សារព័ត៌មាន​កម្ពុជា​ប្រើ​រូបថត​ចាស់​ចុះ​​ផ្សាយ​ក្នុង​ព័ត៌មាន​អំពី​ការ​​ធ្លាក់​ឧទ្ធម្ភាគចក្រ​សម្លាប់​មេដឹកនាំ​អ៊ីរ៉ង់

International Misleading

បន្ទាប់ពី​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​បាន​សម្លាប់​មេដឹកនាំ​អ៊ីរ៉ង់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ វីដេអូ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​បាន​សម្លាប់​មេដឹកនាំ​អ៊ីរ៉ង់។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

រូបថត​បំណែក​កន្ទុយ​យន្តហោះ​មួយ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​នៅ​កម្ពុជា​ចុះ​ផ្សាយ​ថា វា​ជា​បំណែក​ឧទ្ធម្ភាគចក្រ​ដែល​ដឹក​ប្រធានាធិបតី​អ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ibrahim Raisi) ដែល​បាន​ធ្លាក់​នៅ​តំបន់​ភ្នំ​កាល​ពី​ចុង​សប្ដាហ៍​មុន។

ខាង​ក្រោម​នេះ គឺជា​រូបថត​បំណែក​កន្ទុយ​យន្តហោះ​មួយ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ក្នុង​អត្ថបទ​មួយ​និយាយ​អំពី​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែល​បាន​សម្លាប់​មេដឹកនាំ​អ៊ីរ៉ង់​រូប​នេះ និង​មនុស្ស​មួយ​ចំនួន​ទៀត​កាល​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៤។

TVK’s Article|Archived Link

អត្ថបទ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង។​

Facebook Post | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​​ឈ្មោះ នាយកដ្ឋាន​​ព័ត៌មាន News Departement ផង​ដែរ នៅ​ក្នុង​អត្ថបទ​មួយ​ដូច​គ្នា​ទៅ​នឹង​អត្ថបទ​ចុះ​ផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ។

Facebook Post | Archived Link

ទំព័រហ្វេសប៊ុក​ Apsara FM99 បាន​បង្ហោះ​រូបថត​បំណែក​កន្ទុយ​យន្តហោះ​នេះ​ដែរ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​និយាយ​អំពី​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​បាន​សម្លាប់​មេដឹកនាំ​អ៊ីរ៉ង់។

Facebook Post | Archived Link

រូបថត​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ។ សូម​មើល​រូបថត​នោះ​តាម​តំណភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈការ​ដំណើរការ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឹណិត ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​ដូច​គ្នា​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២០​កន្លង​មក ពោល​គឺ​តាំង​ពី ៤​ឆ្នាំ​មុន​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដឹកនាំ​ប្រធានាធិបតី​អ៊ីរ៉ង់​ទៅ​ទៀត។

បើ​តាម​សំណេរ​នៅ​លើ​គណនី​ Twitter នោះ វា​បាន​ឱ្យ​ដឹង​ថា រូបថតគឺ​ជា​បំណែក​យន្តហោះ​អ៊ីរ៉ង់​មួយ​គ្រឿង​ដែល​ហោះ​ហើរ​ពី Bisheh Kolah ទៅ​កាន់​រដ្ឋ​ធានី​តេរ៉ង់ ហើយ​បាន​ធ្លាក់​នៅ​តំបន់​ភ្នំក្នុង​ខេត្ត ​Mazandaran នៃ​ប្រទេស​អ៊ីរ៉ង់។ ឧបទ្ទវហេតុ​នោះ​បាន​សម្លាប់​អ្នក​បើក​បរ​យន្តហោះ​ ២​នាក់។

Archived

រូបថត​នៃ​បំណែក​កន្ទុយ​យន្តហោះ​នោះ បង្ហាញ​លេខ​យន្តហោះ 1136 ដែល​លេខ​សម្គាល់​យន្តហោះ Cessna T206H Turbo Stationair II។ យន្តហោះ​ខ្នាត​តូច​មួយ​នេះ ត្រូវ​បាន​ប៉ូលិស​អ៊ីរ៉ង់​ប្រើ​ប្រាស់​វា​នៅ​មុន​ពេល​វា​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​ខ្ទេច។

​សេចក្ដី​រាយការណ៍នានា ឱ្យ​ដឹង​ថា ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត បាន​ជិះ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង មិន​មែន​ជា​ប្រភេទ​យន្តហោះ​តូច​ខាង​លើ​ទេ។ បើ​តាម​ប្រភពអន្តរជាតិ វា​បាន​ឱ្យ​ដឹង​ថា ឧទ្ធម្ភាគចក្រ​ដែល​ដឹក​មេដឹកនាំ​អ៊ីរ៉ុង់​នោះ គឺ​ឧទ្ធម្ភាគចក្រ Bell 212

ឧទ្ធម្ភាគចក្រ​ដែល​ដឹក​ប្រធានាធិបតី​អ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​មួយ​ចំនួន​ទៀត បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​បណ្ដាល​ឱ្យមនុស្ស​ស្ថិត​ក្នុង​ឧទ្ធម្ភាគចក្រ​នោះ ស្លាប់​ទាំង​អស់។

ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​បាន​ដក​ស្រង់​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ បាន​រាយការណ៍​ថា ឧទ្ធម្ភាគចក្រ​ដែល​ដឹកនាំ​មេដឹកនាំ​អ៊ីរ៉ង់​រូប​នោះ បាន​ឆាប​ឆេះ​ភ្លាមៗ បន្ទាប់​ពី​វា​ធ្លាក់​ទៅ​លើ​ភ្នំ​មួយ ហើយ​ថា គ្មាន​សញ្ញា​ណា​មួយ​បង្ហាញ​ពី​ការ​វាយ​ប្រហារ​នោះ​ឡើយ។

គ្រោះ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ ដែល​បាន​សម្លាប់​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Hossein Amirabdollahian ​ផង​នោះ បាន​កើត​ឡើង​បន្ទាប់​ពី​មេដឹកនាំ​អ៊ីរ៉ង់​រូប​វិល​ត្រឡប់​ពី​ការចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវទំនប់​វារី​អគ្គិសនី​មួយ​ស្ថិត​នៅ​ប្រទេស​អាហ៊្សែបៃហ្សង់ តំបន់​ព្រំដែន​ភាគ​ខាង​ជើង​ជាមួយ​អ៊ីរ៉ង់។ អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ថត​ដោយ​ដ្រូន​របស់​តួកគី​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ក្រោយ​ធ្លាក់​ឧទ្ធម្ភាគចក្រដែល​បាន​សម្លាប់​មេដឹកនាំ​អ៊ីរ៉ង់​កាល​ពី​ចុង​សប្ដាហ៍​មុន។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​បំណែក​យន្តហោះ​នេះ មិន​មែន​ជា​បំណែក​ឧទ្ធម្ភាគចក្រ​ដឹក​ប្រធានាធិបតី​អ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ដែល​បាន​ធ្លាក់​កាល​ពី​ចុង​សប្ដាហ៍​មុន​នោះ​ឡើយ។ រូបថត​នេះ គឺ​ជា​បំណែក​កន្ទុយ​យន្តហោះ​ធុន​តូច​របស់​អ៊ីរ៉ង់​ដែល​បាន​ធ្លាក់​កាល​ពីខែ​កក្កដា ឆ្នាំ​២០២០​កន្លង​មក។

Avatar

Title:សារព័ត៌មាន​កម្ពុជា​ប្រើ​រូបថត​ចាស់​ចុះ​​ផ្សាយ​ក្នុង​ព័ត៌មាន​អំពី​ការ​​ធ្លាក់​ឧទ្ធម្ភាគចក្រ​សម្លាប់​មេដឹកនាំ​អ៊ីរ៉ង់

Fact Check By:  Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *