
អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីសប្ដាហ៍មុន អ្នកស្រី ហ៊ុន ស៊ីណាត បានបង្ហោះវីដេអូឃ្លីបមួយដែលបង្ហាញអ្នកស្រីរាំកម្សាន្ត និងនិយាយពាក្យ«អរគុណសន្តិភាព» ជាឃ្លាដែលបង្កើតឡើងដោយរដ្ឋាភិបាលដឹកនាំដោយបងប្រុសរបស់អ្នកស្រី។ ប៉ុន្មានថ្ងៃក្រោយមក រូបថតអ្នកស្រីសម្រាកព្យាបាលសុខភាពនៅឯមន្ទីរពេទ្យ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា អ្នកស្រីកើតជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីសប្បាយហួសកម្រិត។ ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងនៅដើមសប្ដាហ៍នេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃអង្គារកន្លងមកនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា News Assembly បានអះអាងថា អ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលរងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បន្ទាប់ពីពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅ។
ការអះអាងនេះ ត្រូវបានចែករំលែករហូតដល់ជិត ២០០ដងនៅក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ ហើយមានការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក News Assembly កាលថ្ងៃទី១៩ ខែមេសា ដែលអះអាងថា «លោកជំទាវ ហ៊ុន ស៊ីណាត បានដាច់សរសៃឈាមខួរក្បាលក្រោយពីសប្បាយបុណ្យចូលឆ្នាំហួសកម្រិតពេក»។

ការអះអាងដដែលនេះ ក៏ត្រូវបានទំព័រហ្វេសប៊ុកមួយទៀតឈ្មោះថា News Fast បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរនៅក្នុងថ្ងៃតែមួយ ដែលនាំឱ្យមានការចែករំលែករហូតដល់ជាង ១៥០ដង។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀផ្ទាត់ទៅលើការអះអាងនេះតាមរយៈការសម្ភាសជាមួយសាច់ញាតិរបស់អ្នកស្រី ហ៊ុន ស៊ីណាត ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
នៅក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី២០ ខែមេសា លោក នឹម ច័ន្ទតារា ស្វាមីរបស់អ្នកស្រី ហ៊ុន ស៊ីណាត និងជាតំណាងរាស្ត្រមួយរូបប្រចាំមណ្ឌលខេត្តកំពត បានច្រានចោលការអះអាងខាងលើ ដោយលោកបញ្ជាក់ថា ភរិយារបស់លោកមានសុខភាពល្អធម្មតា និងមិនបានទៅស្វែងរកការព្យាបាលនៅមន្ទីរពេទ្យនោះឡើយ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះ។
ចំពោះរូបថតដែលបង្ហាញអ្នកស្រី ហ៊ុន ស៊ីណាត សម្រាកព្យាបាលសុខភាពនៅឯមន្ទីរពេទ្យនោះ លោក នីម ច័ន្ទតារា បញ្ជាក់ថា វាគឺជារូបថតចាស់កាលពី ២ឆ្នាំមុន។
លោក នឹម ច័ន្ទតារា និយាយថា «រូបថតហ្នឹង រូបចាស់តើ! គ្រួសារពូ ហ៊ុន ស៊ីណាត ហ្នឹង គាត់សុខភាពល្អជាងពូទៅទៀត។ ពូទេដែលថែរក្សាមិនបានច្រើន ព្រោះប្រើខួរក្បាលយូរឆ្នាំហើយ ហើយមានជំងឺច្រើនតាំងពីទឹកនោមផ្អែមផង ប្រូស្តាតផង ដាក់ស្ទែនបេះដូងផង។ គាត់មានអី គាត់ដើរវឹបៗ គាត់ហូបបាយ ហូបអីក៏បាន អត់មានតមដូចពូ។ ពូត្រូវតមជាតិផ្អែម។ ពូត្រូវការស្ងាត់ស្ងៀមដើម្បីគិតពិចារណាសរសេរអី ហើយគាត់ជាមួយគ្នាគាត់មីងៗយាយៗទាំងហ្វូង។ គាត់សប្បាយចិត្តសឹងងាប់ មានតែអាយុគាត់កើន»។
សូមស្ដាប់នូវការបកស្រាយរបស់លោក នឹម ច័ន្ទតារា ស្វាមីរបស់អ្នកស្រី ហ៊ុន ស៊ីណាត ដែលបានផ្ដល់កិច្ចសម្ភាសកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ តាមរយៈតំណភ្ជាប់មាននៅទីនេះ។
Fact Crescendo Cambodia រកមិនឃើញរូបថតអ្នកស្រី ហ៊ុន ស៊ីណាត សម្រាកព្យាបាលនៅមន្ទីរពេទ្យនាពេលថ្មីៗនេះនោះឡើយនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់។
យើងបានរកឃើញរូបថតអ្នកស្រី ហ៊ុន ស៊ីណាត សម្រាកព្យាបាលសុខភាពនៅមន្ទីរពេទ្យ ដែលត្រូវបានផ្សព្វផ្សាយបន្តដោយទំព័រហ្វេសប៊ុក iDOL Medias កាលពី ២ឆ្នាំមុន។
ទំព័រហ្វេសប៊ុកមួយនេះ បានបង្ហោះទាំងស្រុងរបស់សំណេររបស់អ្នកស្រី ហ៊ុន ស៊ីណាត ដែលសរសេររៀបរាប់ថា អ្នកស្រីបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។

សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ អ្នកស្រី ហ៊ុន ស៊ីណាត មានសុខភាពល្អធម្មតា ហើយមិនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះឡើយ ក្រោយពីកម្សាន្តសប្បាយពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ រូបថតដែលបង្ហាញអ្នកស្រីសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺជារូបថតកាលពីឆ្នាំ២០២០កន្លងមក។

Title:គ្រួសារអ្នកស្រី ហ៊ុន ស៊ីណាត បញ្ជាក់ថា អ្នកស្រីគ្មានជំងឺដាច់សរសៃឈាមខួរក្បាលទេ
Fact Check By: Jay UdomResult: False
