
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ បានអះអាងថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាសង្ឃក្លែងក្លាយ ប្រព្រឹត្តអំពើសាហាវព្រៃផ្សៃ និងប្រព្រឹត្តអំពើខុសច្បាប់។
ការអះអាងនេះ ទទួលបានការចែករំលែកជាច្រើនដងលើនៅលើបណ្ដាញសង្គម ហើយក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិផ្សេងៗ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «អាខ្មៅម្នាក់នេះ ជាមនុស្សបាតផ្សារ សាហាវព្រៃផ្សៃ ប្រព្រឹត្តតែអំពើខុសច្បាប់ ដល់តែច្បាប់ចាត់ការ វាបានរត់គេចខ្លួនទៅពួនសំងំនៅក្រៅប្រទេសបានលួចលាក់ធ្វើជាសង្ឃក្លែងក្លាយ ដើរបោកគេឯង ដើម្បីជីវិតរស់ដែលខ្លួនបានរត់គេចចេញពីសំណាញ់ច្បាប់»។

ការអះអាងខាងលើនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅព្រះសង្ឃមួយអង្គថា ជា«ក្មេងពាល» និងជាព្រះសង្ឃក្លែងក្លាយដោយគ្រាន់តែគ្រងស្បងចីវរតែប៉ុណ្ណោះ។
សូមស្ដាប់ និងទស្សនាវីដេអូលោក ហ៊ុន សែន ថ្លែងជាសាធារណៈកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានដើមអម្ពិល (DAP News)។
ការថ្លែងរបស់លោក ហ៊ុន សែន ក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Fresh News ផងដែរ។ សូមមើលវីដេអូទាំងស្រុងនៅទីនេះ។
ការថ្លែងរបស់លោក ហ៊ុន សែន ក៏ត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងដែរកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ។

តើព្រះតេជគុណ ប៊ុត ប៊ុនតិញ ជានរណា?
សេចក្ដីរាយការណ៍របស់សារព័ត៌មានសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីឆ្នាំ២០១៨កន្លង បានឱ្យដឹងថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ គឺជាព្រះសង្ឃឈានមុខគេមួយអង្គនៅក្នុងសកម្មភាពការពារព្រៃឈើ សិទ្ធិសេរីភាព និងយុត្តិធម៌សង្គមនៅក្នុងប្រទេសកម្ពុជា។
ព្រះសង្ឃអង្គនេះ ក៏សកម្មនឹងការរិះគន់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
មានស្រុកកំណើតនៅឯស្រុកវ៉ារិន ខេត្តសៀមរាប ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបួសជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនាអស់រយៈពេលជាង ២០ឆ្នាំមកហើយ និងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសង្គមវិទ្យាពីប្រទេសឥណ្ឌាកាលពីឆ្នាំ២០១១កន្លងមក។
ព្រះសង្ឃអង្គនេះ គឺជាស្ថាបនិកមួយរូបនៃបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលតែងតែទាមទារសិទ្ធិសេរីភាព យុត្តធម៌សង្គម និងការពារព្រៃឈើ។
សូមអានលម្អិតសេចក្ដីរាយការណ៍មានចំណងជើងថា«ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាព្រះសង្ឃដែលហ៊ានប្រឆាំងនឹងរបបរបស់លោក ហ៊ុន សែន» ដែលចេញផ្សាយដោយសារព័ត៌មាន VOA កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។ សេចក្ដីរាយការណ៍នេះ ក៏ត្រូវបានរក្សាទុកជាឯកសារបណ្ណសារដ្ឋាននៅទីនេះផងដែរ។
ទទួលបានពានសម្រាប់កិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថិតនៅក្នុងចំណោមបុគ្គលជាច្រើនទៀត ត្រូវបានរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់មេដាយកិត្តិយសកាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងមក សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងការការពារបរិស្ថាន។
សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយថា ដើម្បីទទួលយកមេដាយនេះ ទោះជាយ៉ាងណា ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានទាមទារឱ្យស្វែងរកយុត្តិធម៌សម្រាប់ឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំ២០១៦។ សូមអានខ្លឹមសារនៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
ការផ្ដល់មេដាយនេះ បានកើតឡើងបន្ទាប់ពីលោក ហ៊ុន សែន បានរៀបចំវេទិកាបរិស្ថានមួយនៅក្នុងខែសីហា នៅឯទីស្ដីការគណៈរដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ និងក្រុមអ្នកស្រឡាញ់បរិស្ថានចូលរួម និងសម្ដែងមតិយោបល់របស់ពួកគេ។
ប្រឈមមុខនឹងការចោទប្រកាន់ពីតុលាការ
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថិតនៅក្នុងចំណោមបុគ្គល ២នាក់ផ្សេងទៀត ដែលត្រូវបានតុលាការចោទប្រកាន់កាលពីដើមឆ្នាំ២០១៨កន្លងមក ពីបទរំលោភទំនុកចិត្តពាក់ព័ន្ធមូលនិធិបុណ្យសពលោក កែម ឡី អ្នកអត្ថាធិប្បាយនយោបាយដ៏ល្បីឈ្មោះដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំ២០១៦។
បុគ្គល ២រូបទៀតដែលរងការចោទប្រកាន់ដូចព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែរនោះ មានលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស និងលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ទោះជាយ៉ាងណា ការចោទប្រកាន់លើលោក មឿន តុលា នៅក្នុងករណីតែមួយនេះ ត្រូវបានតុលាការកម្ពុជាសម្រេចទម្លាក់ចោលវិញកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងមក។ សូមអានខ្លឹមសារទាំងស្រុងនៅទីនេះ ឬតាមរយៈតំណភ្ជាប់ត្រូវបានរក្សាទុកនៅទីនេះ។
ប៉ុន្តែ ការចោទប្រកាន់លើព្រះតេជគុណ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង មិនត្រូវបានតុលាការទម្លាក់ចោលនោះឡើយ ហើយប្រឈមមុខនឹងការស្វែងរកចាប់ខ្លួនពីសមត្ថកិច្ចកម្ពុជាទៀតផង។
ភៀសព្រះកាយ និងបន្តរិះគន់លោក ហ៊ុន សែន ពីក្រៅប្រទេស
បន្ទាប់ពីប្រឈមមុខនឹងការចោទប្រកាន់ពីតុលាការជុំវិញបណ្ដឹងដែលចោទថា ព្រះអង្គបានរំលោភសេចក្ដីទុកចិត្តពាក់ព័ន្ធនឹងការចាត់ចែងថវិកាបុណ្យសពលោក កែម ឡី នោះមក ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក៏ដូចលោក ប៉ា ងួនទៀង ផងដែរ បានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងមក។
សារព័ត៌មាន VOA បានចុះផ្សាយថា ព្រះសង្ឃអង្គនេះ បានបន្តរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ជុំវិញបញ្ហាបរិស្ថាន អំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងការរំលោភយកដីធ្លីរបស់ប្រជាជន។ សូមមើលសេចក្ដីរាយការណ៍របស់ VOA នៅទីនេះ ឬតាមរយៈតំណភ្ជាប់ត្រូវបានរក្សាទុកនៅទីនេះ។

Title: តើព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាព្រះសង្ឃអាក្រក់ដូចការអះអាងមែនឬទេ?
By: Jay UdomResult: Explainer
