វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ផ្ទះ​សម្បែង​ និង​អគារ​ជាច្រើន​ខ្នង​គ្រប​ដណ្ដប់​ និង​វាយ​ប្រហារ​ដោយ​ទឹក​ជំនន់​នោះ​ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា​ ជា​ហេតុការណ៍​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​។​ ការ​អះអាង​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

វីដេអូ​ទឹក​ជំនន់​វាយ​ប្រហារ​ទីក្រុង​មួយ​ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា​ វា​ជា​ទឹក​ជំនន់​វាយប្រហារ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​។​

វីដេអូ​ដែល​ភ្ជាប់​ជាមួយ​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ បាន​បញ្ចេញ​ប្រតិកម្ម​ និង​មតិ​យោបល់​ទៅ​នឹង​វីដេអូ​នេះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ទឹក​ជំនន់​នៅ​អេស៉្បាញ​ សាហាវ​ណាស់​»។​

Facebook Post | Archived Link

វីដេអូ​ឃ្លីប​អះអាង​ដូច​គ្នា​មួយ​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ និង​បង្ហោះ​ចែក​ចាយ​​នៅ​លើបណ្ដាញ​សង្គម​វីដេអូ​ TikTok ផង​ដែរ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​

TikTok Link | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

វីដេអូ​ឃ្លីប​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ X កាល​ពិ​ថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ​២០២៤​កន្លងទៅ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​ ពុំ​បាន​បញ្ជាក់​ថា​ ​ទឹក​ជំនន់​វាយ​បោក​បក់​ទីក្រុង​មួយ​កន្លែងនោះ​​ បាន​កើត​ឡើង​នៅ​ប្រទេស​អេស្ប៉ាញ​នោះ​ឡើយ​។​

ផ្ទុយ​ទៅ​វិញ​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​គ្រោះ​ទឹក​ជំនន់​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​ Al-Qābil ភាគ​ពាយព្យ​នៃ​ប្រទេស​អូម៉ង់​ កាល​ពី​ខែមេសា​ ឆ្នាំ​២០២៤​កន្លង​ទៅ​។​

ប្រទេស​អូម៉ង់​ គឺ​ជា​ប្រទេស​មួយមាន​ទីតាំង​នៅ​ទ្វីបអាស៊ី​ភាគ​ខាង​លិច​ ដែល​មាន​ព្រំប្រទល់​ជាប់​ទៅ​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់​ ប៉ាគីស្ថាន​​ និង​ប្រទេស​យេម៉ែន​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​ វាយ​ប្រហារ​ប្រទេស​អូម៉ង់​នា​ពេល​ថ្មី​ៗ​នេះ​។​

X Post | Archived Link

តាមរយៈ​គេហទំព័រ​សារព័ត៌មាន​ DailyMotion ចុះ​ផ្សាយ​កាល​ពី​៣​ខែ​មុន​ ក៏​បាន​បង្ហាញ​ទិដ្ឋភាព​វីដេអូ​ឃ្លីប​ដូច​គ្នា​ទាំង​ស្រុង​ផង​ដែរ​ ដោយ​បាន​រាយការណ៍​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេសអូម៉ង់​។​

ខាង​ក្រោម​ គឺ​ជា​វីដេអូ​ឃ្លីប​នៃ​ការ​វាយ​ប្រហារ​ដោយ​ទឹក​ជំនន់​នៅ​​ភូមិ​មួយ​ ក្នុង​ប្រទេស​អូម៉ង់​។​

DailyMotion News Report | Archived Link

ដូច​គ្នា​នេះ​ ព័ត៌មាន​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​អូម៉ង់​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​អាកាសធាតុ​ The Weather Channel ផង​ដែរ​ ដែល​បាន​បញ្ជាក់​ថា​ យ៉ាង​ហោច​ណាស់​ មនុស្ស​១៨​នាក់​ រួម​ទាំង​សិស្ស​សាលា​ចំនួន​១០​នាក់​ ត្រូវ​បាន​ទឹក​ហូរ​កាត់​ និង​បាន​ស្លាប់​បាត់​បង់ជីវិត​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​ខ្លាំងជាប់​ៗ​គ្នា​​។​

The Weather Channel Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ វីដេអូ​ដែល​បង្ហាញ​ទឹក​ជំនន់​វាយ​បោក​បក់​ទីក្រុង​មួយ​កន្លែង​ គឺ​មិន​មែន​ជា​ហេតុ​ការណ៍​ទឹក​ជំនន់​កើត​ឡើង​នៅ​ប្រទេស​អេស្ប៉ាញ​នោះ​ឡើយ​។​ ទិដ្ឋភាព​នោះ​ ការ​ពិត​គឺ​ជា​គ្រោះ​ទឹក​ជំនន់​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​ Al-Qābil ភាគ​ពាយព្យ​នៃ​ប្រទេស​អូម៉ង់​ កាល​ពី​ខែមេសា​ ឆ្នាំ​២០២៤​កន្លង​ទៅ​។​

Avatar

Title:វីដេអូ​ទឹក​ជំនន់​មួយ​​ត្រូវ​បាន​ចែក​រំលែក​ថា​ជា​​ទឹក​ជំនន់​ថ្មី​ៗ​នៅ​ក្នុង​​អេស្ប៉ាញ

Fact Check By: Kakada Sim

Result: Misleading