សារព័ត៌មាន​មួយ​ដក​ស្រង់​​សម្ដី​ប្រមុខ​ការទូត​អាមេរិក​មក​ចុះ​ផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ

False Political

បន្ទាប់​ពី​លោក Marco Rubio ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ជា​ផ្លូវការ​កាល​ពី​សប្ដាហ៍​មុន សារព័ត៌មានមួយ​បាន​ចុះ​ផ្សាយ​ថា ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹង​ទប់​ស្កាត់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ព័ត៌មាន​នេះ ត្រូវ​បាន​បង្ហោះ​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​ទាំង​មេដឹកនាំ​បក្ស​ជំទាស់​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​​រក​ឃើញ​ថា ព័ត៌មាន​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

សារព័ត៌មាន​ VOD ​បាន​ចុះ​ផ្សាយ​សេចក្ដី​រាយការណ៍​មួយ​​ថា រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​អាមេរិក លោក Marco Rubio នឹង​ទប់​ស្កាត់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​នោះ សារព័ត៌មាន VOD ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បិទ​នៅ​ដើម​ឆ្នាំ​២០២៣​នោះ បាន​ដក​ស្រង់​សម្ដី​របស់​លោក Marco Rubio ដោយ​រៀបរាប់​ថា ជា​អ្វី​ដែល​ប្រមុខ​ការទូត​ថ្មី​របស់​អាមេរិក​និយាយ​សំដៅ​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន សារព័ត៌មាន VOD បាន​ដក​ស្រង់​សម្ដី​លោក Marco Rubio ដែល​ថ្លែង​ថា “I expect every nation on earth to advance their national interests. And in those instances – and I hope there will be many — in which our national interests and theirs align, we look forward to working with them. This is in many ways – and again, it was referenced by President Trump yesterday in his speech that he designs – that his overriding goal for global policy is the promotion of peace, the avoidance of conflict, and no agency will more – be more critical in that regard than this one.”

សារព័ត៌មាន VOD ដែល​ធ្វើ​ប្រតិបត្តិការ​ផលិត​ព័ត៌មាន​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​បង្ហោះ​សេចក្ដី​រាយការណ៍​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៥ ហើយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ចែក​រំលែក​បន្ត​លើស​ពី ១​ពាន់​ដង។

ខាង​ក្រោម​នេះ គឺ​វីដេអូ​នៃ​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន VOD ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​​របស់​ខ្លួន​​ ដោយ​ដាក់​ចំណង​ជើង​ថា “រដ្ឋមន្រ្តីការបរទេស ត្រាំ ប្រាប់អ្នកសារព័ត៌មានថានឹងទប់ស្កាត់ការបំពានសិទ្ធិមនុស្សនៅកម្ពុជា” មុន​នឹង​សរសេរ​រៀបរាប់​បន្ត​ថា “រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បង្ហាញឆន្ទៈរបស់ខ្លួនក្នុងការជំរុញការស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ខណៈលោកមើលឃើញថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារងការបំផ្លាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំកម្ពុជា”។

Facebook Post | Archived Link

បើ​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​នេះ សារព័ត៌មាន VOD បាន​ចុះ​ផ្សាយ​ដូច្នេះ​ដោយ​ផ្អែក​ទៅ​តាម​សំណេរ​របស់​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ SUN News Channel 7 Cambodia កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២៥ ដែល​រៀបរាប់​ថា ប្រមុខ​ការទូត​អាមេរិក​ថ្មី​ប្ដេជ្ញា​ជំរុញ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា និង​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ និង​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ឡើង​វិញ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ខ្លឹមសារ​សំណេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក SUN News Channel 7 Cambodia ដែល​ត្រូវ​បាន​សារព័ត៌មាន VOD យោង​ធ្វើ​ជា​ប្រភព​នៅក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

Facebook Post | Archived Link

បន្ទាប់​ពី​សារព័ត៌មាន VOD បាន​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​នេះ មេដឹកនាំ​បក្ស​ជំទាស់​ លោក សម រង្ស៊ី ក៏​បាន​ទាញ​យក​វីដេអូ​សេចក្ដី​រាយការណ៍​ព័ត៌មាន​នេះ​ទៅ​បង្ហោះ​បន្ត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​ដែរនៅ​​ថ្ងៃ​នេះ។

ខាង​ក្រោម​នេះ គឺជា​វីដេអូ​សេចក្ដី​រាយការព័ត៌មាន​ទាំង​ស្រុង​របស់​សារព័ត៌មាន VOD ដែល​លោក សម រង្ស៊ី បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៥ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​រាប់​រយ​ដង។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​​ព័ត៌មាន​នេះតាម​រយៈ​ការ​ពិនិត្យ​មើល​ខ្លឹមសារ​ដើម​ទាំង​ស្រុង​នៃ​ប្រសាសន៍​របស់​ប្រមុខ​ការទូត​អាមេរិក លោក Marco Rubio ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

លោក Marco Rubio បាន​ស្បថ​ចូល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួង​ការបរទេស​អាមេរិក​កាល​ពីសប្ដាហ៍​មុន តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​​ពី​ការ​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​របស់​ប្រធានាធិបតី Donald Trump កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៥។

នៅ​ក្នុង​ដំណើរ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​សម្រង់​សម្ដី​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន VOD ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ យើង​បាន​រក​ឃើញ​​សម្រង់​សម្ដី​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ដោយ​វេបសាយ​របស់​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២៥។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ បង្ហាញ​ថា សម្រង់​សម្ដី​នេះ​គឺ​ជា​មួយ​ផ្នែក​នៃ​សម្ដី​ដើម​ទាំង​ស្រុង​របស់​លោក Marco Rubio ដែល​បាន​ថ្លែង​ទៅ​កាន់​បុគ្គលិក​ក្រសួង​ការបរទេស នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រសួង​មួយ​នេះ ដើម្បី​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការបរទេស​ជា​ផ្លូវការ។

ក្រៅ​ពី​ថ្លែង​និយាយ​ថ្លែង​អរគុណ​ដល់​ក្រុម​គ្រួសារ​របស់​លោក និង​មនុស្ស​សំខាន់​ដែល​ជួយ​គាំ​ទ្រ​ដល់​រូប​លោក​នោះ លោក Marco Rubio បាន​បញ្ជាក់​ប្រាប់​ទៅ​បុគ្គលិក​ក្រសួង​ការបរទេស​អាមេរិក​ថា នៅ​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump គោល​នយោបាយ​ការបរទេស​ដ៏​ច្បាស់​លាស់​របស់​ គឺ​ផ្ដោត​ទៅ​លើ​រឿង​មួយ​ប៉ុណ្ណោះ នោះគឺ​ផល​ប្រយោជន៍​របស់​ជាតិ។

លោក​បញ្ជាក់​បន្ថែម​ថា គោល​នយោបាយ​ការបរទេស​របស់​លោក Trump ដែល​តម្កល់​ផល​ប្រយោជន៍​អាមេរិក​ជា​ចម្បង​នេះ នឹង​ធ្វើ​ឱ្យ​អាមេរិក​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន មានសុវត្ថិភាព​ជាង​មុន និង​កាន់​តែ​មាន​វិបុលភាព។

ដោយ​ពិនិត្យ​មើល​សម្ដី​ដើម​ទាំង​ស្រុង​របស់​គាត់ យើង​បាន​រក​ឃើញ​ថា ប្រមុខ​ការទូត​ថ្មី​របស់​អាមេរិក​គ្មាន​បាន​និយាយ​ដល់​ទាល់​តែ​សោះ​អំពី​ឈ្មោះ​ប្រទេស​កម្ពុជា ឬ​រដ្ឋាភិបាល​កម្ពុជា ឬ​បញ្ហា​នានា​របស់​កម្ពុជា​។

លោក Marco Rubio មិន​បាន​ថ្លែង​បែប​នេះ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដូច​ដែល​សារព័ត៌មាន VOD ចុះ​ផ្សាយ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថ្លែង​ទៅ​កាន់​បុគ្គលិក​ក្រសួង​ការបរទេស​តែ​ប៉ុណ្ណោះ នៅ​ពេល​លោក​ចូល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​នៅ​ថ្ងៃ​ដំបូង។

សម្រាប់​សម្ដី​ដើម​ទាំង​ស្រុង​របស់​លោក Marco Rubio ត្រូវ​បាន​គេ​កត់ត្រា​ទុក​ទាំង​ស្រុង ហើយ​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​វេបសាយ​របស់​ក្រសួង​ការបរទេស​អាមេរិក​ផង​ដែរ។ គេ​អាច​ចូល​ទៅ​មើល​បាន​តាម​រយៈ​តំណ​ភ្ជាប់​ទៅ​ទីនេះ

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​មួយ​ផ្នែក​នៃ​សម្ដី​ដើម​របស់ លោក Marco Rubio អំឡុង​ពេល​ថ្លែង​ទៅ​កាន់​បុគ្គលិក​ក្រសួង​ការបរទេស​អាមេរិក ហើយ​ដែល​ត្រូវ​បាន​សារព័ត៌មាន VOD ដក​ស្រង់​យក​មក​ចុះ​ផ្សាយ។

U.S. State Department’s Press Release | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រែ​សម្រួល​សម្រង់​សម្ដី​របស់​លោក Marco Rubio នៅ​ត្រង់​កថា​១២ និង ១៣ នៃ​សម្ដី​ដើម​ទាំង​ស្រុង​របស់​លោក​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​របស់​ក្រសួង​ការបរទេស​អាមេរិក៖

 “ខ្ញុំគឺ​ជា​អ្នក​ថ្មី​នៅ​ក្នុង​ក្រសួង​នេះ។ ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ដំបូង​របស់​ខ្ញុំ​នៅ​ក្នុង​តួនាទី​នេះ ប៉ុន្តែ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ប្លែក​មុខ​នោះ​ទេ។ ខ្ញុំ​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា ទាំង​អំឡុង​ពេល​ដំណើរ​របស់​ខ្ញុំ​នៅ​ក្រៅ​ប្រទេស និង​នៅ​ក្នុង​ពេល​បំពេញ​តួនាទី​ប្រចាំ​ថ្ងៃ​របស់​ពួក​យើង។ ការងារ​ខ្ញុំ​នា​ពេល​នេះ ខុស​ប្លែក​ពី​មុនហើយ។ ហើយ​ការងារ​របស់​យើង​នៅ​ពេល​ខ្លះ ក៏​នឹង​ប្រែ​ប្រួល​ដែរ។ នៅ​ក្នុង​របប​សាធារណ​រដ្ឋ​របស់​យើង អ្នក​បោះ​ឆ្នោត​សម្រេច​លើ​ទិសដៅ​របស់​ប្រជាជាតិ​យើង ទាំង​រឿង​ក្នុង​ប្រទេស និង​កិច្ចការ​បរទេស ហើយ​ពួកគេ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​លោក Donald J. Trump ធ្វើ​ជា​ប្រធានាធិបតី​របស់​យើង ដោយសារ​តែ​គោល​នយោបាយ​ការបរទេស​ស្ថិត​នៅ​លើ​បេសកកម្ម​ដ៏​ច្បាស់​លាស់។ ហើយ​បេសកកម្ម​នោះ គឺ​ត្រូវ​ធានា​ថា គោល​នយោបាយ​ការបរទេស​របស់​យើង គឺ​ផ្ដោត​លើ​រឿង​មួយ​ប៉ុណ្ណោះ ហើយ​នោះ​គឺ​តម្កល់​ផល​ប្រយោជន៍​របស់​ជាតិ​យើង ដែលត្រូវ​បាន​កំណត់​ច្បាស់​តាម​រយៈ​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក​ថា ផល​ប្រយោជន៍​ណា​មួយ​ដែល​ធ្វើ​ឱ្យ​យើង​កាន់​តែ​រឹង​មាំ ឬ​កាន់​តែ​មាន​សុវត្ថិភាព ឬ​កាន់​តែ​មាន​វិបុលភាព ដែល​នោះ​ហើយ​ជា​បេសកកម្ម​របស់​យើង។ នោះ​ហើយ​ជា​តួនាទី​របស់​ពួក​យើង​នៅ​ទូទាំង​ពិភព​លោក គឺ​ត្រូវ​ធានា​ថា យើង​មាន​គោល​នយោបាយ​ការបរទេស​មួយ​ដែល​តម្កល់​ផល​ប្រយោជន៍​ជាតិ​អាមេរិក។”

“ខ្ញុំ​រំពឹង​ថា គ្រប់​ប្រជាជាតិ​លើ​ផែនដី​នេះ​នឹង​តម្កល់​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន។ ហើយ​នៅករណី​ទាំង​​នោះ – ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ប្រជាជាតិ​ជាច្រើន​ដែល​ស្រប​នឹង​​ផល​ប្រយោជន៍​របស់​ជាតិ​យើង និង​​របស់​ពួកគេ យើង​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ធ្វើការ​ជាមួយ​ពួកគេ។ រឿង​នេះ​ស្ថិត​នៅ​ក្នុង​ដំណើរ​ជាច្រើន ហើយ​ជា​ថ្មី​ម្ដង​ទៀត លោក​ប្រធានាធិបតី Trump បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នៅ​សុន្ទរកថា​របស់​លោក​ថា លោក​បង្កើត​គោល​នយោបាយ​ការបរទេស​ ដែល​ជា​គោលដៅ​ធំ​របស់​លោក​សម្រាប់​គោល​នយោបាយ​ពិភព​លោក គឺ​ការ​លើក​កម្ពស់​​សន្តិភាព បញ្ចៀស​ជម្លោះ ហើយ​នឹង​គ្មាន​ភ្នាក់ងារ​ណា​ដើរ​រតួ​សំខាន់​​ជាង​ស្ថាប័ន​មួយ​នេះ​ឡើយ។ ជា​ការពិត វា​ជា​គោល​ការណ៍​ និង​គោល​បំណង​ដើម​របស់​ស្ថាប័ន។ ហើយ​នោះ​ហើយ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​លើក​កម្ពស់​សន្តិភាព​ជុំ​វិញពិភព​លោក ដោយសារ​វា​ស្ថិត​នៅ​ក្នុង​ផល​ប្រយោជន៍​របស់​យើង។ បើ​គ្មាន​សន្តិភាព​ទេ វា​ពិបាក​ក្លាយ​ជា​ប្រជាជាតិ​ដ៏​ខ្លាំង​ក្លាយ​មួយ វា​ពិបាក​ក្លាយ​ជា​ប្រជាជាតិ​ប្រកប​ដោយ​វិបុល​ភាព​មួយ ហើយ​ប្រជាជាតិ​មួយ​ដែល​កាន់​តែ​ប្រសើរ”។

ក្រៅ​ពី​កំណត់​ហេតុដែល​កត់ត្រា​សម្ដី​របស់​គាត់​ទាំង​ស្រុង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​របស់​ក្រសួង​ការបរទេស​អាមេរិក​ហើយ​នោះ ក្រសួង​ការបរទេស​អាមេរិក​ក៏​បាន​ផ្សព្វផ្សាយ​សម្ដី​របស់​លោក Marco Rubio ដែល​ថ្លែង​ទៅ​កាន់​បុគ្គលិក​ក្រសួង​ការបរទេស​នៅ​លើឆាណែល YouTube របស់​ក្រសួង​ផង​ដែរ។

U.S. Department of State’s YouTube Channel | Archived Link

នៅ​លើ​វេបសាយ​របស់​ក្រសួង​ការបរទេស​អាមេរិក Fact Crescendo រក​ពុំ​ឃើញ​មាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ណា​មួយ​ដែល​និយាយ​ថា ប្រមុខ​ការទូត​អាមេរិក​លើក​ឡើង​ពី​បញ្ហា​ប្រទេស​កម្ពុជា​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​វេបសាយ​ក្រសួង​ការបរទេស​អាមេរិក​នៅ​ថ្ងៃ​ទី​២១ ខែម​ករា ឆ្នាំ​២០២៥ ដែល​បង្ហាញ​នូវ​កំណត់ត្រា​ផ្សេងៗ ដូចជា សេចក្ដី​ប្រកាស​ព័ត៌មាន កំណត់ហេតុ​សម្រាប់​សារព័ត៌មាន កំណត់ត្រា​សម្ដី​ដើម​របស់​លោក Marco Rubio និង​កិច្ច​សម្ភាស​ជាដើម។

U.S. Department of State | Archived Link

ការ​ថ្លែង​របស់​លោក Marco Rubio បែប​នេះ ក៏​ត្រូវ​បាន​សារព័ត៌មាន​នានា​ដក​ស្រង់​យក​ទៅ​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ពួកគេ ដែល​និយាយ​ថា ការ​ថ្លែង​របស់​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ សំដៅ​ទៅ​ដល់​ផល​ប្រយោជន៍​របស់​អាមេរិក​នៅ​ក្រោម​រដ្ឋបាល​លោក Trump។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អត្ថបទ​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន បាងកក ប៉ុស្តិ៍ ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៥ ពោល​គឺ​២​ថ្ងៃ​ក្រោយ​លោក Marco Rubio ចូល​កាន់​តំណែង​ជា​ផ្លូវការ។

Bangkok Post’s Report | Archived Link

សារព័ត៌មាន​នានា​នៅ​លើ​ពិភព​លោក បាន​ចុះ​ផ្សាយ​ព្រាត​អំពី​រឿង​នេះ ក្រោយ​ពី​ប្រមុខ​ការទូត​អាមេរិក​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា ដែល​ជា​ដៃ​គូនៅ​ក្នុង​ក្រប​ខណ្ឌ​ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Quad Ministers) នៅ​ទីក្រុង​វ៉ាស៊ីងតោន កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២៥។

ដើម្បី​ផ្ទៀង​ផ្ទាត់​បន្ថែម​ទៀត Fact Crescendo បាន​ស្វែង​រក​ព័ត៌មាន​ថ្មី​បំផុត​ទាក់ទង​នឹង​លោក Marco Rubio និង​ប្រទេស​កម្ពុជា​តាម​រយៈ Google Search ប៉ុន្តែ គ្មាន​ព័ត៌មាន​ថ្មី​ណា​មួយ​ចេញ​ផ្សាយ​នោះ​ឡើយ​នៅ​ក្នុង​រយៈ​ពេល​ជាង ១​សប្ដាហ៍​មក​នេះ។

ព័ត៌មាន​ថ្មី​បំផុត​ដែល​ភ្ជាប់​ការ​តែង​តាំង​លោក Marco Rubio និង​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​ចុះ​ផ្សាយ​តាំង​ពី​ចុង​ឆ្នាំ​មុន​ដោយ​សារព័ត៌មាន The Diplomat ដែល​នោះ​គឺ​ជា​អត្ថបទ​ទស្សនៈ​របស់​បុគ្គល​ម្នាក់​តែ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ គឺ​ជា​ព័ត៌មាន​ទាក់ទង​នឹង​លោក Marco Rubio និង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​រុករក​នៅ​លើ​ Google Search តាម​រយៈ​ពាក្យ​គន្លឹះ “Marco Rubio” និង​ “Cambodia”។

កាល​នៅ​ក្នុង​តំណែង​ជា​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក លោក Marco Rubio ត្រូវ​បាន​គេ​ដឹង​ថា សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ឈាន​មុខ​ម្នាក់​ដែល​បាន​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ជុំ​វិញ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន VOD ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សារព័ត៌មាន​នេះ បាន​ដក​ស្រង់​ដោយ​មិន​ត្រឹម​ត្រូវ​នូវ​សម្ដី​ដើម​របស់​លោក Marco Rubio ដែល​ថ្លែង​ទៅ​កាន់​បុគ្គលិក​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ដំបូង​ដែល​លោក​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​ជា​រដ្ឋ​មន្ត្រី​ការបរទេស​។ ប្រមុខ​ការទូត​ថ្មី​របស់​អាមេរិក​រូប​នេះ គ្មាន​បាន​លើក​ឡើង​ទាល់​តែ​សោះ​អំពី​ឈ្មោះ​ប្រទេស​កម្ពុជា។ សម្ដី​ដើម​របស់​លោក​សំដៅ​ដល់​ផល​ប្រយោជន៍​អាមេរិក​តែ​ប៉ុណ្ណោះ។

Avatar

Title:​សារព័ត៌មាន​មួយ​ដក​ស្រង់​​សម្ដី​ប្រមុខ​ការទូត​អាមេរិក​មក​ចុះ​ផ្សាយ​ដោយ​មិន​ត្រឹម​ត្រូវ

Written By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *