញ្ជូនឈើ​ហុប និង​ការ​បាត់​បង់​គម្រប់​ព្រៃឈើ​ដ៏​ធំ​ មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​ទេ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.