
ខណៈដែលរលកកម្ដៅខ្លាំងកំពុងវាយប្រហារប្រទេសជាច្រើននៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នោះ ការអះអាងដ៏ផុសផុលមួយ បានណែនាំមហាជនកុំឱ្យទទួលទានទឹកត្រជាក់ និងងូតទឹកត្រជាក់ ដោយសារវាមានហានិភ័យខ្ពស់ចំពោះសុខភាព។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា វេជ្ជបណ្ឌិតបានណែនាំកុំឱ្យផឹកទឹកត្រជាក់នៅពេលអាកាសធាតុក្ដៅឡើងដល់ ៤០អង្សា ដោយសារទឹកត្រជាក់អាចធ្វើឱ្យសរសៃឈាមតូចៗផ្ទុះបែកបាន និងហាមងូតទឹកត្រជាក់ភ្លាមៗ ក្រោយពីវិលត្រឡប់មកពីខាងក្រៅដែលមានសីតុណ្ហភាពក្ដៅខ្លាំង។
ការអះអាងនេះ ទទួលបានការចែករំលែកបន្តយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម និងមតិយោបល់យ៉ាងច្រើនផងដែរពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដែលបង្ហោះដោយអ្នកបង្កើតមាតិកាម្នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

ទោះជាយ៉ាងណា ទំព័រហ្វេសប៊ុកដដែលនេះ បានកែប្រែសំណេររបស់ខ្លួនទៅវិញនៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ហើយខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសំណេរនៅលើបណ្ដាញសង្គម បន្ទាប់ពីបានកែប្រែសំណេររបស់ខ្លួន។

ទំព័រហ្វេសប៊ុកមួយទៀតឈ្មោះ ចាន់ធី សម្រស់ធម្មជាតិ ក៏បានបង្ហោះការអះអាងដដែលនេះផងដែរ ហើយក៏ទទួលបានការចែករំលែកបន្តរឹតតែច្រើនថែមទៀត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះការអះអាងដដែលនេះដោយទំព័រហ្វេសប៊ុកមួយទៀតកាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។

ការអះអាងដដែលនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតផងដែរ។ សូមមើលខ្លឹមសារទាំងស្រុងនៃការអះអាងដដែលនេះតាមរយៈតំណភ្ជាប់នៅទីនេះ ១, ២, ៣,។
ការអះអាងនេះ ក៏ត្រូវបានចែករំលែកតៗគ្នានៅក្នុងបណ្ដាញសង្គមតេឡេក្រាមផងដែរនៅក្នុងរយៈពេល ១សប្ដាហ៍មកនេះ។

ការអះអាងមួយនេះ មិនត្រូវបានគេបញ្ជាក់ប្រភពច្បាស់លាស់ ដើម្បីបង្ហាញពីភាពត្រឹមត្រូវ និងតម្លៃរបស់វានោះឡើយ។
ការអះអាងនេះ បានកើនឡើងចំពេលដែលរលកកម្ដៅកំពុងវាយប្រហារប្រទេសជាច្រើននៅតំបន់អាស៊ីភាគខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍អំឡុងរដូវខែមេសានេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការបញ្ជាក់របស់អ្នកជំនាញវេជ្ជសាស្ត្រកម្ពុជា និងអ្នកជំនាញវេជ្ជសាស្ត្រអន្តរជាតិផងដែរ។ ជាលទ្ធផល យើងរកឃើញការពិតដូចខាងក្រោមនេះ។
បន្ទាប់ពីការអះអាងនេះត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គមរួចមក អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានច្រានចោលការអះអាងនេះ ដោយចាត់ទុកជាព័ត៌មាន«មិនពិត»។
ជាងនេះទៅទៀត ក្រសួងសុខាភិបាលកម្ពុជាក៏បានបង្ហាញនូវសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ដែលបានណែនាំទៅដល់ប្រជាពលរដ្ឋកម្ពុជាអំពីវិធីបង្ការសុខភាពនៅអំឡុងរដូវក្ដៅនេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នោះ ក្រសួងសុខាភិបាល បានមិនហាមមហាជនទូទៅមិនឱ្យទទួលទានទឹកត្រជាក់នោះឡើយ ប៉ុន្តែ ក្រសួងក៏បានជំរុញឱ្យទទួលទានភេសជ្ជៈ និងអាហារត្រជាក់ៗ ហើយជៀសវាងអាហារក្ដៅ។
ក្រសួងសុខាភិបាលក៏បានជំរុញផងដែរទៅមហាជនឱ្យងូតទឹកត្រជាក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែ ហាមងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់មកពីខាងក្រៅដែលទទួលរងសីតុណ្ហភាពក្ដៅខ្លាំង។ ក្រសួងបញ្ជាក់ថា ការផ្លាស់ប្ដូរសីតុណ្ហភាពរាងកាយលឿនបែបនេះ អាចបង្កគ្រោះថ្នាក់ដល់មនុស្សចាស់ និងកុមារ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញទំព័រហ្វេសប៊ុកក្រសួងសុខាភិបាលដែលបានបង្ហោះសេចក្ដីប្រកាសព័ត៌មានស្ដីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្ដៅ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

ក្រៅពីការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជា យើងក៏បានស្វែងរកការបកស្រាយពីអ្នកជំនាញ ឬស្ថាប័នវេជ្ជសាស្ត្រអន្តរជាតិផងដែរ ដែលបង្ហាញថា ការទទួលទឹកត្រជាក់ភ្លាមៗក្រោយពីត្រឡប់មកពីខាងក្រៅមានសីតុណ្ហភាពក្ដៅនោះ មិនបង្កគ្រោះថ្នាក់ដល់សុខភាព ដូចជាធ្វើឱ្យសរសៃឈាមរួមតូច និងប្រឈមមុខនឹងជំងឺដាច់សរសៃឈាមនោះឡើយ។
សាររព័ត៌មានមួយរបស់ហ្វីលីពីន បានដកស្រង់សម្ដីរបស់មន្ត្រីជំនាញវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាលហ្វីលីពីន អ្នកស្រី Maria Rosario Vergeire ដែលបញ្ជាក់ថា ការទទួលទានទឹកត្រជាក់ និងងូតទឹកឱ្យរាងកាយចុះត្រជាក់បន្ទាប់ពីមនុស្សយើងស្ថិតនៅខាងក្រៅក្រោមកម្ដៅ ៤០អង្សានោះ មានសុវត្ថិភាពធម្មតា។
អ្នកជំនាញសុខាភិបាលរូបនេះ បានបញ្ជាក់ទៀតថា សារបង្ហោះនៅលើបណ្ដាញសង្គមដែលណែនាំឱ្យមនុស្សយើងត្រូវរងចាំ ៣០នាទីមុននឹងងូតទឹក បន្ទាប់ពីត្រឡប់មកពីក្រៅនៅក្រោមសីតុណ្ហភាពក្ដៅខ្លាំងនោះ មិនត្រឹមត្រូវនោះឡើយ។ សូមអានខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់ត្រូវបានរក្សាទុកនៅទីនេះ។
ជាងនេះទៅទៀត មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) ក៏បានណែនាំឱ្យមនុស្សយើងត្រូវគ្រប់គ្រងភាពត្រជាក់នៅលើរាងកាយរបស់យើងអំឡុងពេលសីតុណ្ហភាពក្ដៅខ្លាំង។
ស្ថាប័នមួយនេះ បានបញ្ជាក់ថា ហានិភ័យបណ្ដាលមកពីសីតុណ្ហភាពក្ដៅខ្លាំង កើតឡើងខ្ពស់ចំពោះក្រុមមនុស្សមានវ័យចាប់ពី ៦៥ឆ្នាំឡើង ក្រុមក្មេងតូចមានវ័យក្រោម ២ឆ្នាំចុះ និងក្រុមមនុស្សមានជំងឺប្រចាំកាយ ឬមានជំងឺផ្លូវចិត្ត។
ស្ថាប័នជំនាញសុខភាពអាមេរិកមួយនេះ ពុំបានបញ្ជាក់ថា ការទទួលទានទឹកត្រជាក់ និងងូតទឹកត្រជាក់ភ្លាមៗក្រោយពីវិលត្រឡប់មកពីក្រៅដែលមានសីតុណ្ហភាពក្ដៅខ្លាំងនោះឡើយ។ ផ្ទុយទៅវិញ ស្ថាប័ននេះ បានណែនាំឱ្យទទួលទានឱ្យបានច្រើន និងងូតទឹកដើម្បីឱ្យរាងកាយមនុស្សយើងរក្សាបានភាពត្រជាក់។

CDC’s Instruction | Archived Link
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ក្រសួងសុខាភិបាលកម្ពុជា និងស្ថាប័នជំនាញសុខាភិបាលអន្តរជាតិ សុទ្ធតែបញ្ជាក់ថា ការទទួលទានទឹកត្រជាក់ និងងូតទឹកត្រជាក់អំឡុងសីតុណ្ហភាពក្ដៅខ្លាំងនេះ សុទ្ធតែជាវិធីបង្ការហានិភ័យដែលបណ្ដាលមកពីរលកកម្ដៅខ្លាំង។

Title:ទទួលទានទឹកត្រជាក់ និងងូតទឹកភ្លាមៗនារដូងក្ដៅបែបនេះ មានគ្រោះថ្នាក់ចំពោះសុខភាពឬទេ?
Fact Check By: Jay UdomResult: Misleading
