ខណៈ​ដែល​សំណង់​ខ្ពស់ៗ​ជាច្រើន ត្រូវ​បាន​សាង​សង់​ឡើង​ព្រោង​ព្រាត​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​រយៈ​មួយ​ទសវត្សរ៍​ចុង​ក្រោយ​មក​នេះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​អគារ​ខ្ពស់​ៗ​ជា​ច្រើន​អគារ​នា​ពេល​រាត្រី​​នៅ​តំបន់​ផ្សារ​ធំ​ថ្មី ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមជាមួយ​ការ​​អះអាង​ថា​ វា​ជា​បច្ចុប្បន្នភាព​​រាជ​ធានី​ភ្នំ​ពេញ​នា​ឆ្នាំ​២០២៤​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​មករា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ រូប​ថត​ថត​ពី​លំហរ​មួយ​សន្លឹក​ដែល​បង្ហាញ​សំណង់​អគារ​ខ្ពស់ៗ​នៅ​សង្កាត់​ពាណិជ្ជកម្ម​ម្ដុំ​អគារ​ពាណិជ្ជ​កម្ម​វឌ្ឍនៈ និង​កាណាឌីយ៉ានោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​​សំណេរ​ថា​ វា​ជា​សំណង់​អគារ​ខ្ពស់​នៅ​រាជ​ធានី​ភ្នំ​ពេញ​​នា​ឆ្នាំ​២០២៤​នេះ។​

ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ទីក្រុង​ភ្នំ​ពេញ​ឆ្នាំ​២០២៤​ វា​ហាក់​ដូច​ជា​ទីក្រុង​មួយ​នេះ​ បាន​ឈាន​ចូល​យុគ​សម័យ​ថ្មី​»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ Jeremie Montessuis/Photography កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​អំពី​ការ​ផ្លាស់​ប្ដូរ​ដោយ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) នៅ​ក្នុង​សង្គម​បច្ចុប្បន្នផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ថត​ផ្ដាម​​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ ដែលមាន​សំណេរ​បញ្ជាក់​នៅ​លើ​រូបថត​ផ្នែក​ខាង​ក្រោម​ថា ​ «A.I. VISION LAB»​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្គេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ឆ្នាំ​នេះ​ យើង​បាន​មើល​ AI ផ្លាស់​ប្តូរ​ពិភពលោក​ក្នុង​ពេល​វេលា​​ជាក់ស្តែ​ង។ ពី​អ្វី​ដែល​បាន​កើត​ឡើង​ វា​មិន​មានកា​រ​ងឿង​ឆ្ងល់​ទេ​ថា​ ឆ្នាំ​ខាង​មុខ​នឹង​ក្លាយ​ជា​រយៈពេល​ផ្លាស់​ប្តូរ​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ​»។​

Facebook Post | Archived Link

រូប​ថត​មួយ​សន្លឹក​ខាង​លើ​ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​បណ្ដាញ​សង្គម​ Instagram ក្រោម​គណនី​របស់​ j.montessuis ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​

Instagram Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ Instagram ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ជ្រុង​មួយ​ទៀត​ នៃ​រាជ​ធានី​ភ្នំពេញ​។​

Instagram Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូប​ថត​ដែល​ត្រូវ​បាន​ផលិត​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) និង​រូប​ថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​មួយ​សន្លឹក​ដែលទំព័រ​ហ្វេសប៊ុក​ បាន​អះអាង​ថា​នោះ​ជា​ទិដ្ឋភាព​ទីក្រុង​ភ្នំ​ពេញ​ ឆ្នាំ​២០២៤​នោះ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ និង​មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ​។​ រូប​ថតនេះ​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​។​

Avatar

Title:កម្មវិធី​បញ្ញា​សិប្ប​និម្មិត​បាន​បន្ថែម​សំណង់​អគារ​ខ្ពស់​ជាច្រើន​​ម្ដុំ​អគារ​កាណាឌីយ៉ា

Written By: Kakada Sim

Result: Altered