ស្រប​ពេល​​ប្រទេស​ជប៉ុន​បាន​រង​គ្រោះ​រញ្ជួយ​ដី ដែល​មានកម្រិត​រហូត​ដល់​ ៧,៥​រ៉ិចទ័រ​​​ កាល​ពី​ដើម​សប្ដាហ៍មក​នោះ​ វីដេអូ​ឃ្លីប​មួយ​បង្ហាញ​ទិដ្ឋភាព​គ្រោះ​ទឹក​ជំនន់​យ៉ាង​ខ្លាំង​ បាន​ហូរ​កាត់​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​ និង​បាន​​ភ្ជាប់​ទៅ​នឹងគ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ទឹក​ជំនន់​ហូរ​កាត់​លំនៅឋាន​ប្រជាជន​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ ៤​ថ្ងៃ​មុន ជាមួយ​នឹង​ការ​អះអាង​ថា វា​ជា​គ្រោះ​មហន្តរាយ​ស៊ូណាមិ​ដែល​បាន​វាយ​ប្រហារ​ប្រទេស​ជប៉ុន​នា​ពេល​ថ្មីៗ​នេះ។

វីដេអូ​ដែល​ភ្ជាប់​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​​ចែក​រំលែក​​ដល់​ទៅ​រាប់​ពាន់​ដង ប្រតិកម្ម​ចម្រុះ និង​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀប​រាប់​​ «ស៊ូណាមិ (shunami) រញ្ជួយដីកម្រិត ៧.៤​រ៉ិចទ័របានកើតឡើងនៅ Shunoto, Ishikawa ប្រទេសជប៉ុន នៅវេលាម៉ោងប្រហែល ៤:១០ នាទីល្ងាច ហើយនាយកដ្ឋានឧតុនិយមបានចេញការព្រមានពីការប៉ាន់ស្មាន ៥​ម៉ែត្រសម្រាប់រលកធំ»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

វីដេអូ​ឃ្លីប​មួយ​​​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​​​បង្ហោះ​នៅ​លើ​បណ្ដាញ​កម្សាន្ត YouTube កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក​ ដែល​ត្រូវ​បាន​រៀបរាប់​ថា ជា​គ្រោះ​មហន្តរាយ​រលក​យក្ស​ស៊ូណាមិ​វាយ​ប្រហារ​តំបន់​ Ishinomaki ស្ថិត​ក្នុង​ខេត្ត Miyagi ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១​កន្លង​មក។

គ្រោះ​រញ្ជួយ​ដី​កម្រិត ៩​រ៉ិចទ័រ ដែល​កើត​ឡើង​នៅ​ឯ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក បាន​វាយ​ប្រហារ​តំបន់​ Tohoku ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន ដែល​បង្ក​ឱ្យ​មាន​រលក​យក្ស​ស៊ូណាមិ​កម្ពស់​រហូត​ដល់ ៤០​.៥​ម៉ែត្រ។ គ្រោះ​មហន្តរាយ​ស៊ូណាមិ​នេះ បាន​សម្លាប់​មនុស្ស​ខ្ទង់ ២​ម៉ឺន​នាក់ និង​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​យ៉ាង​ធំ​ធេង។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​គ្រោះ​មហន្តរាយ​រលក​យក្ស​ស៊ូណាមិ​ដែល​បាន​វាយ​ប្រហារ​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ​២០១១​កន្លង​មក ហើយ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​កម្សាន្ត YouTube កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៥។

YouTube Link | Archived Link

វីដេអូ​ឃ្លីប​​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​ Dailymotion ផង​ដែរកាល​ពី​ ៤​​ឆ្នាំ​មុន​​ ដែល​រៀបរាប់​ថា វីដេអូ​នេះ​ជា​ផ្នែក​មួយ​នៃ​រលក​យក្ស​ស៊ូណាមិ​ ដែល​បាន​វាយ​ប្រហារ​ទីក្រុង​ Ishinomaki ​កាល​ពី​ជិត ១៣​ឆ្នាំ​មុន។​

Dailymotion Link | Archived Link

ស្ថាប័ន​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ​នៅ​ឯ​ប្រទេស​ដទៃ​ ក៏​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នេះ​ផង​ដែរ ដោយ​រក​ឃើញ​ថា វា​ជា​ហេតុការណ៍​នៃ​គ្រោះ​មហន្តរាយ​រលក​យក្ស​ស៊ូណាមិ​កាល​ពី​ជិត ១៣​ឆ្នាំ​មុន។ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​​ទីនេះ​ (archived link)។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ វីដេអូ​ឃ្លីប​មួយ​នេះ មិន​មែន​ជា​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​វាយ​ប្រហារ​ប្រទេស​ជប៉ុន​នា​ពេល​ថ្មីៗ​នេះ​ទេ។ ការ​ពិត ​វីដេអូ​ឃ្លីប​នេះ​ គឺ​ហេតុការណ៍​គ្រោះ​មហន្តរាយ​​បង្ក​ឡើង​ដោយ​​រលក​យក្ស​ស៊ូណាមិ​​ទៅ​លើ​​ទីក្រុង​ Ishinomaki ប្រទេសជប៉ុន​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០១១​មក​ម្ល៉េះ​។​

Avatar

Title:វីដេអូ​រលក​ស៊ូណា​មិ​ជាង​១០​ឆ្នាំ​មុន​ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​​​នឹង​គ្រោះ​រញ្ជួយ​ដី​នៅ​ជប៉ុន​​​ថ្មី​ៗ​នេះ​

Written By: Kakada Sim

Result: False