ទន្ទឹម​នឹង​​មាន​ការ​រក​ឃើញ​ឧទ្ធម្ភាគចក្រ​ ដែល​បាន​បាត់​នៅ​ជួរ​ភ្នំ​ក្រវាញ​ ក្នុង​នោះ​ មាន​សំណេរ​អះអាង​បាន​បង្ហោះ និង​ចែក​ចាយ​ជា​ច្រើន​ដង​ដោយអ្នក​ប្រើ​ប្រាស់​​ បាន​លើកឡើង​ថា​ជន​ងគ្រោះ​នៃ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​​ បាត់​កាល​ពី​១៧​ថ្ងៃ​មុន​នោះ​ គឺ​ត្រូវបាន​រក​ឃើញ​ និង​នៅ​រស់​រាន​មាន​ជីវិត​ទាំង​អស់​។​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​ និង​ប្រតិកម្ម​យ៉ាង​ផុសផុល​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​អះអាង​ខាង​លើ​នេះ​ គឺ​​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

ការ​អះអាង​ដ៏​ផុស​ផុល​​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ម្សិល​មិញ​នេះ​ បាន​លើក​ឡើង​ថា​ មន្ត្រី​យោធា​កម្ពុជា​ពីរ​នាក់​ដែល​បាត់​ខ្លួន​ជាមួយ​​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​អស់​រយៈ​ពេល​ជាង​ពីរ​សប្ដាហ៍​មក​ហើយ​នោះ នៅរស់​រាន​មាន​ជីវិត​ទាំង​២​រូប​។​

ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​ បង្ហោះ​សារ​មួយ​នេះ​ ក្រោយ​ពី​មាន​ការ​ប្រកាស​រក​ឃើញ​នូវ​ទីតាំង​ធ្លាក់​​ឧទ្ធម្ភាគចក្រ​​ ដែល​បាន​បាត់​ទៅ​កាល​ពី ​១៧​ថ្ងៃ​មុន​។​ ការ​អះអាង​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀបរាប់​ថា​ «បង​ៗ​ធ្លាក់​យន្តហោះ​បាន​រក​ឃើញ​ហើយ​ នៅ​តំបន់​ភ្នំ​យ៉ាវយ៉ៃ​ គឺ​នៅ​រស់​ទាំង​២​»។​

Facebook Post | Archived Link

ការអះអាង​ស្រដៀង​គ្នា​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ទំព័រ​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​ផង​ដែរ​ ដោយ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ទាំង​២​នាក់​ នៅ​រស់​រាន​មាន​ជីវិត​។​

ខាង​ក្រោម​នេះ​ គឺ​ជា​សំណេរ​ទាំង​ស្រុង​​ដែល​បាន​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វសប៊ុក​ខាង​លើ​​ដែល​រៀបរាប់​ថា “ព័ត៌មាន​ក្ដៅ៖ តាម​រយៈ​ហ្វេសប៊ុក​ឈ្មោះ Sonita Nov បាន​សរសេរ​ Caption ថា៖ បង​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​តំបន់​ភ្នំ​យ៉ាវយ៉ៃ គឺ​នៅ​រស់​ទាំង​២​នាក់ ចម្លើយ​ពី​បង​ប្រុស​បង្កើត​របស់​គាត់”។

Facebook Post | Archived Link

ដូច​គ្នា​នេះ​ ព័ត៌មាន​អះអាង​​ខាងលើ​​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​​យ៉ាង​ទូលំ​ទូលាយ​ ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​​ផង​ដែរ​។​

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ខ្លួន​ តាម​រយៈ​ព័ត៌មាន​ថ្មី​ៗ​ចុង​ក្រោយ​ និង​ការ​ប្រកាស​ជូន​ដំណើរ​ពិ​ក្រសួង​ការពារ​ជាតិ​ផ្ទាល់​។​

ក្រសួង​ការ​ពារ​ជាតិ​នៃ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹងមួយ​ ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ ដែល​បាន​បាត់​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​បាន​បញ្ជាក់​ថា​ «ក្រុម​រុក​រក​ និង​សង្រ្គោះ​របស់​ក្រសួង​ការពារជាតិ​ បាន​រក​ឃើញ​ទីតាំង​នៃ​ការ​ធ្លាក់​នោះ​ហើយ»។​

ការ​បញ្ជាក់​មួយ​បែប​នេះ​ ត្រូវបាន​បង្ហោះ​ និង​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិផ្ទាល់​ នៅ​លើ​បណ្ដា​ញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ប៉ុន្មាន​ម៉ោង​កន្លង​ទៅ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​សេចក្តី​ជូន​ដំណឹង​អំពី​ការ​រកឃើញ​ទីតាំង​នៃ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ ដែល​បាន​បាត់​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០២៤​កន្លង​ទៅ​។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក​ ឈុំ​ សុជាតិ​ ក៏​បាន​បញ្ជាក់​ក្រុម​ការងារ​រុក​រក​ថ្មើរ​ជើង​ កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់ទី​តាំង​ដែល​ឧទ្ធម្ភាគចក្រ​យោធា​ដែល​បាត់​ខ្លួន​ហើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ជូន​ដំណឹង​ពី​សំណាក់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ ​នៅ​លើ​ទំព័រហ្វសប៊ុក​របស់​សារព័ត៌មាន​ កម្ពុជា​ថ្មី​។​

Kampuchea Thmey Daily News Report | Archived Link

តាម​រយៈ​គេហទំព័រ​សារព័ត៌មាន​ Fresh News ដែល​បាន​ចុះ​ផ្សាយ​នា​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២៤​នេះ​ ក៏​បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ថា​ ក្រុម​អ្នក​រុករក​ បាន​ប្រទះ​ឃើញ​សាកសព​អាកាសយានិក​ម្នាក់​ឈ្មោះ​ ខេង​ ឆៃយុទ្ធ​ ដែលបាន​បាត់​ខ្លួន​ជាមួយ​ឧទ្ធម្ភាគចក្រ​ ខណៈ​ម្នាក់​ទៀត​កំពុង​ស្វែង​រក​។

Fresh News Report | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋភាព​ដែល​ក្រុម​យោធា​ស្វែង​រកឃើញ​ឧទ្ធម្ភាចក្រ​ នៅ​ចំណុចលើ​ខ្នង​ភ្នំ​យ៉ាវយ៉ៃ​ ស្ថិត​នៅ​ក្នុង​ឃុំថ្មដា​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​​។​

ក្រុម​ការងារ​ Fact Crescendo Cambodia នឹង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​នេះ​បន្ថែម​ទៀត​នៅ​ពេល​​ដែល​មាន​ការ​បំភ្លឺ​ និង​ប្រកាស​ជា​ផ្លូវការ​ពី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​។​

ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​​ថា ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង បាន​បាត់​ការ​ទាក់​ទង​ជាមួយ​បញ្ជារការដ្ឋាន​កង​ទ័ព​ជើង​អាកាស​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា អំឡុង​ពេល​ហោះ​ហើរ​ហ្វឹក​ហ្វឺន​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ ស្ថិត​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ គិត​ត្រឹម​ថ្ងៃ​ចុះ​ផ្សាយ​នេះ​ អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា អាកាសយានិក​​ ខេង​ ឆៃយុទ្ធ​ បាន​ទទួល​មរណភាព​ហើយ​ ហើយ​អាកាសយានិក​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ដែរ​នោះ​ ​កំពុង​តែ​បាត់​ខ្លួន​នៅ​ឡើយ។​

Avatar

Title:ព័ត៌មានមិនពិតផ្សាយថា អាកាសយានិកនៃឧទ្ធម្ភាគចក្រដែលធ្លាក់នៅរស់ទាំងពីរ

Written By: Kakada Sim

Result: False