Fact Check: តើ​ពិត​ទេ​ដែល​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​?​

Misleading Social

បច្ចុប្បន្ន​ភព​ផែន​ដី​របស់​យើង​ មិន​ខ្វះ​ទេ​ទី​កន្លែង​ដែល​ស្រស់​ស្អាត​ និង​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​ នៅ​តាម​បណ្តា​ប្រទេស​ទាំង​ឡាយ​ពាស​ពេញ​ពិភព​លោក​ មិន​ថា​ជា​ស្នាដៃ​របស់​មនុស្ស​ជាតិ​ ឬ​ក​កើត​ឡើង​ដោយ​ធម្មជាតិ​នោះ​ទេ។​ 

ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទេស​ភាព​ដង​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​។​ រូប​ថត​នេះ​ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​សរសេរ​អះ​អាង​ថា​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហាក់​គិត​ថា​ រូប​នេះ​គឺ​ពិត​ជា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ និង​បាន​អះ​អាង​ថា​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​។​ ខេត្ត​កំពត​ គឺ​ជា​ ខេត្ត​មួយ​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ចម្ងាយ​ប្រមាណ​ ១៤៨គីឡូម៉ែត្រ​ ពី​រាជ​ធានី​ភ្នំពេញ​ និង​​មាន​​ឆ្នេរ​ដ៏​វែង​ស្ថិត​នៅ​លើ​ឈូង​សមុទ្រ​ថៃ​ផង​ដែរ​។​

រូប​ថត​មួយ​សន្លឹក​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ហាក់​បាន​គិត​ថា​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ ប្រទេស​កម្ពុជា​យើង ដោយ​មាន​ការ​បញ្ចេញ​មតិ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «កំពត​ កំពូល​ដួង​ចិត្ត»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ​Twitter កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ថត​ និង​បង្ហោះ​ដោយ​លោក​ Prudhvi Chowdary ដែល​ជា​អ្នក​ថត​រូប​ទេសភាព​ និង​ទេសចរណ៍​ម្នាក់​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ Twitter ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Maravanthe Beach, Kundapura.​The Incredible West Coast of India»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ឆ្នេរ​ម៉ារ៉ាវ៉ាន់ថា (Maravanthe Beach) កុន្ដា​ពូរា (Kundapura)​ ឆ្នេរ​ដ៏​ស្រស់​ស្អាត​ភាគ​ខាង​លិច​របស់​ប្រទេស​ឥណ្ឌា​»​។

Twitter Post | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហទំព័រ​សារ​ព័ត៌មាន​អន្តរ​ជាតិ​ India Times ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ក៏​បាន​បង្ហាញ​រូប​ថត​ទេស​ភាព​​ដង​ផ្លូវ​ស្រប​នឹង​ឆ្នេរ​សមុទ្រ​មួយ​នេះ​ផង​ដែរ។​ គេហទំព័រ​ដដែល​នេះ​ មិន​បាន​បញ្ជាក់​​នូវ​ទេស​ភាព​ដង​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​នេះ ថា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​នោះ​ឡើយ​។

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌មាន​ India Times ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «A unique SUV to a special destination – the Maravanthe Beach»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទិដ្ឋភាព​​រថយន្ត​ SUV នៅ​ឆ្នេរ​ម៉ារ៉ាវ៉ាន់ថា»​។​

India Times Link | Archived Link

Youtube Link | Archived Link

ក្រុម​ការ​ងារ​ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ទីតាំង​នៃ​ផ្លូវ​មួយ​នេះ​ផង​ដែរ​នៅ​លើ​គេហទំព័រ​ Google Earth។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ Google Earth ​បាន​បង្ហាញ​ទីតាំង​របស់​ទិដ្ឋ​ភាពដង​​ផ្លូវ​ស្រប​មាត់​ឆ្នេរ​ម៉ារ៉ាវ៉ាន់ថា (Maravanthe Beach Road) ប្រទេស​ឥណ្ឌា​។​

Google Earth | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ រូប​ថត​មួយ​សន្លឹក​ដែល​​បង្ហាញ​នូវ​ទេស​ភាព​ដង​ផ្លូវ​ ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ ពុំ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​នោះ​ឡើយ​។​ ការ​ពិត​រូប​ថត​នេះ​ ត្រូវ​បាន​ថត​ដោយ​លោក​ Prudhvi Chowdary និង​ត្រូវ​បាន​គេ​ស្គាល់ទីតាំង​នៃ​ទី​កន្លែង​នេះ​ គឺ​ស្ថិត​នៅ​​ផ្លូវ​ឆ្នេរ​ម៉ារ៉ាវ៉ាន់ថា (Maravanthe Beach Road) នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។​

Avatar

Title:តើ​ពិត​ទេ​ដែល​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​?​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.