តើមេបក្សប្រឆាំង សម រង្ស៊ី ត្រូវបានម៉ាឡេស៊ីបណ្ដេញចេញពីប្រទេសគេដូចការអះអាងមែនឬទេ?
បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ធ្វើដំណើរទៅដល់ម៉ាឡេស៊ី ការអះអាងមួយ បានលើកឡើងថា រដ្ឋាភិបាលម៉ាឡេស៊ី បានបណ្ដេញមេដឹកនាំបក្សប្រឆាំងកម្ពុជារូបនេះចេញពីប្រទេសគេ។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតដោយបណ្ដាសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា និងអ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីចុងខែឧសភាកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលម៉ាឡេស៊ីបានបណ្ដេញមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ចេញពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។
ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Fresh News ដែលរាយការណ៍ថា មេដឹកនាំបក្សប្រឆាំង ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីបណ្ដេញចេញពីប្រទេសនៅម៉ោង ៩ព្រឹកថ្ងៃទី៣១ ខែឧសភាកន្លងមកនេះ។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ (archived)
ខាងក្រោមនេះ គឺជាសេចក្ដីរាយការណ៍របស់សារព័ត៌មាន Fresh News ដែលដាក់ចំណងជើងថា «នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បណ្ដេញទណ្ឌិត សម រង្ស៊ី និងបក្ខពួកចេញពីប្រទេសម៉ាឡេស៊ី» ដែលសេចក្ដីរាយការណ៍នេះ ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ក្រៅពី Fresh News សារព័ត៌មានខ្មែរថាមស៍ ក៏បានចុះផ្សាយអំពីរឿងនេះផងដែរនៅក្នុងសេចក្ដីរាយការណ៍ជាភាសាអង់គ្លេសរបស់គេកាលពីចុងខែឧសភាកន្លងមកនេះ ដោយផ្អែកតាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចគ្នា។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ (archived)។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុករបស់សារព័ត៌មាន Khmer Times ដែលបានចែករំលែកសេចក្ដីរាយការណ៍ជាភាសាអង់គ្លេសរបស់ខ្លួននៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៣១ ខែឧសភាកន្លងមកនេះ។
ក្រៅពីសារព័ត៌មានទាំងពីរនេះ សារព័ត៌មានដទៃទៀតក៏បានចុះផ្សាយផងដែរថា មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងក្រុមរបស់លោក ត្រូវបានបណ្ដេញចេញពីប្រទេសម៉ាឡេស៊ី ហើយសារព័ត៌មានទាំងនោះសុទ្ធតែផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Khmer Times និង Fresh News។
សូមមើលខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ (archived) ឬតាមរយៈតំណភ្ជាប់មួយទៀតមាននៅទីនេះ (archived) ឬតាមរយៈតំណភ្ជាប់មួយទៀតមាននៅទីនេះ (archived)។
បន្ទាប់ពីការចុះផ្សាយបែបនេះ ការអះអាងនេះក៏ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម ដោយមានការបង្ហាញរូបថតលោក សម រង្ស៊ី និងភរិយារបស់លោក ដែលត្រូវបានគេអះអាងថា ត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសម៉ាឡេស៊ី។
Facebook Post | Archived Link
សូមមើលខ្លឹមសារទាំងស្រុងនៃការអះអាងដដែលនេះ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតរយៈពេលប៉ុន្មានថ្ងៃមកនេះតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived) ឬតាមរយៈតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យមើលសេចក្ដីរាយការណ៍នានា និងស្វែងរកប្រភពព័ត៌មានពីខាងរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការពិនិត្យមើលព័ត៌មានចេញពីប្រភពរដ្ឋាភិបាលម៉ាឡេស៊ី យើងបានរកឃើញសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរាទេសម៉ាឡេស៊ីទាក់ទងនឹងដំណើររបស់លោក សម រង្ស៊ី ទៅកាន់ប្រទេសម៉ាឡេស៊ី ហើយសេចក្ដីប្រកាសព័ត៌មាននោះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយអ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកបណ្ឌិត ប៉ា ច័ន្ទរឿន ដែលបានបង្ហោះសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី នៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។
ឆ្លើយតបនឹង Fact Crescendo Cambodia, លោកបណ្ឌិត ប៉ា ច័ន្ទរឿន បានឱ្យដឹងថា លោកទទួលបានសេចក្ដីប្រកាសព័ត៌មានមួយនេះពីវេបសាយរបស់ក្រសួងការបរទេសម៉ាឡេស៊ី។
នៅលើវេបសាយរបស់ក្រសួងការបរទេសម៉ាឡេស៊ី យើងក៏បានរកឃើញសេចក្ដីប្រកាសព័ត៌មាននេះ ដែលចេញកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
បើតាមសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងការបរទេសម៉ាឡេស៊ីបានបញ្ជាក់ថា មេដឹកនាំអតីតបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី៣១ ខែឧសភា ហើយលោកមិនមានកម្មវិធីសាធារណៈណាមួយនៅប្រទេសម៉ាឡេស៊ីនោះឡើយ។
សម្រាប់ខ្លឹមសារទាំងស្រុងនៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី សូមចូលទៅកាន់តំណភ្ជាប់មាននៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
Ministry of Foreign Affairs, Malaysia | Archived Link
ក្រសួងការបរទេសម៉ាឡេស៊ី ក៏បានបង្ហោះសេចក្ដីប្រកាសព័ត៌មានមួយនេះនៅលើគណនី Twitter របស់ខ្លួនផងដែរកាលពីថ្ងៃទី៣១ ខែឧសភាកន្លងមកនេះ។
Wisma Putra’s Twitter | Archived Link
តើលោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលលោក អាន់វ៉ា អ៊ីប្រាហ៊ីម បណ្ដេញចេញពីប្រទេសម៉ាឡេស៊ីមែនឬទេ?
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន គ្មានពាក្យ«បណ្ដេញចេញ»ត្រូវបានក្រសួងការបរទេសម៉ាឡេស៊ីបញ្ជាក់នោះឡើយ ហើយក្រសួងការបរទេសម៉ាឡេស៊ីបញ្ជាក់ថា លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងពុំមានកម្មវិធីសាធារណៈនោះឡើយ។
នៅទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លោក សម រង្ស៊ី និងក្រុមរបស់លោក បានបង្ហាញវត្តមាននៅបណ្ដាប្រទេសមួយចំនួនៅតំបន់អាស៊ីអាគ្នេយ៍ និងអូស្ត្រាលី ចន្លោះពីថ្ងៃទី២០ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលរៀបរាប់ថា លោកបានទៅដល់រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ដោយលោកបានជួបជាមួយមន្ត្រីមួយចំនួនរបស់ប្រទេសឥណ្ឌូណេស៊ី។
បន្ទាប់មក លោក សម រង្ស៊ី ក៏បានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ហើយបានចាកចេញពីប្រទេសអូស្ត្រាលីវិញនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។
ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី ដែលរៀបរាប់ថា លោកចាកចេញពីប្រទេសអូស្ត្រាលីនៅថ្ងៃទី២៩ ខែឧសភា និងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។
ជាងនេះទៅទៀត លោក សម រង្ស៊ី បានបង្ហាញសំបុត្រយន្តហោះមួយដែលបង្ហាញការធ្វើដំណើររបស់លោកទៅដល់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៩ ខែឧសភា ហើយនឹងត្រូវចាកចេញពីទីក្រុងគួឡាឡុំពួរទៅកាន់ទីក្រុងប៉ារីសនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ខាងក្រោមនេះ គឺជាសំបុត្រយន្តហោះដែលលោក សម រង្ស៊ី បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។
ជាងនេះទៀត លោក សម រង្ស៊ី ក៏បានបង្ហាញរូបថតលោក និងភរិយារបស់លោក បានធ្វើដំណើរទស្សនារដ្ធធានីគួឡាឡុំពួររបស់ម៉ាឡេស៊ី និងការជួបប្រជុំជាមួយសមាជិកសភាម៉ាឡេស៊ីមកពីគណបក្សកាន់អំណាច លោក Wong Chen ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាម៉ាឡេស៊ី។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី ដែលសរសេររៀបរាប់ថា លោកបានដើរលេងកម្សាន្តនៅម៉ាឡេស៊ី និងជួបជាមួយសមាជិកសភាម៉ាឡេស៊ីផងដែរនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ទាក់ទងនឹងការអះអាងថា លោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីបណ្ដេញចេញនោះ សមាជិកសភាលោក Wong Chen ក៏បានបកស្រាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងដែរកាលពីថ្ងៃទី០១ ខែមិថុនា។
សមាជិកសភាម៉ាឡេស៊ីរូបនេះ បានរៀបរាប់ថា លោក និងលោក សម រង្ស៊ី គឺជាមិត្តជិតស្និទ្ធនឹងគ្នាជិត ៦ឆ្នាំហើយ ហើយលោកបន្តថា មេដឹកនាំបក្សប្រឆាំងកម្ពុជាស្ថិតនៅក្នុងដំណើរវិលត្រឡប់ពីប្រទេសអូស្ត្រាលីទៅកាន់ប្រទេសបារាំង និងឈប់សម្រាកនៅម៉ាឡេស៊ី ១ថ្ងៃ។
លោក Wong Chen រៀបរាប់បន្តថា លោកបានទទួលស្វាគមន៍លោក សម រង្ស៊ី នៅយប់ថ្ងៃទី២៩ ខែឧសភា នៅពេលលោកធ្វើដំណើរតាមយន្តហោះពាណិជ្ជកម្មមួយ ហើយនៅព្រឹកថ្ងៃទី៣០ ខែឧសភា លោក Wong Chen បានស្វាគមន៍លោក សម រង្ស៊ី និងរៀបចំការជួបប្រជុំមួយនៅក្នុងសភាម៉ាឡេស៊ីជាមួយសមាជិកសភា ៣រូប ដែលចាប់អារម្មណ៍លើការបោះឆ្នោតដោយសេរី និងយុត្តិធម៌ សិទ្ធិមនុស្ស និងកិច្ចការអាស៊ាន។
បើតាមការរៀបរាប់របស់លោក Wong Chen លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីនៅម៉ោង ១០:១៥នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ហោះហើរឆ្ពោះទៅកាន់ប្រទេសបារាំងវិញ បន្ទាប់ពីបានឈប់សម្រាក ២យប់នៅម៉ាឡេស៊ី។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Wong Chen កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងដំណើររបស់លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងថា លោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីបណ្ដេញចេញពីប្រទេសគេនោះ គឺជាព័ត៌មានក្លែងក្លាយ។ ភស្តុតាងដែលយើងរកឃើញ បង្ហាញថា មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃទី៣១ ខែឧសភា ទៅតាមផែនការធ្វើដំណើររបស់លោក បន្ទាប់ពីស្នាក់នៅរយៈពេល ២យប់នៅរដ្ឋធានីគួឡាឡុំពួរ។
Title:តើមេបក្សប្រឆាំង សម រង្ស៊ី ត្រូវបានម៉ាឡេស៊ីបណ្ដេញចេញពីប្រទេសគេដូចការអះអាងមែនឬទេ?
Written By: Jay UdomResult: False