Fact Check: តើ​នេះ​គឺ​ជា​ទិដ្ឋភាព​សាក​សព​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ​មែន​ដែរ​ឬ​ទេ​?

COVID-19 Misleading

គិត​ត្រឹម​ថ្ងៃ​ទី២០​ ខែ​កក្កដា​នេះ​ ប្រទេស​ថៃ​បាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩រហូត​ដល់​ទៅ​ ៣ ៥០២​នាក់​​ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​មាន​ ៤២៦​ ៤៧៥​​នាក់ឯណោះ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​អំពី​វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់​ និង​ព្យាបាល​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​ថៃ​នាពេល​ថ្មី​ៗ​នេះ​។​

ទន្ទឹម​គ្នា​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​កម្ពុជា​មួយ​ បាន​បង្ហោះ​រូប​ថត​ចំនួន​បួន​សន្លឹក​ និង​បាន​អះ​អាង​ថា​ ទាំង​នេះ​គឺ​ជា​សាក​សព​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​នៅ​ក្នុង​ប្រទេស​ថៃ​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ធ្វើ​ប៉ាស្ព័រ​ និង​វីសា​ការងារ​ បាន​បង្ហោះរូប​ថត​ចំនួន​៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​ក្រណាត់​រុំ​វេច​ខ្ចប់​ដែល​មាន​ទម្រង់​ដូច​ជា​​សាក​សព​របស់​មនុស្ស​នោះ​ ត្រូវ​បាន​គេ​ដាក់​គរ​លើ​គ្នា​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ក៏​បាន​អះអាង​ និង​ភ្ជាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ដែល​ហាក់​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​គិត​ថា​ នោះ​គឺ​ជា​សាក​សព​អ្នក​ដែល​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩​នៅ​ក្នុង​ប្រទេស​ថៃ​។​​

រូប​ថត​​​ និង​សំណេរ​​នេះ​​មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​សិប​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ​ដែល​បាន​រៀប​រាប់​ថា​​​ «​នៅ​ថៃ​ ​កាច​សាហាវ​ណាស់​កូវីដ​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​ទាំង​ឡាយ​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់ថៃ​​ Voice TV ដែល​បង្ហោះ​រូប​ថត​ និង​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ បាន​បង្ហាញ​រូប​ថត​ជា​ច្រើន​សន្លឹក​អំពី​ទិដ្ឋ​ភាព​ក្រុម​បាតុ​ករ​ កំពុង​តែ​កាន់​​ក្រណាត់​រុំ​វេច​ខ្ចប់​ដែល​មាន​ទម្រង់​ដូច​ជា​​សាក​សព​នៅ​ក្បែ​រ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​បាងកក។​ នៅ​ក្នុង​សេចក្តី​រាយការណ៍​ដដែល​នេះ​បាន​បញ្ជាក់​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ក្រុម​អ្នក​តវ៉ា​បាន​ឈរ​ទាម​ទារ​ឲ្យ​លោក​នាយករដ្ឋ​មន្ត្រី​ថៃ​លោក​ ប្រាយុទ្ធ​ ចាន់​អូចា​ ចាក​ចេញ​ពី​តំណែង​ដែល​ក្រុម​បាតុ​ករ​បាន​លើក​ឡើង​ថា​លោក​បរាជ័យ​នៅ​ក្នុង​ការ​​ទប់​ស្កាត់ក្នុង​បញ្ហា​ជំងឺ​កូវីដ​មួយ​នេះ​។​

ខាង​ក្រោម​គឺ​ជា​ រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ ដែល​ក្រុម​បាតុ​ករ​ឈរ​លើក​​ម្រាម​ដៃ​៣​ ដោយ​មាន​​ក្រណាត់​​រុំ​ខ្ចប់​តំណាង​ឲ្យអ្នក​ស្លាប់​ដោយសារ​តែ​ជំងឺ​កូវ​ីដ​-១៩​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​។​

Voice TV’s Report | Archived Link

ការ​តវ៉ា​ និង​ប្រឆាំង​ទៅ​នឹង​រាជ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ប្រាយុទ្ធ​ ពី​សំណាក់​ពលរដ្ឋ​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨​នោះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​ផង​ដែរ​នៅ​តាម​បណ្តា​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ដូច​ជា​ Aljazeera, South China Morning Post, និង​ International Business Times ជា​ដើម​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌មានរបស់ International Business Times​​ ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​ បង្ហាញ​ទិដ្ឋ​ភាព​ក្រុម​បាតុ​ករ​ជិះ​ម៉ូតូ​ជាមួយ​នឹង​ក្រណាត់​រុំ​​ ដែល​តំណាង​ឲ្យអ្នក​ស្លាប់​ដោយសារ​តែ​ជំងឺ​កូវ​ីដ​-១៩​។​

International Business Times’s Report | Archived Link

ដូច​គ្នា​ផង​ដែរ​ខាង​ក្រោម​នេះ​គឺ​ជា​ រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌​មាន​ South China Morning Post ដែលបាន​ធ្វើ​សេចក្តី​រាយ​ការណ៍​កាល​ពីថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ដោយ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Mock body bags depicting coronavirus victims are burnt in Bangkok.» ឬ​ប្រើ​ជា​ភាសា​ខ្មែរ​ថា​ «សាក​សព​ក្លែង​ក្លាយ​តំណាង​ឲ្យ​អ្នក​ស្លាប់​ដោយ​សារតែ​ជំងឺ​កូវីដ​-១៩​ ត្រូវ​បាន​ដុត​នៅ​ក្នុង​ទីក្រុង​បាងកក​»​។​

South China Morning Post’s Report | Archived Link

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌មាន​ Aljazeera ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ ក៏​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​បាតុ​ករ​ដុត​រូប​តំណាង​អ្នក​ស្លាប់​ដោយសារ​តែ​ជំងឺ​កូវ​ីដ​-១៩​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​។​

Aljazeera’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ រូបថត​សព​ដែល​ត្រូវ​បាន​រុំ​វេច​ខ្ចប់​នេះ មិន​មែន​ជា​សព​ពលរដ្ឋ​ថៃ​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩នោះ​ឡើយ។ រូប​ថត​ទាំង​នោះ​ គឺ​​ជា​​រូប​តំណាង​ឲ្យអ្នក​ស្លាប់​ដោយសារ​តែ​ជំងឺ​កូវ​ីដ​-១៩ ដែល​ក្រុម​បាតុ​ករ​បាន​ធ្វើ​ជាសាក​សព​រុំ​ខ្ចប់​ក្លែង​ក្លាយ​ក្នុង​អំឡុងពេល​​បាតុកម្ម​នា​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៨​កន្លងមក​​នេះ​។​

Avatar

Title:តើ​នេះ​គឺ​ជា​ទិដ្ឋភាព​សាក​សព​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.