តើអ្នកក្លែងបន្លំប័ណ្ណចូលកម្មវិធីបិទស៊ីហ្គេមនឹងត្រូវផាកពិន័យ និងជាប់ឃុំមែនឬទេ?
ខណៈដែលកម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ ការអះអាងដ៏ផុសផុលមួយ បានលើកឡើងថា អ្នកក្លែងបន្លំប័ណ្ណចូលរួមក្នុងកម្មវិធីមួយនេះ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យ ២លានរៀល និងត្រូវចាប់ដាក់ឃុំ ២៤ម៉ោងផងដែរ។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ហើយមានការបញ្ចេញមតិយោបល់យ៉ាងច្រើន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ គឺជាព័ត៌មានមិនត្រឹមត្រូវ។
SOCIAL MEDIAL CLAIM
ការអះអាងមួយដែលកំពុងតែល្បីព្រោងព្រាតលើបណ្ដាញសង្គមនៅថ្ងៃនេះ បានលើកឡើងថា អ្នកក្លែងបន្លំប័ណ្ណចូលរួមកម្មវិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាថ្ងៃស្អែកនេះ នឹងត្រូវទទួលរងការពិន័យជាប្រាក់រហូតដល់ ២លានរៀល និងដាក់ឃុំខ្លួនរយៈពេល ២៤ម៉ោង។
ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមនៅថ្ងៃនេះ ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ក៏បានបញ្ចេញមតិយ៉ាងច្រើន និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមនូវការអះអាងមួយដែលរៀបរាប់ថា «ដោយសារអ្នកក្លែង pass កាលពីថ្ងៃបើកជាង ២០០០នាក់ យើងខ្ញុំសូមជម្រាបជូនថា ថ្ងៃបិទបើចាប់បានបុគ្គលណាយក pass ទៅ copyបន្លំចាប់បាន គឺផាកពិន័យ២លានរៀល និងយកទៅឃុំ២៤h សូម share ព័ត៌មាននេះផង»។
ការអះអាងនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតយកទៅបង្ហោះបន្ត ហើយក៏ទទួលបានការចែករំលែក និងការបញ្ចេញជាច្រើនថែមទៀតដែរ។
សូមមើលការបង្ហោះការអះអាងដដែលនេះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដៃទៀតតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។
FACT CHECK
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យមើលខ្លឹមសារច្បាប់ដើមនៃសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) ហើយបានរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការត្រួតពិនិត្យមើលព័ត៌មានឡើងវិញ យើងបានរកឃើញសេចក្ដីប្រកាសព័ត៌មានមួយរបស់ CAMSOC ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Fresh News កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
ក្នុងសេចក្ដីណែនាំនោះ យើងរកពុំឃើញនូវចំណុចផាកពិន័យជាប្រាក់រហូតដល់ ២លានរៀល និងការចាប់ខ្លួនដាក់ឃុំរហូតដល់ ២៤ម៉ោងនោះឡើយសម្រាប់ករណីអ្នកក្លែងបន្លំប័ណ្ណចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នោះ។
ខាងក្រោមនេះ គឺជាសេចក្ដីណែនាំរបស់ CAMSOC ចេញកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដែលត្រូវបានរកឃើញនៅលើទំព័រហ្វេសប៊ុកសារព័ត៌មាន Fresh News ផ្សាយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
រូបភាពដែលបង្ហោះភ្ជាប់ជាមួយការអះអាងខាងលើនេះ បានបង្ហាញឱ្យឃើញសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (CAMSOC) ចុះបញ្ជីការលេខ ១៧៧ សជណ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
យើងក៏បានរកឃើញសេចក្ដីជូនដំណឹងផ្លូវការរបស់ CAMSOC នៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបង្ហាញឱ្យឃើញថា ចំណុចផាកពិន័យជាប្រាក់រហូតដល់ ២លានរៀល និងចាប់ដាក់ឃុំរយៈពេល ២៤ម៉ោងនោះ គ្មានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងនេះទេ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះសេចក្ដីជូនដំណឹងរបស់ CAMSOC ដោយទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
ក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃនេះ សារព័ត៌មាន Fresh News បានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់ម្នាក់របស់ CAMSOC ដោយគ្មានបញ្ជាក់ឈ្មោះ ដែលចាត់ទុកការផ្សព្វផ្សាយខាងលើនេះជាព័ត៌មាន«ក្លែងក្លាយ» និង«បំពុលសង្គម»។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ (archived)។
ទោះជាយ៉ាងណា គេហទំព័រ CBS Sport បានដកស្រង់សម្ដីអគ្គលេខាធិការ CAMSOC លោក វ៉ាត ចំរើន ដែលបានបញ្ជាក់ថា អ្នកក្លែងបន្លំប័ណ្ណចូលកម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ប្រសិនបើរកឃើញមានកំហុស។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ (archived)។
CONCLUSION
Fact Crescendo Cambodia បានរកឃើញថា ព័ត៌មានដូចដែលត្រូវបានរៀបរាប់ខាងលើនេះ គឺព័ត៌មានក្លែងក្លាយ។ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) មិនបានលើកឡើងពីការផាកពិន័យជាទឹកប្រាក់ចំនួន ២លានរៀល និងការចាប់ដាក់ឃុំរយៈពេល ២៤ម៉ោងទៅលើអ្នកក្លែងបន្លំប័ណ្ណចូលរួមកម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះឡើយ។
Title:Will a Fake Pass Holder for 32nd SEA Games Be Fined and Jailed?
Fact Check By: Jay UdomResult: False