តើ​តារា​ចម្រៀង​កូរ៉េ​ Nancy បាន​ពាក់​អាវ​​មាន​រូបសញ្ញា​គណបក្ស​ភ្លើង​ទៀន​មែន​ឬ​ទេ​?​

Altered Political

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​​ដែល​ចូល​រួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​​នៅ​ឆ្នាំ​២០២២​នេះ​ បាន​កំពុង​ដំណើរ​ការ​ទៅ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​​តារា​ចម្រៀង​ស្រី​កូរ៉េ​ម្នាក់​​បាន​ពាក់​អាវ​មាន​រូបសញ្ញា​គណបក្ស​ភ្លើង​ទៀន​ ត្រូវ​បាន​បង្ហោះ​ទៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​នា​ពេល​ថ្មី​ៗ​នេះ​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​បាន​បង្ហោះ​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី៣០​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​តារា​ចម្រៀង​ស្រី​កូវ៉េ​ បាន​ពាក់​អាវ​ដែល​មាន​ស្លាក​សញ្ញា​គណបក្ស​ភ្លើង​ទៀន​។​ គណបក្ស​ភ្លើង​ទៀន​ គឺ​ជា​គណបក្ស​ប្រឆាំង​មួយ​ ដែល​បាន​ដាក់​បេក្ខជន​ជាង ១,៦០០ឃុំ​សង្កាត់​ នៅ​២៥ខេត្តក្រុង ក្នុង​ចំណោម​ឃុំសង្កាត់ ១,៦៥២ ដោយ​ចំនួន​នេះ​គឺ​នៅ​ក្រោម​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ។

រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពីប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អូន​ ស្រឡាញ់​ គណបក្ស​ ភ្លើងទៀន​ និង​ស្រលាញ់​គ្រួសារ​ ភ្លើង​ទៀន​ ស្លាប់​ដើម្បី​ជាតិ​ ការពារ​ទឹក​ដី​ ទោះ​ជា​អូន​ ក្ស័យ​ក៏​អូន​ពេញ​ចិត្ត​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ ដែល​ត្រូវ​បាន​បង្ហោះ​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។​

រូប​ថត​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ FillGap News។ គេហទំព័រ​ដដែល​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​តារា​ចម្រៀង​ស្រី​កូរ៉េ​ Nancy Jewel បាន​ពាក់​អាវ​ដែល​មាន​ស្លាក​គណបក្ស​ភ្លើង​ទៀន​នោះ​ឡើយ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Another name in the list of top 10 most beautiful faces in the world in 2021 is Nancy Jewel»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ឈ្មោះ​មួយ​ទៀត​ក្នុង​បញ្ជី​មុខ​មាត់​ស្អាត​បំផុត​ទាំង១០ ក្នុង​ពិភពលោក​ឆ្នាំ២០២១ គឺ Nancy Jewel»។​

FillGap News | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហ​ទំព័រ​ YouTubers Bio ក៏​បាន​បង្ហាញ​រូប​ថត​មួយ​សន្លឹក​ដូច​គ្នា​ផង​ដែរ​ ដោយ​ពុំ​បាន​បង្ហាញ​តារា​ចម្រៀង​ម្នាក់​នេះ​ បាន​ពាក់​អាវ​ដែល​មាន​ស្លាក​សញ្ញា​របស់​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ​។​ Nancy Jewel McDonie កើត​នៅ​ថ្ងៃ​ទី​​១៣​ ខែ​មេសា​ ឆ្នាំ​២០០០​ ដោយ​ត្រូវ​បាន​គេ​ស្គាល់​ និង​ហៅ​ជា​ទូ​ទៅ​ថា Nancy។​ Nancy គឺ​ជា​តារា​ចម្រៀង​ តារា​សម្តែង​ និង​ជា​ពិធីករ​ជនជាតិ​អាមេរិក​-កូរ៉េ​។ នាង​ក៏​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​នារី​កូរ៉េ​ខាង​ត្បូង​ Momoland ផង​ដែរ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ តាម​រយៈ​កម្មវិធី​ Finding Momoland របស់​ MNET។

Bio-Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​ដូច​ដែល​រៀប​រាប់​ខាង​លើ​ត្រូវ​បាន​កាត់​ត​ មុន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​​ទិដ្ឋភាព​តារា​ចម្រៀង​កូរ៉េ​ Nancy Jewel បាន​ពាក់​អាវ​ដែល​មាន​ស្លាក​សញ្ញា​គណបក្ស​ភ្លើង​ទៀន​នោះ​ឡើយ​។​

Avatar

Title:តើ​តារា​ចម្រៀង​កូរ៉េ​ Nancy បាន​ពាក់​អាវ​​មាន​រូបសញ្ញា​គណបក្ស​ភ្លើង​ទៀន​មែន​ឬ​ទេ​?​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.