ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ភូមា​ធ្វើ​សមាធិ​ជា​ជន​រង​គ្រោះ​រញ្ជួយ​ដី​ថ្មីៗ

False International

គ្រាន់​តែ​មួយថ្ងៃ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា រូបថត​បី​សន្លឹក​​ដែល​បង្ហាញ​ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ភូមា​សឹង និង​ដេក​តម្រៀប​ជា​ជួរ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ពួកគាត់​សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​នៃ​គ្រោះ​មហន្តរាយ​មួយ​នេះ។ រូបថត​រួម​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ទាក់​ទាញ​បាន​ក្ដី​អាណិត​អាសូរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថត​បី​សន្លឹក​ដែល​បង្ហាញ​ពលរដ្ឋ​ភូមា​រួម​ទាំង​ព្រះ​សង្ឃ​ស្ថិត​នៅ​តម្រៀប​ជួរ​គ្នា​នៅ​លើ​ដី ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​ចាយ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​មុន។ រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​ព័ត៌មាន​ថា ជា​ជន​រង​គ្រោះ​នៃ​ហេតុការណ៍​រញ្ជួយ​ដី​ដ៏​មហន្តរាយ​នៅ​ភូមា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត និង​សំណេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៥ ពោល​គឺ​ត្រឹម​តែ ១​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ភូមា។ ការ​បង្ហោះ​រូបថត និង​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​ជាង ១០០​ដង រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

សំណេរ​​នៅ​លើ​បណ្ដាញ​សង្គម​រៀបរាប់​ថា “ចូលរួម​រំលែក​ទុក្ខ​ព្រះ​សង្ឃ​ភូមា មក​ដល់​ពេល​នេះ​បាន​ដំណឹង​ថា​សុគត​អស់ ៨០​អង្គ​ជាង”។

Facebook Post | Archived Link

ដោយសារ​តែ​ការ​អះអាង​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នោះ គេ​អាច​រក​មើល​ការ​អះអាង​ដូច​គ្នា ឬ​ប្រហាក់​ប្រហែល​គ្នា​នេះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​ដទៃ​ទៀត​នៅ​ទីនេះ៖  Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), និង Link 5 (archived)។

ជាង​នេះ​ទៅ​ទៀត ការ​អះអាង​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ជា​ភាសា​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ និង​ភាសា​អង់គ្លេស​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​ចាយ​បន្ត និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​ថែម​ទៀត​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះអាង​ជា​ភាសា​អង់គ្លេស ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ភូមា។ ខ្លឹមសារ​សំណេរ​នេះ​ចង់​បង្ហាញ​ថា រូបថត​ទាំង​បី​សន្លឹក​នេះ គឺ​ជា​ជនរង​គ្រោះ​នៃ​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ភូមា​នា​ពេល​ថ្មីៗ​នេះ​។

ការ​បង្ហោះ​រូបថត​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​ចាយ​បន្ត​ដល់​ទៅ​ជាង ២០០​ដង រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដែល​បង្ហាញ​ក្ដី​អាណិត​អាសូរ​ចំពោះ​ជន​រង​គ្រោះ​នៅ​ប្រទេស​ភូមា។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ជាភាសា​ស៊ិនហាឡា​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៥ ដែល​រៀបរាប់​ថា រូបថត​ទាំង​នេះ​បង្ហាញ​ឱ្យ​ឃើញ​ជន​រង​គ្រោះ​រញ្ជួយ​ដី​នៅ​ភូមា។

Facebook Post | Archived Link

រូបថត​រួម​ជាមួយ​សំណេរ​មាន​ខ្លឹមសារ​ដូច​គ្នា ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​សមាគម​ព្រះពុទ្ធ​សាសនា​ពិភព​លោក​នៅ​ប្រទេស​បង់ក្លាដែស​ផង​ដែរ។

Facebook Post | Archived Link

រូបថត​រួម​ជាមួយ​ការ​អះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ដូចជា Threads និង Instagram ដែល​ជា​បណ្ដាញ​សង្គម​របស់​ក្រុមហ៊ុន Meta និង​បណ្ដាញ​សង្គម X (អតីត Twitter)។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ជា​ភាសា​ថៃ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Threads កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​ក្នុង​ន័យ​ថា ព្រះ​សង្ឃ​ក្នុង​រូបថត គឺ​ជា​ជន​រង​គ្រោះ​រញ្ជួយ​ដី​នៅ​ភូមា។

Threads Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពី​បណ្ដាញ​សង្គម Instagram កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៥ ដែល​រៀបរាប់​ក្នុង​ន័យ​ថា ព្រះ​សង្ឃ​ក្នុង​រូបថត​គឺ​ជា​ជន​រង​គ្រោះ​នៃ​ហេតុការណ៍​រញ្ជួយ​ដី​នៅភូមា។

Instagram Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ជា​ភាសា​ហិណ្ឌី​​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម X កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​ក្នុង​ន័យ​ថា ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​ក្នុង​រូបថត គឺ​ជា​ជន​រង​គ្រោះ​រញ្ជួយ​ដី​នៅ​ភូមា។

X Tweet | Archived Link

ក្រៅ​ពី​ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ គេ​អាច​រក​មើល​ការ​អះអាង​ដូច​គ្នា​នេះ​នៅ​លើ​បណ្ដាញ​សង្គម​​តាម​រយៈ​តំណ​ភ្ជាប់​ដទៃ​ទៀត​នៅ​ទីនេះ៖  Link 1 (archived), Link 2 (archived), Link 3 (archived), និង Link 4 (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ការ​អះអាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​ជួយ​ឱ្យ​យើង​បើក​បង្ហាញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​ប្រភព​ដើម​ និង​ព័ត៌មាន​ត្រឹម​ត្រូវ​​នៃ​រូបថត​ទាំង​បី​សន្លឹក ដែល​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។

យើង​រក​ឃើញ​ថា រូបថត​ទាំង​បី​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ហោច​ណាស់ ៤​ឆ្នាំ​មុន នេះ​បើ​ផ្អែក​តាម​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​ឆ្នាំ​២០២៤ ដែល​បញ្ជាក់​ថា ព្រះ​សង្ឃ និង​ប្រជាជន​ភូមា​​ចូល​រួម​ក្នុង​ពិធី​តាំង​សមាធិ។

សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​នោះ បញ្ជាក់​ថា រូបថត និង​សំណេរ​ជា​ភាសា​ភូមា​នេះ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឈ្មោះ Ko Min Myat ដែល​បាន​បង្ហោះ​រូបថត​នេះ​តាំង​ពី​ដើម​ឆ្នាំ​២០២១​ម៉្លេះ។

ខាង​ក្រោម​នេះ គឺ​ជា​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ពោល​គឺ ៣​ខែ​មុន​កើត​គ្រោះ​រញ្ជួយ​ដី​វាយ​ប្រហារ​ប្រទេស​ភូមា​កាល​ពី​ថ្ងៃ​២៨ ខែ​មីនា​ទៅ​ទៀត។

ខាង​ក្រោមនេះ គឺ​ជា​រូបភាព​គូស​បញ្ជាក់​ឱ្យ​ឃើញអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មាន​ឈ្មោះ​ជា​ភូមា បាន​ផ្ដល់​តម្លៃ​ដល់​ម្ចាស់​ស្នាដៃ​ដែល​បាន​បង្ហោះ​រូបថត​ទាំង​នេះ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២១។

Facebook Post | Archived Link

ជាង​នេះ​ទៅ​ទៀត រូបថត​ទាំង​នេះ​ត្រូវ​បាន​ដាក់​លាយ​បញ្ចូល​ទៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ YouTube កាល​ពី​ជាង ២​ឆ្នាំ​មុន។ សំណេរ​ជា​ភាសា​ភូមា​ភ្ជាប់​នៅ​ក្រោម​វីដេអូ​នេះ រៀបរាប់​ថា ព្រះ​សង្ឃ និង​ពលរដ្ឋ​ភូមា​តាំង​សមាធិ​តាម​វិធី​សម្រាន​សម្រាក​កាយ។

YouTube Video

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​មួយ​ទៀត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ YouTube ដែល​បង្ហាញ​ការ​តាំង​សមាធិ​តាម​បែប​សម្រាន​សម្រាក​កាយ​នៅ​ប្រទេស​ភូមា។

YouTube Video

រញ្ជួយ​ដី​កម្រិត ៧.៧​រ៉ិចទ័រ បាន​វាយ​ប្រហារ​ប្រទេស​ភូមា និង​ញ័រ​រញ្ជួយ​ដល់​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៥ ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង ២,០០០​នាក់ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​មីនា។ គ្រោះ​រញ្ជួយ​ដី​នេះ​ក៏​បណ្ដាល​ឱ្យ​មនុស្ស​រាប់​សិប​ពាន់​នាក់​រង​របួស និង​បង្ក​ការ​ខូច​ខាត​យ៉ាង​ធំ​ធេង​ទៅ​ដល់​អគារ​លំនៅឋាន និង​ផ្ទះ​សម្បែង​ក្នុង​ប្រទេស​ទាំង​ពីរ​ផង​ដែរ នេះ​ដោយ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន BBC

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បានរៀបរាប់​ខាងលើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ភូមា​ ស្ថិត​នៅ​តម្រៀប​ជួរ​គ្នា​នៅ​លើ​កម្រាល​ឥដ្ឋ មិន​ពាក់​ព័ន្ធ​នឹង​គ្រោះ​រញ្ជួយ​ដី​នៅ​ភូមា​កាល​ពី​សប្ដាហ៍​មុន​ឡើយ។ រូបថត​ទាំង​នេះ បង្ហាញ​ការ​តាំង​សមាធិ​តាម​បែប​សម្រាន​សម្រាក​កាយ​ដែល​ប្រតិបត្តិ​ដោយ​ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ភូមា​កាល​ពី​ជាង ៤​ឆ្នាំ​មុន។

Avatar

Title:ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ភូមា​ធ្វើ​សមាធិ​ជា​ជន​រង​គ្រោះ​រញ្ជួយ​ដី​ថ្មីៗ

Written By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *