រូប​ថត​​​លោក​ សម​ រង្ស៊ី​ អាន​សៀវភៅ​ «ប្រវត្តិ​ក្បត់​ជាតិ​បី​ជំនាន់​» ជា​រូប​ថត​កាត់​ត​

Altered Political

ស្រប​ពេល​ដែល​លោក​ សម​ រង្ស៊ី បាន​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ហើយ​នោះ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​​អង្គុយ​កាន់​សៀវ​ភៅ​មួយ​​មាន​ចំណង​ជើង​ថា​ «ប្រវត្តិ​ក្បត់​ជាតិ​បី​ជំនាន់​» ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់។​ ការ​បង្ហោះ​បែប​នេះ​ ត្រូវ​បាន​ទទួល​ការ​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​មិន​​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មករា​ ឆ្នាំ​២០២៣​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះរូប​ថត​មួយ​សន្លឹកទៅ​ក្នុង​ក្រុម​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «ក្រុម​ការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ​»​ ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​លោក​ សម​ រង្ស៊ី​ អតីត​មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​បាន​និរទេស​ខ្លួនរស់​នៅ​ប្រទេស​បារាំង​នោះ​ បាន​កាន់​សៀវ​ភៅ​មួយ​ក្បាល​ ដែល​មាន​ចំណង​ជើង​សៀវ​ភៅ​ គឺ​ «ប្រវត្តិ​ក្បត់​ជាតិ​បី​ជំនាន់​»។​ ​រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាមទាំង​ស្រុង​ ​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «យមបាល​ នឹង​ត្រូ​វចាប់​ខ្លួ​នយ​កទៅលា​ងបា​បនៅ​ក្នុងន​រកអ​វចី​ក្នុង​ពេល​ឆាប់​ខាងមុ​ខតទៅ​រៀងអើយ​ សាធុ​ សាធុ​ សាធុ​​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ សម​ រង្ស៊ី​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ២០២០​កន្លង​ទៅ​។​ រូប​ថត​ច្បាប់​ដើម​របស់​លោក​ សម​ រង្ស៊ី​ ពុំ​បាន​កាន់​សៀវ​ភៅ​ ​​ដែល​មាន​ចំណង​ជើង​ថា​ «ប្រវត្តិ​ក្បត់​ជាតិ​បី​ជំនាន់​» នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​ សៀវ​ភៅ​ដែល​លោក​ កំពុង​កាន់​នោះ​ គឺ​មាន​ឈ្មោះ​ថា​ «សុបិន​ និង​ ការ​ពិត​»​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ត្រូវប​ង្ខាំងខ្លួន​ក្នុងផ្ទះ​ នៅ​ទីក្រុ​ងប៉ារីស​»។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ត្រូវ​បាន​កាត់​ត មុន​នឹង​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ការ​ពិតលោក​ សម​ រង្ស៊ី​ បាន​អង្គុយ​ និង​អាន​សៀវ​ភៅ​មួយ​ក្បាល​ ដែល​មាន​ឈ្មោះ​ថា​ «សុបិន​ និង​ ការពិត​» ដោយ​​ពុំ​មាន​រូប​​លោក​ ផ្ដាម​នៅ​លើ​គម្រប​សៀវ​ភៅ​នោះ​ឡើយ​។​

Avatar

Title:រូប​ថត​​​លោក​ សម​ រង្ស៊ី​ អាន​សៀវភៅ​ «ប្រវត្តិ​ក្បត់​ជាតិ​បី​ជំនាន់​» ជា​រូប​ថត​កាត់​ត

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *